អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តើ Abdelhamid Abaaoud ជា​នរណា​?
20, Nov 2015 , 2:23 pm        
រូបភាព
ដោយ:
 Abdelhamid Abaaoud មេខ្លោង​នៅ​ពីក្រោយ​ការវាយប្រហារ​ភេរវកម្ម​ទីក្រុង​ប៉ារីស​ត្រូវបាន​សម្លាប់​ហើយ ក្នុងការ​វាយឆ្មក់​មួយ​របស់​ប៉ូលិស​បារាំង​នៅឯ Saint Denis កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​រដ្ឋអាជ្ញា​បារាំង លោក Francois Molins ។  ឥឡូវនេះ មេខ្លោង​ត្រូវបាន​សម្លាប់​ហើយ តែ​គេ​នៅតែមាន​ចម្ងល់ ហេតុអ្វី​បានជា​រូបគេ​អាច​ចូលមក​បារាំង​បាន​? ហេតុអ្វី​បានជា​រូបគេ​អាចធ្វើ​សកម្មភាព​ភេរវកម្ម​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​បាន​?

 
Abdelhamid Abaaoud ជនជាតិ​បែលហ្ស៊ិក អាយុ​២៨​ឆ្នាំ មាន​ឪពុកម្តាយ​ដើមកំណើត​ម៉ា​រ៉ុ​ក​។ ឪពុក​របស់ Abaaoud បានធ្វើ​ដំណើរ​ទៅកាន់​បែ​ល​ហ្សិ​កនៅ​ឆ្នាំ​១៩៧៥ និង​បាន​ស្នាក់នៅ​សង្កាត់ Molenbeek ដែលជា​តំបន់​សំបូរ​ជន​មូស្លីម​រស់នៅ​របស់​ទីក្រុង​ប្រ៊ុ​ច​សែ​ល​។ នៅពេលនោះ ជន​មូស្លីម​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​អ្វី​នោះទេ ហើយ​ថែមទាំង​ត្រូវគេ​មើលងាយមើលថោក​ថែម​ទៀតផង​។ ប៉ុន្តែ​អ្វីដែល​ចម្លែក​នោះ គឺ Abaaoud បែរជា​អាច​ចូលរៀន​ក្នុង​សាលា​ល្បីៗ​ដូចជា Collège Saint-Pierre d’Uccle បាន​ទៅវិញ​។​
 
​យ៉ាងណាមិញ វាសនា​របស់ Abaaoud បាន​ប្រែប្រួល​បន្តិច​ម្ដងៗ​។ Abaaoud ត្រូវបាន​សាលា​បណ្ដេញចេញ ដោយសារតែ​ពិន្ទុ​ទាប​និង​មាន​អាកប្បកិរិយា​មិនល្អ​។ រូបគេ​បាន​ចូលរួម​ក្នុង​អំពើ​ឩ​ក្រិ​ដ្ឋ​ក្នុងសង្គម ហើយ​ក៏បាន​ស្គាល់ Ibrahim Abdeslam និង Salah ដែល​ពីរ​ប្អូន​នាក់​នេះ​បាន​ចូលរួម​ក្នុង​អំពើ​ភេរវកម្ម​នៅ​ប៉ា​រី​កាលពី​ថ្ងៃ​សុក្រ តែ Salah កំពុងតែ​រត់គេចខ្លួន​។  ដោយសារតែ​អំពើ​របស់គេ Abaaoud ក៏បាន​ជាប់គុក​មួយរ​យៈ​ពេល​ខ្លី មុនពេល​រូបគេ​ចាកចេញ​ទៅកាន់​ស៊ី​រី​នៅ​ឆ្នាំ​២០១៤​។    
 
