ជាតិ
សេដ្ឋកិច្ច
ចំណូល​ពី​អង្គរ​ច្រើនតែ​អ្នក​សៀមរាប​នៅតែ​ក្រ​
15, Jan 2016 , 8:39 am        
រូបភាព
ដោយ:
​សៀមរាប​៖ ក្រុង​សៀមរាប​នៃ​ខេត្តសៀមរាប​ជា​ក្រុង​ទេសចរណ៍​ដ៏​ធំ​សម្បើម​របស់​ប្រទេស​កម្ពុជា​។ សំណង់ អាគារ​នានា​កំពុង​កើនឡើង​នៅក្នុង​ក្រុង​បុរាណ​មួយ​នេះ​។ ប្រាក់​រាប់សិប​លាន​ដុល្លារ ក៏បាន​ហូរ​ចូល​ក្រុង​នៃ​ប្រាង្គ​ប្រាសាទ​ដ៏​ល្បីល្បាញ​នេះ​ជា​រៀងរាល់ឆ្នាំ តាមរយៈ​ការ​មក​ទស្សនា​របស់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​។​



​ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ឆ្ងាយ​ពី​ក្រុង​នេះ​ប្រមាណ​ជាជាង ២០​គីឡូម៉ែត្រ មិនបាន​ដឹងឮ​ពី​ប្រាក់​ដុល្លារ​ដែល​ហូរ​ចូលក្នុង​ទឹកដី​កំណើត​របស់​ពួកគេ ខណៈដែល​ពួកគេ កំពុង​រស់នៅក្នុង​សភាព​តោកយ៉ាក និង​ពុំបាន​ខ្វាយខ្វល់​ពី​ប្រាក់ចំណូល​ទាំង​នេះឡើយ​។ ប្រាក់ចំណូល​សំខាន់​មួយ ដែល​ចូលមកក្នុង​ខេត្តសៀមរាប​រាល់ថ្ងៃ​នោះ គឺ​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត​។​

​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បានរស់នៅ​ក្រៅ​ក្រុង​សៀមរាប ជាច្រើន​ឆ្នាំ​មកហើយ​នោះ និយាយថា ពួកគេ​បាន​ផ្តោត​តែ​លើ​ការរក​ទទួលទាន​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។​

​អង្គុយ​លើ​អង្រឹង​ក្រោមផ្ទះ ដែល​យក​ធាងដូង​ធ្វើជា​ជញ្ជាំង អ្នកស្រី តន់ សា​ម៉ី​ត វ័យ ៥២ ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង ជា​ម្តាយកូន​២​នាក់​និយាយប្រាប់ វី​អូ​អេ​ថា អ្នកស្រី​បានរស់នៅ​ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប អស់​រយៈពេល ជិត​២០​ឆ្នាំ​មកហើយ ប៉ុន្តែ​អ្នកស្រី​មិនដែល​ចំណាយពេល​គិតដល់​ប្រាក់ចំណូល​ដែល​មកពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គ​វត្ត​នោះឡើយ​។ អ្នកស្រី​និយាយថា​៖

«​ខ្ញុំ​វា​ខ្ជិល​នឹង​តាមដាន ព្រោះ​អ្វី​វា​ស្មុគស្មាញ ត្រង់​ខ្លួន​យើង វា​ខ្លាច​តែ​ចិញ្ចឹម​កូន​មិន​រស់​ផង កំ​ព្រី​កំព្រា​កម្សត់កម្រ វា​អត់​បាន​សូវ​ជា​ចាប់អារម្មណ៍​នឹង​រឿង​ព័ត៌មាន រវល់​តែ​ចាប់អារម្មណ៍​រឿង​ខ្លាច ព្រួយចិត្ត​តែ​ចិញ្ចឹម​កូន​»​។​

