ជាតិ
​បក្ស​មាន​អាសនៈ​ធានាថា ច្បាប់​សហជីព​បម្រើ​ប្រយោជន៍​ដល់ក​ម្មករ សហជីព និង​និយោជក​
19, Jan 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
គណៈកម្មការ​ចំពោះកិច្ច​បានបញ្ចប់​ការពិភាក្សាគ្នា ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​ហើយ នៅ​ថ្ងៃទី​១៩ ខែមករានេះ​។ បក្ស​មាន​អាសនៈ​ទាំងពីរ​ សុទ្ធតែ​អះអាងថា ច្បាប់​នេះ​នឹង​បម្រើ​ប្រយោជន៍​ដល់​ភាគី​ទាំងបី គឺ​កម្មករ សហជីព និង​និយោជក​។​



​សំណើ​រទាំង​២១​ចំណុច ដែល​ស្នើឡើង​ដោយ​ភាគី​សហជីព ត្រូវបាន​បក្ស​មាន​អាសនៈ​ទាំងពីរ​ជជែក​គ្នា​ចប់សព្វគ្រប់​ហើយ​។ ការផ្លាស់ប្តូរ​យោបល់​របស់​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង បញ្ចប់ទៅដោយបាន​កែសម្រួល​តាម​សំណូមពរ​របស់​សហជីព​ខ្លះ និង​មិនបាន​ធ្វើតាម​សំណើខ្លះ​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិនអាច​បញ្ជាក់​ឲ្យច្បាស់ពី​លទ្ធផល ដែល​កើតចេញពី​កិច្ចប្រជុំ​គណៈកម្មការ​ចំពោះ​កិច្ចឡើយ​។ ប៉ុន្តែលោក អះអាងថា មន្ត្រី​បក្ស​ទាំងពីរ បាន​ខិតខំ​ទាំងអស់គ្នា ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​នេះ​ មាន​លក្ខណៈ​វិជ្ជមាន​ច្រើន ក្នុង​គោលបំណង​ដោះស្រាយ​ជម្លោះ​រវាង​និ​យោ​ជិត​ និង​និយោជក​។

​លោក សុខ ឥសាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មិនអាច​បញ្ជាក់ថា យើង​ធ្វើតាម​សំ​ណូ​ពរ​របស់​សហជីព បាន​ប៉ុន្មាន​មាត្រា ​ឬ​ប៉ុន្មាន​ភាគរយ​នោះទេ​។ យើង​គ្រាន់តែ​យក​ចំណុច​ទាំង​២១ ដែល​សហជីព​ស្នើ​ឲ្យ​កែប្រែ យកមក​ពិគ្រោះ​យោបល់​គ្នា ហើយ​ឥឡូវ​ពិគ្រោះ​ចប់​ហើយ​។ យើង​នឹង​បើ​សិក្ខាសាលា​មួយ ដើម្បី​ឲ្យ​សហជីព​ មានឱកាស​បញ្ចេញមតិ​ និង​ផ្តល់យោបល់​បន្ថែម មុននឹង​ដាក់ជូន​រដ្ឋ​សភា​អនុម័ត​»​។​

​ចំណែកឯ មន្ត្រីជាន់ខ្ពស់​គណ​កប្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​សម្តែង​ការពេញចិត្ត ​ចំពោះ​ដំណើរការ​នៃ​ការជជែក ​រវាង​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ជុំវិញ​សេចក្តីព្រាងច្បាប់​នេះ។ ​លោក​អះអាង ការដេញដោល​គ្នាបាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​អធ្យាស្រ័យ​រវាង​គ្នា​និង​គ្នា តាំងពីដើម​រហូតដល់​បញ្ចប់​។ លោក​បញ្ជាក់​បែបនេះ​ថា​៖​«ខ្ញុំ​ត្រេកអ​រណាស់ ដែល​ការជជែក​របស់​យើង ​ធ្វើ​ឡើយ​ដោយ​យោគយល់​គ្នា​ទៅវិញទៅមក​។ កិច្ចប្រជុំ​នេះ គ្មាន​បក្ស​ណា​លម្អៀង​ទៅ​ភាគី​ណា​នោះទេ គឺ​យើង​ជជែក​គ្នា​ក្នុង​គោលបំណង ប្រយោជន៍​រួម មិន​ថា​កម្មករ សហជីព ឬ​និយោជកឡើយ​»​។

​ក្រោយពី​បញ្ចប់​ការពិភាក្សា​នេះ បក្ស​ទាំងពីរ ​នឹង​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ជុំវិញ​លទ្ធផល​នេះ​។ បន្ទាប់មក បក្ស​ទាំងពីរ​ នឹង​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ ដើម្បី​ផ្តល់ឱកាស​ដល់​ភាគី​សហជីព និង​និយោជក​ ចូលរួម​បញ្ចេញមតិ​ និង​ផ្តល់យោបល់​បន្ថែម​លើ​សេចក្តីព្រាងច្បាប់​នេះ មុននឹង​ដាក់ជូន​រដ្ឋ​សភា​អនុម័ត​។ យ៉ាងណាក៏ដោយ ទាំង​លោក សុខ ឥសាន និង​លោក សុន ឆ័យ មិនអាច​បញ្ជាក់បាន​ទេថា សេចក្តីថ្លែងការណ៍នឹងត្រូវ​ចេញ​នៅពេលណា​នោះទេ ​គ្រាន់តែ​អះអាងថា នឹង​ចេញ​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​ក្រោយមក​នឹង​រៀបចំ​សិក្ខាសាលា​។

​សូមបញ្ជាក់ថា សហជីព​បានស្នើ​ឲ្យ​បក្ស​ទាំងពីរ​លុបចោល និង​កែប្រែ​ចំណុច​២១ ដែល​មានចែង​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ សំណើ​ទាំងនោះ មានដូចជា សុំ​ឲ្យ​លុបចោល​ចំណុច​ដែល​ចែងថា សហជីព​ត្រូវធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំខែ ​ជូន​ក្រសួង​ការងារ តែ​គណៈកម្មការ​ចំពោះ​កិច្ច​ មិនបាន​លុបចោល ដោយ​ប្តូរ​មក​រយៈពេល​៤៥​ថ្ងៃ និង​ស្នើ​ឲ្យ​កែប្រែ​ចំណុច​ដែល​ចែងថា សហជីព​មូលដ្ឋាន​ចាប់ពី​១០ឡើងទៅ ទើប​អាច​បង្កើតជា​សហព័ន្ធ​សហជីព​បាន ឲ្យ​មក​ត្រឹម​៣ តែ​ត្រូវ​គណៈកម្មការ​ចំពោះ​កិច្ច​បន្ថយ​ត្រឹម​៧។​ល​។​

​គណៈកម្មការ​ចំពោះ​កិច្ច បាន​ជួបគ្នា​ចំនួន​៣​លើក ដើម្បី​ពិភាក្សាលើ​ចំណុច​ទាំង​២១ ដែល​ភាគី​សហជីព​ស្នើ​ឲ្យ​កែប្រែ​។ ជំនួប​លើក​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ដោយ​សម្រេចបាន​២​ចំណុច​។ ចំណែកឯ​ជំនួប​លើក​ទី​២ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ដោយ​សម្រេចបាន​៧​ចំណុច​។ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦នេះ បក្ស​ទាំងពីរ បានបញ្ចប់​ការជជែក​គ្នាលើ​ចំណុច​ទាំង​១២៕

Tag:
 ​សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com