អន្តរជាតិ
ឥណ្ឌា​ត្រូវការ​ថាមពលនុយក្លេអ៊ែ​រ​និង​អាវុធ​រុស្ស៊ី​ដើម្បី​ពង្រឹង​ឥទ្ធិពល​
22, Dec 2015 , 8:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី (Narendra Modi) អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​រុស្ស៊ី​ចាប់ពី​ទី​២៣ ស្អែក​នេះ​។ វត្តមាន​ប្រមុខ​រដ្ឋាភិបាល​ក្រុង​ដេលី ក្នុង​កិច្ចប្រជុំ​រុស្ស៊ី​ឥណ្ឌា បង្ហាញ​ពី​ការពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​ រវាង​មហា​យក្ស​អាស៊ី​ខាងត្បូង ​ជាមួយ​មហាអំណាច​រុស្ស៊ី។ ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​ជាច្រើន ​ទាំង​ការទិញ​លក់​សព្វាវុធ វិស័យ​ថាមពលនុយក្លេអ៊ែរ​ និងវិស័យសេដ្ឋកិច្ច​ផង​។ យ៉ាងណាក៏ដោយ ឥណ្ឌា​កំពុង​ត្រូវការ​អាវុធ ​ដើម្បី​ពង្រឹង​សន្តិសុខក្នុងនាម​ជា​មហាអំណាច​តំបន់ ​ស្រប​ពេលដែលប្រទេស​នេះ ​ស្រេកឃ្លាន​ថាមពល​ដើម្បី​ជំរុញ​និរន្តរភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​លើកដំបូង​បំផុត​ទៅកាន់​រុស្ ស៊ី​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃស្អែក​នេះ​។ គោលបំណង​សំខាន់​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នេះ ​គឺ​ចូលរួម​កិច្ចប្រជុំ​កំពូល​រុស្ស៊ី​-​ឥណ្ឌា​លើក​ទី​១៦ ដែល​កិច្ចប្រជុំ​នេះ ​កាលពី​ឆ្នាំមុន​ត្រូវបាន​រៀបចំឡើង​នៅ​ឥណ្ឌា​។ កាលពី​ឆ្នាំមុន គ្រាន់តែ​ជួបប្រជុំគ្នា​មិន​ដល់​២៤​ម៉ោង​ផង មេដឹកនាំ​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាង២០ ដែលមាន​តម្លៃ​មិនតិចជាង​១០០​ពាន់​លាន​ដុល្លារ​ឡើយ ហើយ​ភាគី​ទាំងពីរ​ បន្ត​ឯកភាពគ្នា​ដើម្បី​ចរចា​រ​លើ​បញ្ហា​ជាច្រើន ​ដែល​អាច​ពង្រឹង​ទំនាក់ទំនង​ និង​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​។​

ទស្សនកិច្ច​លើកនេះ ក៏មានកិច្ចព្រមព្រៀង​មិនតិច​ដែរ ដែល​លោក នា​រិ​ន្ទ្រា​ម៉ូ​ឌី និង​លោកពូទីន​ត្រៀម​ចុះ​រួមគ្នា​។ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពលនុយក្លេអ៊ែរ និង វិស័យ​ការពារជាតិ ក្លាយជា​ប្រធានបទ​សំខាន់​ជាងគេ​ ក្នុង​កិច្ចប្រជុំ​លើក​នេះ​។ ចំណែក​ចំណង​សេដ្ឋកិច្ច​ទ្វេភាគី ​ក្លាយជា​រឿង​បន្ទាប់បន្សំ​។