​អ្នកស្រី​ថ្លែង បន្តថា អាជ្ញាធរ​ថ្នាក់ភូមិ​ឃុំ ពុំបាន​ផ្តល់ដំណឹង ទាក់ទិន ប្រាក់ចំណូល​បានមកពី​ការលក់​សំបុត្រ ឲ្យ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត​ផងដែរ​។ ជា​ម្តាយ​ដែល​មានកូន​ចំនួន​ពីរ​នាក់ អ្នកស្រី តន់ សា​ម៉ី​ត និយាយ​បញ្ជាក់ថា ចំណូល​ដែល​ទទួល​បានមកពី​អ្នក​ទេសចរណ៍​នោះ មិនបាន​ជួយ​ឲ្យ​ជីវភាព​អ្នកស្រី​ល្អប្រសើរ​នោះទេ ព្រោះ​សូម្បីតែ បន្ទប់ទឹក​មួយ ឬ​បង្គន់​ក៏​អ្នកស្រី​ពុំមាន​ប្រើ​ផង​នោះ​។ អ្នកស្រី​ពន្យល់ថា អាជ្ញាធរ​ភូមិ​ឃុំ​បាន​ត្រឹម​ផ្តល់​សម្ភារៈ​សម្រាប់​សាងសង់ តែ​មិនបាន​សង់​ឲ្យ​នោះទេ​។

«​និយាយ​រួម​ទៅ បន្ទប់ទឹក គេ​ឲ្យ ហើយ​គេ​ឲ្យ​យើង ចេញ​លុយ​ធ្វើ​ប៉ុណ្ណោះឯង​។ គេ​គ្រាន់តែ​ឲ្យ​គ្រឿង ដូចជា ឆ្នាំង​បង្គន់ ឆ្នាំង​អី អា​ហ្នុ​ង​គេ​ឲ្យ​»​។​

​អ្នក​ទេសចរណ៍​អន្តរជាតិ​ចំណាយ ២០​ដុល្លារ អាមេរិក ក្នុង​មួយ​នាក់​សម្រាប់​ការចូល​មើល​សួន​ប្រាង្គ​ប្រាសាទបុរាណ​មាន​លក្ខណៈ​ស្មុគស្មាញ ក្នុង​ក្រុង​សៀមរាប​ក្នុង​រយៈពេល​មួយថ្ងៃ​។ អ្នក​ទេសចរណ៍​មាន​កម្រិតជីវភាព​មធ្យ​ម​ក៏ត្រូវ​ចំណាយ មិនតិចជាង ៣០​ដុល្លារ​លើ​ការហូបចុក និង​ស្នាក់នៅ​របស់គេ​ដោយ​មិនទាន់​រាប់បញ្ចូល ការចំណាយ​របស់​អ្នក​ទេសចរណ៍​ដែលមាន​លុយកាក់​ច្រើន​។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់ របស់លោក មាស នី អ្នកសិក្សា​ការអភិវឌ្ឍ​សង្គម​ឯករាជ្យ​។​

​លោក មាស នី ទទួលស្គាល់ថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​តំបន់​អង្គរ ឬ​នៅក្រៅ​ក្រុង​សៀមរាប មាន​ជីវភាព​ក្រលំបាក​ជាងគេ បើ​ធៀប​ទៅនឹង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បើទោះជា​ខេត្ត​នេះ​ទទួលបាន​ចំណូល​បានមកពី​ការលក់​សំបុត្រ​សម្រាប់​ការចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​របស់​អ្នក​ទេសចរណ៍​អន្តរជាតិ​ក៏ដោយ​។​

