ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកតា ភាវ សុខ ២២ឆ្នាំ​ក្នុង​អាជីព​ជាង​រទេះ​ឈើ​លើ​ទឹកដី​អង្គរ
05, Nov 2015 , 11:14 am        
រូបភាព
សៀមរាប៖ នៅ​ឆ្នាំ២០១៥នេះ វា​មាន​អាយុកាល២២ឆ្នាំ​ហើយ ដែល​លោកតា ភាវ សុខ ប្រឡូក​ក្នុង​អាជីព​ជាជាង​ធ្វើ​រទេះ​ឈើ។ កើត​ពី​ការព្យាយាម លោក ភាវ សុខ បានក្លាយ​ជាជាង​រទេះគោ ដែលមាន​ឈ្មោះ​បោះ​សំឡេង នៅក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប។ តើ​លោកតា ភាវ សុខ ចេះ​ធ្វើ​រទេះគោ​ពី​អ្នកណា​មក?



លោកតា ភាវ សុខ បាននិងកំពុង​ល្បីឈ្មោះ លើ​ជំនាញ​ធ្វើ​រទេះ​ឈើ។ រទេះគោ​ឈើ ដែល​ពលរដ្ឋ​ខ្មែរ និង​បរទេស​ផង និយម​យក​តាំង​បង្ហាញ​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ។ របរ​ធ្វើ​រទេះ​ឈើ​លក់ ជា​មុខរបរ​មួយ​យ៉ាងសំខាន់​នៅក្នុង​គ្រួសារ​របស់​អ្នកស្រុក​អង្គរ ក្រៅពី​ការធ្វើ​ស្រែចំការ និង​លក់ដូរ​បន្តិចបន្តួច។

នៅក្រោម​រោង​តូច​មួយ​សង់​នៅមុខ​ផ្ទះ ហ៊ុំព័ទ្ធ​ដោយ​ដើមឈើ​ជុំវិញ នៅ​ទីនោះ​ហើយ ដែល​លោកតា ភាវ សុខ កំពុង​ផ្ចិតផ្ចង់​ធ្វើ​រទេះ​របស់លោក ឲ្យ​ទាន់ពេលវេលា ការបញ្ជាទិញ​ពី​ភ្ញៀវ។ លោកតា សុខ កំពុងកាន់​ពូថៅ​តូច គោះ​ឈើថ្នមៗបញ្ចូល​គ្នា បង្កើតជា​រទេះ​តូច​មួយ។

មាន​សម្បុរ​ស្រអែម ទោះ​សក់ខ្មៅមួយៗលាយ​ស្កូវ​ពេញ​ក្បាល​ក៏ពិតមែន ក៏​មិនអាច​លាក់​ស្នាមញញឹម បុរស​ខ្មែរ​អង្គរ​មួយ​នេះ​បានដែរ។ លោក ភាវ សុខ មាន​ស្រុកកំណើត​នៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប គឺ​នៅ​ខាងជើង​ស្រះស្រង់។ លោក​គឺជា​ចាស់ព្រឹទ្ធាចារ្យ​មួយរូប ដែល​ចេះ​ជំនាញ​ធ្វើ​រទេះ​ឈើ​ដ៏​ចំណាន។ តាមពិតទៅ​វា​មិនមែនជា​រឿង​ចៃដន្យ​នោះទេ ដែល​បុរស​វ័យ ៦៣ឆ្នាំ​រូបនេះ ចេះ​ធ្វើ​រទេះ។ មិនមាន​ប្រវត្តិ​ចេះ​ធ្វើ​រទេះគោ​ធំ លោកតា សុខ បាន​ចំណាយពេល​ជិត​មួយខែ ដើម្បី​រៀនសូត្រ​ពី​ជំនាញ​នេះ។ លោកតា សុខ បន្ត​រម្លឹក​ពី​ប្រ​វ​តិ្ត​នៃ​ការចេះ​ធ្វើ​រទេះ​ថា៖« ខ្ញុំ​ចេះ​ធ្វើ​វា (រទេះ) តាំងពី​ឆ្នាំ៩៣ (១៩៩៣) ដោយ​កាលណោះ​មិន​មានអី​ធ្វើ ក៏​ទៅ​អង្គុយ​មើល​គេ​ធ្វើ​ជិត​មួយខែ»។