១.​ឥណ្ឌា​ត្រូវការ ថាមពលនុយក្លេអ៊ែរ​ដើម្បី​និរន្តរភាព​សេដ្ឋកិច្ច និង​អាវុធ​ដើម្បី​រក្សា​សន្តិសុខ
​គេ​វាយតម្លៃ​ជាមុន​ថា រឿង​សំខាន់បំផុត​ក្នុង​ដំណើរ​នេះ ​គឺ​ការបញ្ជាទិញ​ស​ព្វា​វុ​ធ​ច្រើន​ប្រភេទ​ ក្នុង​ទំហំ​ទឹកប្រាក់​ច្រើនជាង៧​ពាន់​លាន់​ដុល្លារ​អាមេរិក និង​ការសម្រេច​កិច្ចព្រមព្រៀង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ ប្រើ​សម្រាប់​ប្រយោជន៍​ស៊ីវិល។ តាមពិតទៅ​ឥណ្ឌា​ កំពុង​ស្រេកឃ្លាន​ថាមពល​ខ្លាំង​ជាង​អ្វីៗ​ទាំងអស់ ព្រោះ​មហា​យក្ស​អាស៊ី​ខាងត្បូង​មួយ​នេះ​ប្រឈម​បញ្ហា​ច្រើន​ ជាពិសេស​កង្វះ​ថាមពល ស្រប​ពេលដែល​សេដ្ឋកិច្ច​ខ្លួន​កំពុងមាន​សន្ទុះ​។ ​ឥណ្ឌា​ត្រូវការ​ការសហការ​ និង​បច្ចេកវិទ្យា​សម្រាប់​សង់រោង​ចក្រ​ថាមពលនុយក្លេអ៊ែរ​។

បើ​យោងតាម​សារព័ត៌មាន​ឥណ្ឌា Economic Times ក្នុង​ដំណើរ​ទស្សនកិច្ចនេះ ​ឥណ្ឌា​នឹង​ផ្តល់​ទីតាំងនៅ Andhra Pradesh សម្រាប់​ក្រុមហ៊ុន​រុស្ស៊ី​ សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ ប្រហែល៥​ទៅ​៦ រឿង​ដែរ​។ រោងចក្រ​នេះ​នឹង​ជួយឲ្យ​ឥណ្ឌា ដែល​កំពុង​ងើបឡើង​ក្នុងនាម​ជា​មហាអំណាច​អាស៊ី​ខាងត្បូង អាច​ទាញ​វិនិយោគទុន ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ បង្កើន​ផលិតកម្ម និង​ធ្វើ​ឧស្សាហូបនីយកម្មថែមទៀត​។

​ចំណែក​រឿង​មួយទៀត ​គឺ​ការ​នាំចូល​អាវុធ​ពី​រុស្ស៊ី ​ក្នុងតម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ​ឥណ្ឌា​ប្រឹង​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ ធ្វើ​ទំនើបកម្ម​យោធា ដោយ​នាំ​អាវុធ​ចូល​ផង ជំរុញ​ការផលិត​អាវុធ​ក្នុងស្រុក​ផង​។ លើក​នេះ​ ឥណ្ឌា​នឹង​នាំចូល​អាវុធ​ការពារ​ដែនអាកាស​ស៊េរី S-400 ប្រហែល​៥​គ្រឿង​ពី​រុស្ស៊ី ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​ដែនអាកាស​ផងដែរ​។

​មូលហេតុ​នៅ​ពីក្រោយ​ការពង្រឹង​អំណាច​យោធា​របស់​មហាអំណាច​ឥណ្ឌា  ក្រៅពី​ជួយ​លើកមុខ​មាត់​ខ្លួន​ជា​មហាអំណាច ឥណ្ឌា​ក៏​កំពុង​ប្រឈម​បញ្ហា​សន្តិសុខ​ច្រើន​ដែរ​។ បញ្ហា​ព្រំដែន​ជាមួយ​មហាអំណាច​នុយក្លេអ៊ែរ​ប៉ា​គី​ស្ថាន បញ្ហា​ជម្លោះព្រំដែន​ជា​មហា​យក្ស​ចិន ហើយ​មកទល់ពេលនេះ មាន​កំណើន​ចលនា​ភេរវជន​ ទាំង​ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន និង​វត្តមាន​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ និងនៅ​អាស៊ី​ខាងត្បូង​ទៀត​។ ហេតុផល​នេះ ​វា​គ្រប់គ្រាន់​សម្រាប់​ឥណ្ឌា ក្នុងការ​នាំចូល​អាវុធ​ ដើម្បី​ពង្រឹង​សន្តិសុខ​របស់ខ្លួន​។​