​លោក​និយាយថា​ចំណូល​ប្រមូល​បានមកពី​ការលក់​សំបុត្រ​នេះ ត្រូវបាន​បញ្ជូនទៅ​កន្លែង​ប្រមូល​ចំណូល​ថ្នាក់កណ្តាល​របស់​ជាតិ​មុន ទើប​បែងចែក​ត្រឡប់មក​ថ្នាក់ក្រោម​វិញ ដែល​នេះ​បញ្ច្រាស​ពី​ការអនុវត្ត​របស់​ប្រទេស​ក្បែរ​ខាង​កម្ពុជា និង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​រួមមាន ប្រទេស​ម៉ាឡេស៊ី​ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​នៅក្នុង​ប្រទេស​គេ​ដទៃ គឺ​គេ​តែងតែមាន គេ​ហៅថា មាន​ជាគោលការណ៍​មួយ ដោយ​គិត​អំពី​ការ​ដកយក ផ្នែក​ណាមួយ​ដែលជា​មាន​ជាគោលការណ៍ គោលនយោបាយ​ត្រឹមត្រូវ​។ ឧទាហរណ៍​ថា ដក​ជា​ភាគរយ នៃ​ប្រាក់ចំណូល​ពី​តំបន់​ទេសចរណ៍​ហ្នឹង​ដើម្បី បង្វិល​យកទៅជួយ​ដល់​ពលរដ្ឋ នៅក្នុង​តំបន់​ហ្នឹង​វិញ ហើយ​គេ​នឹងធ្វើ​ការសិក្សា​ជា​រៀងរាល់ឆ្នាំ​ទៀត ថា​តើ ការទទួល​ផលប្រយោជន៍​របស់​ពលរដ្ឋ​របស់​គេ នៅក្នុង​តំបន់​ហ្នឹង តើ​មានការ​កើនឡើង ឬក៏​យ៉ាងម៉េច​? ត្រង់​នេះហើយ​ដែល​ខ្ញុំ អត់​ទាន់​មាន​ឃើញ​ការសិក្សា​អ្វី​ទេ គឺ​ក្រៅតែពី​រឿង​ដាក់​វិធានការ​ជា​បន្តបន្ទាប់​ត្រូវតែ​ធ្វើ​នេះ ត្រូវមាន​វិធានការ​នេះ វិធានការ​នោះ​ដើម្បី​គ្រប់គ្រង​ពលរដ្ឋ​មិន​ឲ្យ​សង់ផ្ទះ​ថ្មី ឬ​មិន​ឲ្យ​វាតដី​ថ្មី​អី​អញ្ចឹង​»​។​

​លោក​និយាយ​បន្តថា​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទេសចរណ៍​ដ៏​ល្បីល្បាញ​នេះ ក៏​ពុំបាន​ទទួលផល​ច្រើន ពី​អ្នក​ទេសចរណ៍ ផងដែរ ដោយសារ​ការ​ម៉ៅ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ឯកជន​សម្រាប់​ការធ្វើ​អាជីវកម្ម​នៅ​ទីនោះ​។

«​បើ​យើង​និយាយ​អំពី​ផលប្រយោជន៍ ដែល​អ្នកស្រុក នៅក្នុង​តំបន់​អង្គរ ឬក៏​ជាយ​ទីក្រុង​សៀមរាប​បានទទួល​ពី​អង្គរ​ហ្នឹង គឺ​វា​បាន​តិច ហើយ​ពេលខ្លះ គឺ​ពិបាក​ដោយសារតែ ពួកគាត់​ត្រូវ​ប្រឈម​ជា មួយ នឹង​ការ​វាតទី របស់​ក្រុមហ៊ុន ឬក៏​អ្នកជំនួញ​ដែលមាន​អំណាច​នៅក្នុង​តំបន់​នោះ​។ ដូចជា​យើង​ឃើញ​ពេលខ្លះ ក្រុម​គាត់​ហ្នឹង​បាន​ត្រូវ កងសន្តិសុខ​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង មិន​ឲ្យ​លក់ដូរ​នៅក្នុង​តំបន់​អង្គរ ហ្នឹង​។ អាហ្នឹង គឺ​ដោយសារ​អ្វី​? ដោយសារតែ​វា​មានការ គេ​ហៅថា ម៉ៅ​ផ្តាច់ ពី​ក្រុមហ៊ុន ឬក៏​អ្នក​ឈ្មួញ ដែល​គេ​មាន​សិទ្ធិ​នៅក្នុង​ការរកស៊ី​នៅក្នុង​តំបន់​ហ្នឹង​»​។​

​លោក​បញ្ជាក់ថា ផលិតកម្ម​ក្នុងស្រុក​មិនបាន​ទទួល​ការ​គាំពារ ពី​ភាគី​ពាក់ព័ន្ធ និង​រដ្ឋាភិបាល ដែលជា​ហេតុ​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​នាំចូល​ទំនិញ​នានា​ដូចជា វត្ថុ​អនុស្សាវរីយ៍​ពី​ប្រទេស​ក្បែរ​ខាង​មក​លក់​ជូន​ភ្ញៀវ​ទេសចរណ៍​។

​លោក មាស នី បញ្ជាក់​បន្ថែមទៀតថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​តំបន់​អង្គរ ក៏​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ពង្រីក​ដី​ធ្វើស្រែ​ចម្ការ ដោយសារ​ដី​របស់​ពួកគេ​ជា​ដី​ស្ថិតក្នុង​តំបន់​អភិរក្ស​។ ចំពោះ​វិស័យ​អប់រំ​វិញ លោក​ថ្លែងថា មាន​យុវជន​តិច​ណាស់ ដែល​បាន​ឆ្លង​ផុតពី​កម្រិត​បឋមសិក្សា​នៅក្នុង​តំបន់​សៀមរាប​។​

