ជាតិ
​ពលករ​ខ្មែរ​រងគ្រោះ​នៅ​បរទេស​៦៨០​នាក់ ត្រូវបាន​សង្គ្រោះ និង​បញ្ជូនមក​កម្ពុជា​វិញ​
03, Dec 2015 , 8:39 pm        
រូបភាព
ពលករ​ខ្មែរ​ចំនួន​៦៨០​នាក់ ដែល​រងគ្រោះ​នៅតាម​ប្រទេស​នានា ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ជួយសង្គ្រោះ និង​នាំមក​កម្ពុជា​វិញ ដោយ​គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៤ ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។



​កន្លងមក​ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញា​មាន​សមត្ថកិច្ច​នៃ​ម្ចាស់ផ្ទះ ដើម្បី​ជួយ​ដោះស្រាយ និង​បញ្ជូន​ពលករ​ខ្មែរ​ដែល​រងគ្រោះ​ពី​ការបញ្ចុះ​បញ្ចូល​របស់​មេ​ខ្យល់ និង​ក្រុមហ៊ុន​មួយចំនួន ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពលករ​ខ្មែរ​ចំនួន ៦៨០​នាក់​ហើយ ដែល​ត្រូវបាន​ជួយសង្គ្រោះ​ពី​បណ្តា​ប្រទេស​ផ្សេងៗ ដោយ​គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៤ ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ នេះ​ជាការ​អះអាង​របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក មឿ​ន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហគមន៍​។​

​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពលករ​ខ្មែរ​ទាំងនោះ ភាគច្រើន​ចាញ់បោក​ការ​លួងលោម​របស់​មេខ្យល់ និង​ក្រុមហ៊ុន​ឯកជន ហើយ​ការចាញ់បោក​មេខ្យល់ មាន​ចំនួន​ច្រើនជាង​ការចាញ់បោក​ក្រុមហ៊ុន​»​។​

​របាយការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បញ្ចេញ​នៅ​ថ្ងៃទី​១ តុលា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ទាំង​៦៨០​នាក់​នោះ ត្រូវបាន​ជួយសង្គ្រោះ​នៅតាម​បណ្តា​ប្រទេស​ចំនួន​៨​ចន្លោះ​ឆ្នាំ​២០១៤ និង​២០១៥ ។ ពលករ​ខ្មែរ​រងគ្រោះ ដែល​ត្រូវបាន​ជួយសង្គ្រោះ​ក្នុងប្រទេស​ទាំងនោះ គឺ ប្រទេស​ចិន ចំនួន​១៣៦​នាក់​, ប្រទេស​ម៉ាឡេស៊ី ចំនួន​៧២​នាក់​, ប្រទេស​ឥណ្ឌូនេស៊ី ចំនួន​៦៤​នាក់​, ប្រទេស​វៀតណាម ចំនួន​១១​នាក់​, ប្រទេស​ប្រុយ​ណេ ចំនួន​៧​នាក់​, ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ចំនួន​៩​នាក់​, ប្រទេស​ប៉ា​ពូ​ញ៉ូ​ហ្គី​ណេ ចំនួន​៦​នាក់ និង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ចំនួន​១​នាក់​។​

​ក្នុង​របាយការណ៍​នោះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ ក៏បាន​បង្ហាញ​ការខិតខំ​របស់ខ្លួន​ក្នុងការ​ជួ​យស​ម្រូ​ល​ពលករ​ខ្មែរ ឲ្យ​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​តាមរយៈ​អនុស្សារណៈ (MOU) ចំនួន​១៩៧១២៥​នាក់ ផងដែរ ក្រៅពី​បង្ហាញ​ការ​រ​ជួយសង្គ្រោះ​ពលករ​ខ្មែរ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ ជាងនេះទៅទៀត ស្ថា​ប័​នេះ​ក៏បាន​អះអាងថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​ស្រះកែវ បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន ដូចជា ដោះស្រាយ​ការរំលោភបំពាន​លើ​ពលករ​ខ្មែរ​, ផ្តល់​ការគាំទ្រ​ផ្នែក​ច្បាប់​, ទាមទារ​សំណង​ផ្សេងៗ និង​ជួយ​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​។​

​សូម​រម្លឹកថា ទាក់ទង​នឹង​ការ​ចំណាកស្រុក​របស់​ពលក​រ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ តែង​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ស្ត្រី​ដែល​ងាយ​រងគ្រោះ គួរ​ស្វែងរក​ការងារ​ដែលមាន​ស្រាប់​ក្នុងស្រុក ជាជាង​ការ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ ដើម្បី​ចៀសវាង​ការ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ និង​អាច​ជួប​គ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន​៕


Tag:
 ពលករ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com