ជាតិ
សេដ្ឋកិច្ច
ADBផ្តល់​កម្ចី និង​ជំនួយ៦៤លាន​ដុល្លារ កែលម្អ​ប្រព័ន្ធធារាសាស្ត្រ និង​ទប់ស្កាត់​ជំងឺឆ្លង
10, Nov 2015 , 12:40 pm        
រូបភាព
ធនាគារអភិវឌ្ឍន៍អាស៊ី​ADB បា​នស​ម្រ​ច​ផ្តល់​កម្ចី និង​ជំនួយឥតសំណង សរុប៦៤លាន​ដុល្លារ​សម្រាប់​គម្រោង​ចំនួន២នៅ​កម្ពុជា។ ទី១. គម្រោង​កែលំអ​ប្រព័ន្ធធារាសាស្ត្រ ដែលជា​កម្ចី​មាន​ទឹកប្រាក់៦០លាន​ដុល្លារ និង​ទី២. ប្រព័ន្ធ​ទប់ស្កាត់ និង​តាមដាន​ជំងឺគ្រុនចាញ់ ដែលជា​ជំនួយ​ក្នុង​ទឹកប្រាក់៤លាន​ដុល្លារ។



ទឹកប្រាក់​កម្ចី និង​ជំនួយ​នេះ ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី១០ខែវិច្ឆិកា ក្រោម​អធិបតីភាព​លោក  អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ជេន ហា​សេន(Jan Hansen) មន្ត្រី​តំណាង​ADBប្រចាំ​កម្ពុជា។

លោក Hansen បាន​មានប្រសាសន៍ថា៖«គម្រោង​ទាំងពីរ​នឹង​បង្កើន​ផលិតភាព​នៃ​ការ​បង្កបង្កើនផល ក៏ដូចជា​បង្កើន​ចំណូល​របស់​កសិករ​តាមរយៈ​ការកែលំអ​ប្រព័ន្ធធារាសាស្ត្រ និង​ជួយ​រដ្ឋាភិបាល​ពង្រឹង​សេវាកម្ម​សុខាភិបាល​ដើម្បី​បង្ការ​ការឆ្លង​រាលដាល​ជំងឺគ្រុនចាញ់»។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADB ជំនួយឥតសំណង​ចំនួន៤លាន​ដុល្លារ​ទៀត ត្រូវបាន​បែក​ចែក​បន្ថែម​សម្រាប់​កម្ពុជា ក្រោម​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​គម្រោង​ទប់ស្កាត់​ជំងឺឆ្លង​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​ជំ​ហ៊ាន​ទី២ ដែល​ផ្តល់​ដោយ​មូលនិធិ​ត្រាស់​ហ្វា​ន់​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ និង​ជំងឺឆ្លង​ផ្សេងទៀត​ថ្នាក់​តំបន់ នឹង​ពង្រឹង​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ក៏ដូចជា​ពង្រីក​ប្រព័ន្ធ​តាមដាន និង​ឆ្លើយតប​ចំពោះ​ជំងឺគ្រុនចាញ់​ថ្នាក់​តំបន់ ដោយ​ផ្តោតលើ​ស្រុក​តាម​ព្រំដែន និង​ការផ្តោះប្តូរ​ព័ត៌មាន​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។

ចំណែក​ទឹកប្រាក់​កម្ចី៦០លាន​ដុល្លារ គឺ​ប្រើប្រាស់​សម្រាប់​គម្រោង​អភិវឌ្ឍ​ន៏​ប្រព័ន្ធធារាសាស្ត្រ​តំបន់​ខ្ពង់រាប ការគ្រប់គ្រង​វិស័យ​ធនធានទឹក និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក្នុងការ​បង្កើន​ផលិតកម្ម​កសិកម្ម តាមរយៈ​ការ​ស្តារឡើងវិញ និង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ​ដែល​ធន់​នឹង​អាកាសធាតុ ក្នុង​ខេត្តកំពង់ធំ និង​ខេត្តបាត់ដំបង។
បើតាម​ADB តំបន់​បង្កបង្កើនផល​សរុប សម្រាប់​រដូវប្រាំង និង​រដូវវស្សា នឹង​កើនឡើង​ទ្វេ ពី១៣,៥០០ហិច​តា ក្នុង​ឆ្នាំ២០១៥ ដង​ដល់២៩,៥០០ហិច​តា នៅ​ឆ្នាំ២០២១ ហើយ​ប្រព័ន្ធធារាសាស្ត្រ​ចំនួន៣ នឹង​បង្កើន​ប្រសិទ្ធភាព១០០ភាគរយ៕



Tag:
 ADB
 កម្ចី
 ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com