​ចំណូល​បានមកពី​ការលក់​សំបុត្រ​ដល់​អ្នកទេសចរ​ណ៍​អន្តរជាតិ​កាលពី​ឆ្នាំ ២០១៤ មាន​ចំនួន ៥៩​លាន ដុល្លារ ហើយ​នៅក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ ២០១៥ ចំណូល​បានមកពី​ការលក់​សំបុត្រ​នេះ មាន​ចំនួន​៥៣ លាន​ដុល្លារ ដោយមាន​ចំនួន​ភ្ញៀវ ១,៨ លាន​នាក់​។ នេះ​បើ​យោងទៅតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ចំណូល​រាប់សិប​លាន​ដុល្លារ​នេះ មិនបាន​ធ្វើ​ឲ្យ លោក សៀន ពៅ រស់នៅ​ដោយ​ការរក​ត្រី នា​ជាយក្រុង​សៀមរាប​នោះ មានការ​ភ្ញាក់ផ្អើល​ពី​រឿង​ប្រាក់ចំណូល​ក្នុង​ក្រុង​អង្គរ​ទេ ព្រោះ​លោក​មិនបាន​ដឹង​អ្វី​ទាំងអស់​អំពី​ចំណូល​ទាំងនោះ​។​

​អង្គុយ​លើក​ង់ ជាមួយ​ឧបករណ៍​អង្រុត​ត្រី លោក សៀន ពៅ វ័យ ៥០​ឆ្នាំ និយាយថា​៖ «​ខ្ញុំ​អត់​ដែលមាន​អ្វី​ស្តាប់​ផង ចុះបើ​មនុស្ស​ក្រីក្រ​»​។​

​ទោះបី ជាមាន​ចំណូល​ចូល​រាប់សិប​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​ក្តី លោក សៀន ពៅ និយាយថា ផ្ទះ​របស់លោក​មាន​សភា​ព​ទ្រុឌទ្រោម ដោយ​គ្រួសារ​លោក ពុំមាន​លទ្ធភាព​ក្នុងការ​ជួសជុល​ឡើងវិញ​។​

​មិនមែន​មានតែ​អ្នកស្រុក​បន្ទាយស្រី​ប៉ុន្មាន​នាក់​នេះ បាន​លើក​ពី​ការ​មិនបាន​ទទួលបាន​ព័ត៌មាន​ទាក់ទិន​ចំណូល​ដែល​បានមកពី​ប្រាង្គ​ប្រាសាទអង្គរវត្ត ឬក៏​ការចំណាយ​ដោយផ្ទាល់​របស់​អ្នក​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​នោះទេ គឺមាន​ពលរដ្ឋ​ជាច្រើន​ទៀត​នៅក្នុង​ខេត្ត​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា ពួកគេ មើល​ឃើញតែ​ភាព​ខ្មៅ​ង​ងិ​ត បើ​និយាយ​ពី​បញ្ហា​ចំណូល និង​ចំណាយ​នៅក្នុង​វិស័យ​ទេសចរណ៍​នេះ​។​
​ជារឿយៗ​រូបភាព​កូនក្មេង​ជាច្រើន​ដើរ​សុំទាន ដោយ​ស្ទើរតែ​រក​ស្បែកជើង​ពាក់​ពុំបាន​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុងប្រទេស​និង​ចេញទៅ​ក្រៅ​ដែលនាំឱ្យ​មានការ​ចោទ​សួរថា តើ​ប្រាក់​ដែល​មកពី​អ្នក​ទេសចរណ៍​រាប់លាន​ដុ​លា្ល​រ​នេះ ត្រូវ​រដ្ឋាភិបាល​យកទៅ​ឯណា​?

