អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រិ​ក​ត្រៀម​បោះឆ្នោត​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​ផ្លូវការ
22, Dec 2015 , 5:13 pm        
រូបភាព
 
​សភា​ក្រិ​ក​ នឹង​បោះឆ្នោត​សម្រេច​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​ផ្លូវការ​ នៅ​ថ្ងៃ​អង្គារ​នេះ ស្រប​ពេលដែល​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​ លោក ម៉ា​មូ​ត អាបាស (Mahmoud Abbas) ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ក្រិ​ក​នេះ​។ ការត្រៀម​ប្រកាស​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន កើតឡើង​ក្រោយ​នាយករដ្ឋមន្ត្រី​ក្រិ​ក ​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​អ៊ីស្រាអែល​។ 


សូមស្តាប់ព័ត៌មានដូចតទៅ៖



​ថ្ងៃ​អង្គារ​ទី ២២ ខែធ្នូ​នេះ សភា​ក្រិ​ក​នឹង​បោះឆ្នោត​ត្រួសត្រាយ​ផ្លូវ ដល់​រដ្ឋាភិបាល​ក្រុង​អាថែន ដើម្បី​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​ផ្លូវការ​។ ការបោះឆ្នោត និង​ការជជែក​ដេញដោល​គ្នា​ពាក់ព័ន្ធ​ការទទួលស្គាល់​ប៉ា​ឡេ​ស្ទី​ន​ ក្នុងចំណោម​សមាជិកសភា​ក្រិ​ក​នេះ ​កើតមានឡើង​ស្របពេល​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក ម៉ា​មូ​ត អាបាស មក​ទស្សនកិច្ច​នៅ​ក្រិ​ក​ចំនួន​២​ថ្ងៃ​។ លោក​ក៏​នឹង​ឡើង​ថ្លែង​សុន្ទរកថា​នៅក្នុង​សភា​ក្រិ​ក​ផងដែរ​។ 
 
​នាយករដ្ឋមន្ត្រី​ក្រិ​កលោក Alexis Tsipras    បាន​ជួប​ជជែក​ពិភាក្សា​ ជាមួយ​ប្រមុខរដ្ឋ​ប៉ា​ឡេ​ស្ទី​ន កាលពី​ថ្ងៃ​ចន្ទ​​ផងដែរ​។ ការបោះឆ្នោត​នេះដែរ កើតមាន​ក្រោយ​គណៈកម្មាធិការ​កិច្ចការបរទេស​សភា​ បានសម្រេច​បោះឆ្នោត​អនុម័ត​ ញ្ញត្តិ​បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​ក្នុង​សភា​ ដើម្បី​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​ផ្លូវការ​តែម្តង​។ 
 
​រដ្ឋាភិបាល​ក្រិ​ក​បានបង្ហាញ​ជំហរ​មួយ​ ដោយ​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ដែល​កំណត់​យក​ទឹកដី​រដ្ឋ​នេះ​ភាគច្រើន​ ត្រូវបាន​អ៊ីស្រាអែល​កាន់កាប់​ពី​ឆ្នាំ ១៩៦៧ ។ ប៉ុន្តែ​ដំណោះស្រាយ​ដែល​អនុម័ត​ដោយ​សភា​ក្រិ​ក​ មិនមាន​អំណាច​ចាប់បង្ខំ និង​មិនអាច​ផ្តល់​ការទទួលស្គាល់​ពេញលេញ​តាមផ្លូវ​ច្បាប់ ​ដល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ឡើយ​។ តែ​យ៉ាងហោចណាស់​ វា​ជា​សញ្ញា​វិជ្ជមាន និង​បង្ហាញ​ច្បាស់​ពី​ជំហរ​របស់​ក្រិ​ក ​ចំពោះ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។​
 
​កន្លងមក​សភា អឺរ៉ុប​ក៏បាន​អនុម័ត​ដំណោះស្រាយ​ស្រដៀង​គ្នា​នេះដែរ ហើយ​រដ្ឋ​អឺរ៉ុប​ជាច្រើន​មាន​ទាំង​ស៊ុយអែត អង់គ្លេស ជាដើម​បានសម្រេច​បោះឆ្នោត​ប្រកាស​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​ផ្លូវការ​។ ទំនោរ​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ​កើតឡើង​ក្រោយ​ជម្លោះ​អ៊ីស្រាអែល​ និង​ប៉ា​ឡេ​ស្ទី​ន​ផ្ទុះឡើង​កាន់តែខ្លាំង រហូត​អ៊ីស្រាអែល ​ទម្លាក់​គ្រាប់​ប្រឆាំង​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​កា​ហ្សា​ ស្លាប់​អស់​ជាច្រើន​ពាន់​នាក់​នៅ​អំឡុង​ខែកក្កដា​ឆ្នាំមុន​។  
 
​កាលពី​ថ្មីៗ​នេះដែរ​ទង់ជាតិ​ប៉ា​ឡេ​ស្ទី​ន ត្រូវបាន​គេ​បង្ហូត​ឡើងជា​លើកដំបូង​បំផុត​នៅ​ស្ថាប័ន​អង្គការសហប្រជាជាតិ ហើយ​ការ​បង្ហូតទង់ជាតិ​ឡើង​នេះ​ជា​ក្តីសង្ឃឹម​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​ពលី​ជីវិត​ដើម្បី​ឯករាជ្យ​ និង​បូរណភាព​ទឹកដី​របស់ខ្លួន​អស់​រាប់​ទសវត្ស​ន៍​មកហើយ​នោះ​៕ 
 

Tag:
 ក្រិ​ក​
  ប៉ា​ឡេ​ស្ទី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com