អន្តរជាតិ
អាមេរិក ៖ ការតុបតែងជ្រុលសម្រាប់បុណ្យណូអែល អាចធ្វើឲ្យគ្រួសារមួយត្រូវពិន័យ ២៥ ម៉ឺនដុល្លារក្នុងមួយថ្ងៃ
× សាលាក្រុង Plantation នៃរដ្ឋ Florida សហរដ្ឋអាមេរិក បានស្នើឲ្យគ្រួសារមួយរុះរើការតុបតែងលម្អខ្លះៗរបស់ខ្លួនសម្រាប់បុណ្យណូអែល ដោយសារតែវាធ្វើឲ្យក្រុងត្រូវរវល់នឹងការតុបតែងនេះដែរ។
តាមពិតទៅ ការតុបតែងដោយភ្លើងពណ៌ចម្រុះនៃគេហដ្ឋានរបស់គ្រួសារមួយនេះ គួរតែជាអំណោយដល់ក្រុងសម្រាប់បុណ្យណូអែលទៅវិញទេ។ ជារៀងរាល់ឆ្នាំ គ្រួសារ Hyatt តែងតែតុបតែងដោយអំពូលភ្លើងពណ៌ និងគ្រឿងលម្អផ្សេងៗទៀត តាំងពីលើដំបូលផ្ទះរហូតដល់បរិវេណផ្ទះរបស់ខ្លួន ពេញមួយខែតែម្តង។ ការតុបតែងនេះតែងតែទាក់ទាញអ្នកទស្សនាជាច្រើនឲ្យចូលមកក្នុងគេហដ្ឋាននេះ។ ហេតុនេះ សាលាក្រុងប្តឹងគ្រួសារនេះថា បានធ្វើឲ្យកកស្ទះផ្លូវ ហើយសាលាក្រុងត្រូវឲ្យប៉ូលិសសម្រួលចរាចរណ៍ ដែលនេះគឺជាការចំណាយរបស់សាលាក្រុង។ ការតស៊ូក្តីនេះមានរយៈពេលជាច្រើនឆ្នាំមកហើយ ដោយគ្រួសារនេះយល់ថា ខ្លួនមានសិទ្ធិធ្វើអ្វីក៏បាននៅក្នុងបរិវេណផ្ទះរបស់ខ្លួន។
គ្រួសារនេះអាចនឹងត្រូវផាកពិន័យជាទឹកប្រាក់ចំនួន ២៥ ម៉ឺនដុល្លារក្នុងមួយថ្ងៃ ហើយសាលាក្រុងអាចនឹងបិទផ្លូវទៅកាន់លំនៅដ្ឋាននេះតែម្តង។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ គ្រួសារនេះតែងតែឆ្លៀតឱកាសប្រមូលថវិកាមួយចំនួនពីអ្នកចូលទស្សនាផ្ទះរបស់ខ្លួន សម្រាប់ជួយប៉ូលិសក្នុងតំបន់ ភ្នាក់ងារពន្លត់អគ្គិភ័យ និងអង្គការសប្បុរសធម៌ផ្សេងៗទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com