​លោក សុខ ឦសាន អ្នកនាំពាក្យ​គណបក្ស​គ្រប់គ្រង​ប្រទេស ថ្លែងថា រដ្ឋាភិបាល​មិនអាច​ឲ្យ​ប្រជាពលរដ្ឋ ដឹងឮ​គ្រប់​រាល់​សកម្មភាព នៃ​ការរក​ប្រាក់ចំណូល​រាល់​គ្រប់​ស្ថាប័ន​របស់​រដ្ឋ​នោះទេ​។ លោក​បញ្ជាក់ថា​៖ «​អាណា​ទៅប្រាប់​គាត់ គ្រប់​តែ​គ្នា​អីចឹង​។ រកស៊ី​របស់​រដ្ឋ​ហ្នឹង អញ្ចឹង​ក្រសួង​មួយៗ រាយការណ៍​ឲ្យ​គាត់​ម្នាក់ៗ គ្រប់​អញ្ចឹង​! អាហ្នឹង​ដែលមាន​ទេ​? អាមេរិក​ក៏​មិនដែល​មាន​ដែរ​។ កុំទៅ​ថា ដល់​ស្រុក​ខ្មែរ​នោះ​»​។​

​លោក ថ្លែង​បញ្ជាក់ទៀតថា ចំណូល បានមកពី​ការលក់​សំបុត្រ​នៅ​ប្រាង្គ​ប្រាសាទ​អង្គរ ត្រូវបាន​យកទៅ​ប្រើប្រាស់​សម្រាប់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ នៅក្នុង​តំបន់​អង្គរ​។​
​លោក ឡុង កុស​ល្យ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាធារណៈ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ថ្លែងប្រាប់​វី​អូ​អេ ថា អាជ្ញាធរ​ជាតិ​អប្សរា បានរួម​ចំណែក​ជាច្រើន​ដល់​ការអភិវឌ្ឍ​សហគមន៍​នានា​ក្នុង​តំបន់​អភិរក្ស​អង្គរ​។ លោក​បញ្ជាក់ថា​៖

«​មិនមែន​បានន័យថា យើង​អភិវឌ្ឍន៍ តែ​ការងារ​អភិរក្ស​ប្រាសាទ​តែមួយ​ទេ ក៏ប៉ុន្តែ​យើង​បានធ្វើ​ការងារ​ជាច្រើន​ណាស់ ពាក់ព័ន្ធ​ជាមួយនឹង​ការលើកតម្កើង កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដូចជា​ការសាងសង់​ផ្លូវ ការសាងសង់​ប្រឡាយទឹក ការធ្វើ​យ៉ាងម៉េច​ជួយ​បណ្តុះបណ្តាល​គាត់​ឲ្យ​មាន​កម្រិត​ជំនាញ​កាន់តែ​ខ្ពស់ ឲ្យ​គាត់​មានលទ្ធភាព​ក្នុង​ការរក​របរ​រក​ស៊ី គឺថា យើង​ធ្វើ​ការងារ​ហ្នឹង​ច្រើនណាស់​ពាក់ព័ន្ធ​អា​រឿង​ការអភិវឌ្ឍន៍​សហគម​ន៍​ហ្នឹង​»​។​

​លោក​មិនអាច​បញ្ជាក់​ឲ្យ​ថា តើ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដក​ប៉ុន្មាន​ភាគរយ​ពី​ចំណូល​សរុប​បានមកពី​ការលក់​សំបុត្រ​យកមក​អភិវឌ្ឍន៍​សហគមន៍​នានា​នោះទេ ដោយ​លោក​គ្រាន់តែ​អះអាងថា ប្រជាពលរដ្ឋ​បានទទួល​ផលប្រយោជន៍​ដូច​ការពន្យល់​របស់លោក​ខាងលើនេះ​។ លោក​បាន​ច្រានចោល ការចោទប្រកាន់​ដែលថា មាន​ក្រុមហ៊ុន​ឯកជន​បាន​វាតទី​យក​កន្លែង​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ខេត្តសៀមរាប​។​

​សួនឧទ្យាន​ប្រាង្គ​ប្រាសាទបុរាណ​អង្គរ​មាន​លក្ខណៈ​ស្មុគស្មាញ​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​សុខាអូតែល​របស់លោក ឧកញ៉ា សុខ គង់ សម្រាប់​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​អស់​រយៈពេល ១៧​ឆ្នាំ​មកហើយ​។ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​មុននេះ បញ្ចប់​កិច្ចសន្យា​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​នេះ​លក់​សំបុត្រ​ដល់​អ្នកទេសចរ​ណ៍​អន្តរជាតិ សម្រាប់​ការចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com