រៀន​ចេះ​ហើយ ក៏​មិន​ប្រាកដថា ធ្វើ​ល្អ​នោះដែរ។ ដំបូង​ឡើយ លោកតា សុខ មិនទាន់​ចេះ​ធ្វើ​ក្បាច់​នៅលើ​រទេះ​នោះទេ តែ​ដោយ​ការខិតខំ​ប្រឹងប្រែង ការព្យាយាម គួបផ្សំ​នឹង​ទេពកោសល្យ​ពី​កំណើត​ផង​នោះ ធ្វើ​ឲ្យ​លោក​ច្បា​ស់នឹង​ការងារ​មួយ​នេះ។ រៀន​ពី​ការបរាជ័យ ធ្វើ​ឲ្យ​ក្បួ​រ​ក្បាច់រចនា​របស់លោក​ប្លែក​ពី​ស្នាដៃ​អ្នកដទៃ ដែល​ទាំងនេះ​កើតចេញពី​គំនិត​ច្នៃប្រឌិត​ខ្ពស់​របស់លោក។ «ក្បាច់​អី ខ្ញុំ​មិនដឹងថា​គេ​ធ្វើ​យ៉ាងម៉េច​ទើប​កោង​ស្អាត គឺ​ធ្វើ​អត់​បាន​ដូច​គេ​ទេ តែ​ក្រោយមក ក៏​ចេះតែ​បែក​ខ្លួនឯង»។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោ​កតា សុខ។

ក្នុង​រទេះ​មួយគ្រឿង លោកតា សុខ អាច​លក់​ពី​តម្លៃ៦០ដុល្លារ ទៅ១០០ដុល្លារ តាម​ទំហំ​នៃ​រទេះ​នោះ។ រទេះគោ ដែល​ធ្វើ​ពី​ឈើ​បេង និង​ធ្នង់ របស់​លោកតា សុខ មិនអាច​បំពេញតម្រូវកា​រ តាម​ការបញ្ជាទិញ​រប​ស់​ភ្ញៀវ​នោះបានទេ។ មាន​ទាំង​ភ្ញៀវ​រាយ និង​ភ្ញៀវ​ដែល​យកទៅលក់​បន្ត​នៅ​បន្ទាយស្រី ដែល​មក​ទិញ​រទេះគោ​ពី​លោកតា សុខ។ លោកតា សុខ បាន​រម្លឹកថា មានពេលខ្លះ​នោះ ភ្ញៀវ​បាន​ដណ្តើម​ទិញ​រទេះ​របស់លោក​ផង។


ដើម្បី​បានជា​រទេះ លោកតា សុខ ត្រូវ​ទិញ​ឈើ ដែល​ឈ្មួញ​ឈើ​យកមក​លក់​ឲ្យ​គាត់។ ប្រភេទ​ឈើ​បេង គឺ​គាត់​ទិញ​ក្នុងតម្លៃ១ដុល្លារ ក្នុង​មួយ​គីឡូក្រាម។ ក្រៅពី​រទេះ លោកតា សុខ បាន​ឆ្នៃ​កំណាត់ឈើ ទៅជា​ចង្កឹះ និង​ប្រអប់ ដែល​លោក​អះអាងថា មិនដែល​សល់​នោះទេ។ ក្នុង​ចង្កឹះ​មួយគូ​ធ្វើ​ពី​ឈើ​បេង និង​ធ្នង់ គឺ​លោក​លក់​ក្នុងតម្លៃ១ដុល្លារ និង​ប្រអប់​លក់​ក្នុងតម្លៃ៨ដុល្លារ ទៅ១០ដុល្លារ​ផងដែរ។


ទោះជា​ថ្នឹក​នឹង​ការងារ​នេះ​ក៏ពិតមែន តែ​ក៏​មិន​មានន័យថា រទេះ​មួយ​អាចធ្វើ​លឿន​បាន​នោះដែរ។ ដោយសារ​ធ្វើ​តែម្នាក់ឯង ក្នុង​រទេះ​មួយ លោកតា សុខ ត្រូវ​ប្រើពេល​ចាប់ពី២សប្តាហ៍ ទៅ១ខែ តាម​ទំហំ​រទេះ។ ហើយ​ការងារ​នេះ ទាមទារ​ឲ្យ​មានការ​អត់ធ្មត់​ខ្ពស់បំផុត។

លោកតា សុខ ចេះ​ធ្វើ​រទេះ​ឈើ តាំងពី​លោក​មាន​អាយុ​ត្រឹម៣២ ឆ្នាំ​មក​ម្លេះ។ នៅ​ឆ្នាំនេះ លោក មាន​អាយុ៦៣ឆ្នាំ​ហើយ​ដែរ។ សព្វថ្ងៃ កូនៗរបស់លោក កំពុង​ចាប់​រៀន​ជំនាញ​មួយ​នេះ ដើម្បី​ស្នង​ដំណែង​ក្នុង​ត្រកូល​គ្រួសារ ជាពិសេស​រក្សា​ស្នាដៃ និង​កេរ្តិ៍ឈ្មោះ​របស់​លោកតា សុខ ដែល​ល្បី​លើ​ចំលាក់​ឈើ​នេះ៕







Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com