​នៅក្នុង​ប្រទេស​ស៊ី​រី Abaaoud បានទទួល​ងារ​ជា “​មេទ័ព​សង្គ្រាម​” ដែលជា​តំណែង​ដ៏​ខ្ពស់​សម្រាប់​អ្នក​ប្រយុទ្ធ​មកពី​អឺរ៉ុប​។ គេ​ជួយ​បង្វឹក​សមាជិក​ថ្មី​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ហើយ​នៅ​ចុង ឆ្នាំ​២០១៤ Abaaoud បានជ្រើសរើស​ប្អូន​របស់ខ្លួន Younes ដែល​ទើប​មាន​អាយុ​១៣​ឆ្នាំ​ឲ្យ​ចូលរួម​ជាមួយ​គេ​ដែរ​។ Younes អាច​ទៅដល់​ស៊ី​រី​យ៉ាង​ស្រួល​និង​គ្មាន​ការសង្ស័យ​អ្វី​ទាំងអស់ ហើយ Younes ត្រូវបាន​ចាត់ទុកជា​អ្នក​ប្រយុទ្ធ​ជី​ហាដ​ក្មេង​បំផុត​មកពី​អឺរ៉ុប​ដែល​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​។​
 
​ក្រោយមក Abdelhamid Abaaoud ក៏បាន​ត្រលប់​ទៅកាន់​ប៊ែ​ល​ហ្សិ​ក​វិញ តែ​គេ​មិន​ច្បាស់​ថា មកដល់​ពេលណា​នោះទេ​។ ជាមួយនឹង​ការ​ត្រលប់​មកវិញ​នេះ Abaaoud បាន​និយាយ​ក្នុងការ​សម្ភាស​​ជាមួយ​ទស្សនាវដ្ដី Dabiq របស់​ក្រុម​រដ្ឋ​ឥស្លាម ថា ព្រះ​អា​ឡា​បានជ្រើសរើស​រូបគេ​ដើម្បី​មក​កម្ទេច​​អឺរ៉ុប​ដែល​ហ៊ាន​ឈ្លានពាន​ទឹកដី​របស់​មូស្លីម ហើយ​ថា ប៊ែ​ល​ហ្សិ​ក ក៏​ជា​អ្នក​ឈ្លានពាន​មួយ​ដែរ​។​
 
​យ៉ាងណាមិញ​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏​នោះ គឺ  Abdelhamid Abaaoud បែរជា​អាច​រត់គេចខ្លួន​បាន​ទៅវិញ បើទោះជា​គេ​ត្រូវបាន​គេ​ដឹង​ពេញ​ប៊ែ​ល​ហ្សិ​ក ថា​ជា​សមាជិក​របស់​ក្រុម​រដ្ឋ​ឥស្លាម​ក៏ដោយ​។ ចំពោះ​រឿងនេះ Abaaoud និយាយប្រាប់​ទស្សនា​វ​ដ្តី Dabiq ថា ធ្លាប់មាន​ប៉ូលិស​ម្នាក់​ឃាត់​ខ្លួនគេ​នៅតាម​ផ្លូវ តែ​ប៉ូលិស​រូបនេះ​បែរជា​មិនអាច​ចំណាំ​រូបគេ​បាន​ទៅវិញ​។ Abaaoud បន្ថែមថា នេះ​ជា​កាដូ​របស់​ព្រះ​អា​ឡា​ដែល​ជួយ​រូបគេ​។ លើសពីនេះទៅទៀត កាលពី​ខែមករា​ដើមឆ្នាំ​នេះ ក្រុម​កុំម៉ង់ដូ​ប៊ែ​ល​ហ្សិ​ក បាន​វាយឆ្មក់​លើផ្ទះ​មួយកន្លែង​ដើម្បី​ចាប់​រូបគេ តែ​ជា​សំណាង Abaaoud នៅតែ​អាច​រត់់​បាន​ដដែល​។​
 
