បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
កាហ្វេ​ចល័ត​នៅ​ភ្នំពេញ មាន​ទាំង​បើក​ថ្មី មាន​ទាំង​ត្រៀម​បិទទ្វារ​
16, Jan 2016 , 11:58 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាហ្វេ​ចល័ត ឫ កាហ្វេ​អូស​រទេះ ដែល​កំពុង​ពេញនិយម​ខ្លាំង​នៅ​ទីក្រុង​ភ្នំពេញ បាន​ទាក់ទាញ​ចិត្ត​អាជីវករ​ជាច្រើន​ឲ្យ​ចង់​បើក​មុខរបរ​មួយ​នេះ​។ ក្នុង​រយៈពេល​ពីរ ឬ បី​ឆ្នាំ​ចុងក្រោយៗ​នេះ គេ​​សង្កេតឃើញ​មានការ​បើក​លក់​កា​ហេ្វ​ប្រភេទ​នេះ​ច្រើន​នៅតាម​ចិញ្ចើមផ្លូវ​នានា​នៅ​ភ្នំពេញ​។ តែ​ទន្ទឹមនឹង​កើនឡើង​ច្រើន ក៏មាន​អ្នក​ប្រឈម​នឹង​ការបិទទ្វារ​ផងដែរ​។ តើ​មូល​ហេតុអ្វី​បាន​ជាមាន​អ្នកបើក​ថ្មី ហើយក៏​មាន​អ្នក​ត្រៀម​បិទ​ទៅវិញ​នោះ​?


 
​អាជីវករ​វ័យក្មេង លោក ឃូ សុខ​ហាក់ វ័យ​២១​ឆ្នាំ​ជា​ម្ចាស់​កាហ្វេ​ចល័ត​យីហោ The Best Cafe ដែល​បើក​ដំណើរការ​រយៈពេល​ជិត​២​ឆ្នាំ​ហើយ​នោះ ទទួលស្គាល់ថា បរិមាណ​លក់​មានការ​ធ្លាក់ចុះ​។ ការធ្លាក់ចុះ ព្រោះ​ពេល​បើក​លក់​ដំបូងៗ កាហ្វេ​របស់លោក​ក្នុង​មួយកន្លែង​លក់​អស់​ចំនួន​៥០០​ទៅ​៦០០​កែវ​ក្នុង​មួយថ្ងៃ តែ​ឥឡូវនេះ ក្រុមការងារ​របស់លោក​លក់បាន​តែ​ពី​៣០០​ទៅ​៤០០​កែវ​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។ 
 
​ទាក់ទិន​ទៅនឹង​ការ​បរិ​មាណនៃ​ការលក់​ធ្លាក់ចុះ លោក ឃូ សុខ​ហាក់ ពន្យល់ថា​៖«​ឥឡូវ​មាន​គេ​បើក​លក់​កាហ្វេ​ច្រើន ទើប​ធ្វើ​ឲ្យ​ការលក់​ធ្លាក់ចុះ​»​។ មកដល់ពេលនេះ The Best Cafe មាន​ពីរ​កន្លែង ឬ​ពីរ​រទេះ ហើយ​លោក​មិនទាន់​មានបំណង​ពង្រីក​សាខា​បន្ថែមទៀត​នោះទេ​។ ជួបប្រទះ​នឹង​បញ្ហា​នេះ លោក សុខ​ហាក់ មិន​បាក់​ទឹកចិត្ត​ទេ​។ លោក សុខ​ហាក់ បាន​ប្រាប់​ពី​វិធីសាស្ត្រ​របស់លោក​ថា​៖«​ខ្ញុំ​នឹង​បង្កើន​សេវាកម្ម​ឲ្យ​ប្រសើរ​ជាង​មុន អនាម័យ​ស្អាត​ជាង​មុន ហើយ​ថែរក្សា​រសជាតិ​ឲ្យ​នៅ​ដដែល​»​។​
 