២.​រុស្ស៊ី​-​ឥណ្ឌា​កាន់តែ​ស្និទ្ធ តែ​ចំណង​សេដ្ឋកិច្ច​នៅ​ទន់ខ្សោយ
​ត្រលប់​មកវិញ ថ្វីបើ​ការធ្វើ​ពាណិជ្ជកម្ម​អាវុធ ​និង​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល មានការ​កើនឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ចំណង​សេដ្ឋកិច្ច​មហាអំណាច​ទាំងពីរ​ នៅ​ទន់ខ្សោយ​នៅឡើយ​។ បើ​យោងតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​ឥណ្ឌា គិត​ត្រឹម​ឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​រួម​រវាង​ឥណ្ឌា​និង​រុស្ស៊ី​មាន​ប្រហែល​១០​ពាន់​លាន​ប៉ុណ្ណោះ ដែល​ទំហំ​នេះ​តូច​ណាស់​។ បើតាម​ជាក់ស្តែង ឥណ្ឌា​និង​រុស្ស៊ី​ សមាជិក BRIC និង​ជា​សមាជិក​អង្គការ​តំបន់​ឯទៀត​ដូចជា អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​គួរតែ​ធំ​ជាង​នេះ​។
 
​យ៉ាងណាមិញ គេ​សង្កេតឃើញ​ទំនាក់ទំនង​ទ្វេភាគី ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​ឡើង ហើយ​ឥណ្ឌា​បន្ត​រក្សា​ភាព​អ​ព្យា​ក្រឹត្យ​របស់ខ្លួន ដោយ​មិន​បញ្ចេញយោបល់​អ្វី​ទេ ​ជុំវិញ​ការ​ក្រសោប​យក​ទឹកដី Crimea  ពី​អ៊ុយ​ក្រែ​ន​កន្លងមក​។ ប៉ុន្តែ​ការវិវត្ត​នៃ​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ ក៏​ធ្វើ​ឲ្យ​ប្រទេសជិតខាង​ឥណ្ឌា ​និង​ប្រទេស​មហាអំណាច​ដូចជា​សហរដ្ឋអាមេរិក ​មិន​សប្បាយចិត្ត​ប៉ុន្មាន​ឡើយ​។ ចិន និង​ប៉ា​គី​ស្ថាន មិន​ពេញចិត្ ត​ព្រោះ​ការ​កើន​អំណាច​យោធា​របស់​ឥណ្ឌា ​នឹង​បង្ក​ការគំរាមកំហែង​ផ្នែក​សន្តិសុខ និង​ប៉ះពាល់​ដល់​នយោបាយ​ ពង្រីក​ឥទ្ធិពល​នៅ​អាស៊ី​ខាងត្បូង ​និង​អាស៊ី​កណ្តាល​។ ចំណែក​ក្រុង​វ៉ា​ស៊ី​តោន មិន​ចង់​ឲ្យ​មហា​យក្ស​ប្រជាធិបតេយ្យ ងាក​ទៅ​ស្អិតល្មួត​ជាមួយ​រុស្ស៊ី​ទេ ព្រោះ​បើ​ឥណ្ឌា​ងាក​រក​រុស្ស៊ី​មែន ក្រុង​វ៉ាស៊ីនតោន​ នឹង​បាត់​មិត្ត​ស្មោះត្រង់​មួយ​ ដែល​ចាំ​ជួយ​រក្សា​អំណាច​ខ្លួន​នៅ​អាស៊ី​។   

​ប៉ុន្តែ​គេ​ត្រូវ​យល់ថា ថ្វីត្បិតតែ​សម្រេចចិត្ត​ទិញ​អាវុធ​ពី​រុស្ស៊ី​ ច្រើន​ពាន់​លាន​ដុល្លារ​រាល់​ឆ្នាំមែន ឥណ្ឌា​ដែលជា​ស្ថាបនិក​ក្រុម​រដ្ឋ​មិន​ចូលបក្ស​សម្ព័ន្ធ​នោះ ប្រាកដជា​នៅ​បន្ត​រក្សា​ជំហរ​របស់ខ្លួន​ជា​រដ្ឋ​អ​ព្យា​ក្រឹត្យ​។ ​គោលនយោបាយ​រដ្ឋបាល​ថ្មី​របស់លោក នា​រិ​ន្ទ្រា ម៉ូ​ឌី និយាយ​ជារួម មាន​ទំនោរ​ទៅរក​មហាអំណាច​ទាំងអស់ ​មិន​ថាអាមេរិក រុស្ស៊ី ចិន អឺរ៉ុប និង​អាស៊ីអាគ្នេយ៍ឡើយ ហើយ​បើ​និយាយ​ឲ្យ​ខ្លី​ គឺ​អ្នកណា​ក៏ដោយ​ក៏​ជា​មិត្ត​ឥណ្ឌា​៕


© រក្សាសិទ្ធិដោយ thmeythmey.com