​បន្ទាប់ពី​មកដល់​ប៊ែ​ល​ហ្សិ​ក​ភ្លាម Abaaoud ក៏​ចាប់ផ្ដើម​រៀបចំ​ផែនការ​ភេរវកម្ម​របស់ខ្លួន​។ មន្ត្រី​ប្រឆាំង​ភេរវកម្ម​ប៊ែ​ល​ហ្សិ​ក​ជឿថា Abaaoud មាន​ទំនាក់​ទំនងជា​មួយក្រុម​ភេរវ​ករ​មួយក្រុម​ទៀត​ដែល​បាន​វាយប្រហារ​នៅ​បារាំង​និង​ប៊ែ​ល​ហ្សិ​ក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ជាពិសេស​ការប៉ុនប៉ង​វាយប្រហារ​លើ​រថភ្លើង​ដែល​មិនបាន​សម្រេច កាលពី​រដូវក្ដៅ​កន្លងមក​។ ប៉ុន្តែ​គម្រោងការ​ភេរវកម្ម​របស់ Abaaoud ត្រូវបាន​បំបែក ហើយ រូបគេ​ត្រូវបាន​ជឿថា បាន​ត្រលប់​ទៅ​ស៊ី​រី​វិញ​។ ក្រោយមក​Abaaoud ក៏ត្រូវ​តុលាការ​ប៊ែ​ល​ហ្សិ​ក​កាត់ទោស​កំបាំងមុខ​ពីបទ​រៀបចំ​ភេរវកម្ម​។​
 
​កាលពី​កំឡុង​ខែតុលា បារាំង​ក៏បាន​ធ្វើការ​វាយប្រហារ​លើ​មូលដ្ឋាន​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី ដើម្បី​សម្លាប់ Abdelhamid Abaaoud​។ ហើយក៏​លេចលឺ​ព័ត៌មាន​ចេញពី​គ្រួសារ​របស់ Abaaoud
​ថា រូបគេ​បាន​ស្លាប់បាត់​ហើយ​។ តែ​ព័ត៌មាន​នេះ គឺ​គ្រាន់តែ​ជា​ឩ​បាយ​កល​បង្វែរ​ដាន​ភ្នែក​មួយ​តែប៉ុណ្ណោះ​។ តាមពិត Abaaoud បានមក​ដល់​ប៊ែ​ល​ហ្សិ​ក​បាត់ទៅហើយ តែ​អាជ្ញាធរ​នៅតែ​មិនដឹង​ពី​ដាន​របស់ Abaaoud ដដែល​។ 
 
​ក្នុង​ដំណើរ​លើក​នេះ Abdelhamid Abaaoud បាន​រៀប​ផែនការ​វាយប្រហារ​ក្រុងប៉ារីស​ម្ដង​។ នៅ​ថ្ងៃ​សុក្រ​១៣​វិច្ឆិកា​កន្លងទៅ ក្រុម​ភេរវជន​បាន​វាយប្រហារ​ទីតាំង​ច្រើន​កន្លែង នៅ​ក្រុងប៉ារីស និង​ពហុ​កីឡដ្ឋាន សម្លាប់​មនុស្ស​១២៩​នាក់​។ ជា​ភេរវកម្ម​ធំ​មិន​ធ្លាប់មាន នៅ​បារាំង គិត​៤០​ឆ្នាំ​មកនេះ​។​
 
​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ប៉ូលិស​បារាំង​បាន​បើក​ការវាយប្រហារ​អគារ​មួយកន្លែង នៅ​ក្រុង​សាំង​ដឺ​នី ភាគ​ខាងជើង​ប៉ារីស ក្រោយ​មាន​សាក្សី​ប្រាប់ថា Abdelhamid Abaaoud កំពុងមាន​វត្តមាន​ក្នុងប្រទេស​បារាំង​។ ភេរវជន​បែលហ្ស៊ិក​រូបនេះ​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​រប​ស់​ប៉ូលិស ហើយ​បងប្អូន​ជីដូនមួយ​ស្រី​របស់គេ​ក៏បាន​ស្លាប់​ដែរ ដោយសារ​ធ្វើអត្តឃាត​បំផ្ទុះ​គ្រាប់បែក​។ ប៉ូលិស​បារាំង​បាន​ចាប់ខ្លួន​ជនសង្ស័យ​៨​នាក់​ផងដែរ​។​
 
 

Tag:
 ភេរវកម្ម​នៅ​ប៉ារីស​
  Saint Denis
© រក្សាសិទ្ធិដោយ thmeythmey.com