​ឯា​កមក​មើល​លោក កែវ សុខា ម្ចាស់​កាហ្វេ​ចល័ត​យីហោ World Coffee វិញ​។ កាហ្វេ​នេះ​ទើបតែ​បើក​លក់បាន​រយៈ​ពេល​៦​ខែ​ទេ តែ​ប្រឈម​នឹង​ផលវិបាក​ដែរ​។ កាហ្វេ​ចល័ត​មួយ​នេះ ដែល​ធ្លាប់តែ​លក់ដាច់​បែរ​ថយចុះ​ជាង​ពាក់កណ្តាល​។ លោក សុខា មានប្រសាសន៍ថា​៖«​ពីមុន​ធ្លាប់តែ​លក់បាន​ពី​៥០​ទៅ​៦០​កែវ​ក្នុង​មួយកន្លែងៗ តែ​ឥឡូវ​ធ្លាក់​មក​សល់​ត្រឹម​២០​ទៅ​៣០​កែវ​ប៉ុណ្ណោះ​»​។ មកដល់​ថ្ងៃនេះ World Coffee មាន​សាខា​របស់ខ្លួន​ចំនួន​៥​កន្លែង​ហើយ តែ​ទំនងជា​មិន​ពង្រីក​សាខា​បន្ថែម​ទៀតឡើយ​។ ដើម្បី​ជម្នះ​នឹង​វិបត្តិ​នេះ លោក សុខា ប្រាប់ថា លោក​នឹង​ប្តូរ​វិធីសាស្ត្រ​ថ្មី ដោយ​ឲ្យ​បុគ្គលិក​លក់​ម្នាក់ៗ​ធ្វើជា​ម្ចាស់​លើ World Coffee  តាម​សាខា​នីមួយៗ​ដោយ​ខ្លួនឯង ចំណេញ​ខាត​ដោយ​ខ្លួនឯង តែ​សាខា​នីមួយៗ​ត្រូវ​បង់ប្រាក់​ឲ​លោកតា​មការ​ព្រមព្រៀងគ្នា​។ ទាក់ទង​នឹង​អ​នា​គត់​កាហ្វេ​ចល័ត​មួយ​នេះ លោក សុខា និយាយថា​៖«​បើ​ការលក់​នៅតែ​ថយចុះ​ទៀត យើង​អាច​នឹង​បិទទ្វារ​»​។​
 
​ដោយឡែក លោក តារា​រ័ត្ន វ័យ​២៧​ឆ្នាំ​មា្ច​ស់កា​ហ្វេ​ចល័ត​យីហោ Your Coffee ដែល​ទើប​ហក់​ចូលក្នុង​ទីផ្សារ​កាហ្វេ​បាន​៣​ខែ​នេះ មានបំណង​ចង់​ពង្រីក​សាខា​របស់ខ្លួន​បន្ថែមទៀត​។ លោក​បាន​រៀបរាប់ថា​៖« ឥឡូវ​កាហ្វេ​របស់ខ្ញុំ​មាន​ពីរ​កន្លែង​។ ក្នុង​មួយកន្លែង​លក់ដាច់​ពី​៥០​ទៅ​៦០​ថង់​ក្នុង​មួយថ្ងៃ ហើយ​ខ្ញុំ​ចង់​បង្កើត​សាខា​បន្ថែមទៀត​នៅពេល​ខាងមុខ​»​។ លោក​បាន​ប្រាប់​ពី​មូល​ហេតុដែល​លោក​សម្រេច​បើក​លក់​កាហ្វេ​ថា​៖«​ខ្ញុំ​ក៏​ជា​អ្នក​ផឹក​កាហ្វេ​ម្នាក់​ដែរ តែ​ខ្ញុំ​ផឹក​កាហ្វេ​របស់គេ​មិនត្រូវ​ចិត្ត ដូច្នេះ​ខ្ញុំ​ចង់​បើក​លក់​កាហ្វេ​ដែលមាន​រសជាតិ​ថ្មី តែ​លក់​ក្នុងតម្លៃ​ប្រហាក់​ប្រហែក​គេ​ដែរ​»​។ 
 
​ការ​ហ្វេ​ទឹកដោះគោ​លក់​នៅតាម​ហាង​កាហ្វេ​ចល័ត​មានតម្លៃ​ជា​មធ្យម​៣៥០០​រៀល ផ្ទុយ​ពី​កាហ្វេ​លក់​នៅក្នុង​ហាង​ទំនើប​ដែល​អាចមាន​តម្លៃ​រហូត​ដល់​ជិត​៨០០០​រៀល​។ 
 
​ការបង្កើត​ជំនួញ ឬ​ពង្រីក​ជំនួញ គឺជា​ក​តា្ត​ជំរុញ​សេដ្ឋកិច្ចជាតិ ពីព្រោះ​វា​បាន​ចូលរួម​បង្កើត​ការងារ និង​បង្កើត​ប្រាក់ចំណូល​។ ប៉ុន្តែ​ប្រសិនបើ​ការបង្កើត​ជំនួញ​របៀប​ធ្វើ​តាមតែ​គ្នា គ្មាន​គោលដៅ​ច្បាស់លាស់ ជំនួញ​មួយចំនួន​ត្រូវ​ដួលរលំ​ទៅវិញ ហើយ​នេះ ក៏បង្ក​បញ្ហា​សង្គម​ទៅវិញ​ដែរ​។ បុគ្គលិក​គ្មាន​ការងារ​ធ្វើ ថៅកែ​បាត់បង់​បង់​ទុនវិនិយោគ​ជាដើម​។ 
 
​ដើម្បី​ឲ្យ​ជំនួញ​មួយ​បើក​រួចហើយ អាច​ដំណើរ​ការល្អ​បាន អ្នកវិនិយោគ​គួរ​រំពឹង​មើលថា តើ​ជំនួញ​នោះ ជា​ជំនួញ​ធ្វើតាម​គ្នា​មួយ​ភ្លែតៗ ឬ​ជា​ជំនួញ​ដែលមាន​ទស្សនវិស័យ​វែងឆ្ងាយ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com