ជាតិ
សេដ្ឋកិច្ច
សមិទ្ធិផល​របស់​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០១៥ និង​ទស្សនវិស័យ​ទៅ​អនាគត​
24, Jan 2016 , 11:40 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ ខណៈដែល​ឆ្នាំ​២០១៥ បាន​កន្លងផុតទៅ អ្នកជំនាញ​មើលឃើញថា សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជាមាន​ស្ថាន​ភាពល្អ​ដូច​ឆ្នាំមុនៗ ដែល​ស្ថិតនៅក្នុង​អត្រា​៧​ភាគរយ​។ របាយការណ៍​របស់​ធានា​គារ​ពិភពលោក (World Bank) បានបង្ហាញ​ឲ្យ​ដឹងថា អត្រា​អតិផរណា​ទាប ស្ថិរភាព​ហិរញ្ញវត្ថុ កំណើន​ឥណទាន​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ថ្លែ​ប្រេង​ធ្លាក់ចុះ បានធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដើរ​រលូន​ទៅមុខ​។​


 
​ក្នុង​ឆ្នាំ​២០១៥ អត្រា​អតិផរណា​របស់​កម្ពុជា​បន្ត​ធ្លាក់​ចុះមក​ត្រឹម​០,៨​ភាគរយ បើ​ធៀប​នឹង​១,២​ភាគរយ​កាលពី​ឆ្នាំ​២០១៤​។ លើសពីនេះ ការបណ្តាក់ទុន​បរទេស​ដោយផ្ទាល់​ក៏បាន​កើន​ដល់​៥​ពាន់​២​រយ​លាន​ដុល្លារ​ផងដែរ​។​
 
​ក៏ប៉ុន្តែ វិស័យ​ចម្បង​របស់​កម្ពុជា ដូចជា​វិស័យ​កាត់ដេរ​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍​មាន​សន្ទុះ​ថយចុះ​ជាង​ឆ្នាំមុន​បន្តិច​។ លោក ហេង ឌី​ណា សេដ្ឋវិទូ​ខ្មែរ​មួយរូប​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ពន្យល់ថា ការថយចុះ​នៃ​វិស័យ​ចម្បង​ទាំងបី​នេះ​គឺ​បណ្តាលមកពី​កត្តា​ក្នុងស្រុក និង​កត្តា​ក្រៅ​ស្រុក​។​
 
«​វិស័យ​វាយនភ័ណ្ឌ​នៅតែ​បន្ត​កើន​ការនាំចេញ ទោះបីជា​មានការ​យឺត​ជាង​មុន​បន្តិច អាច​ទី​១​ដោយសារ​ការកើនឡើង​នៃ​ប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក​។ យើង​ដឹង​ហើយ​ថា​ប្រទេស​កម្ពុជា​គឺ​ពឹងផ្អែក និង​ប្រើប្រាស់​ប្រាក់​ដុល្លារ​ខ្លាំង​។ ទី​២ យើង​ឃើញថា កំណើនសេដ្ឋកិច្ច​ខាង​ទ្វីប​អ៊ឺរ៉ុប​មាន​ភាពយឺតយ៉ាវ​។ ហើយ​យើង​ដឹង​ហើយ​ថា ទ្វីប​អ៊ឺរ៉ុប​ជាទី​ផ្សារ​មួយ​ធំ​សម្រាប់​វិស័យ​វាយនភ័ណ្ឌ​។ អញ្ចឹង​ការយឺតយ៉ាវ​នៃ​កំណើន​នេះ​វា​អាច​ប៉ះពាល់​ដល់​ការនាំចេញ​។ ទី​៣ យើង​ឃើញថា មានការ​ប្រកួតប្រជែង​ច្រើនជាង​មុន​ជាមួយនឹង​វិស័យ​វាយនភ័ណ្ឌ​យើង ដោយ​មានការ​ប្រឡូក​ពី​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​ភូមា ដែល​គេ​ទើប​បើកចំហរ ហើយ​យើង​ឃើញថា កម្លាំង​ពលកម្ម និង​ប្រាក់​ឈ្នួល​របស់គេ​នៅ​ថោក​»​។​
 
​លោក​បាន​បន្ថែមថា វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​កំណើន​ថយចុះ​បន្តិច មួយផ្នែកធំ​គឺ​ដោយសារតែ​ភាព​រង្គោះរង្គើរ​ខាង​សេដ្ឋកិច្ច​នៅ​អ៊ឺរ៉ុប និង​កំណើនសេដ្ឋកិច្ច​យឺត​របស់​ចិន ដែល​អាច​ប៉ះពាល់​ដល់​ចំនួន​អ្នកទេសចរ​។ គិត​មក​ត្រឹម​ឆ្នាំ​២០១៥​នេះ អ្នកទេសចរ​មកកាន់​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ត្រឹមតែ​២​លាន​៣​សែន​នាក់​ប៉ុណ្ណោះ ដែល​ស្មើនឹង​៤,៦​ភាគរយ បើ​ធៀប​នឹង​៦,៩​ភាគរយ​នៃ​ចំនួន​អ្នកទេសចរ​សរុបមក​កម្ពុជា​កាលពី​ឆ្នាំ​២០១៤​។​
 
​វិស័យ​ដ៏​ចម្បង​បំផុត​របស់​កម្ពុជា​គឺ​វិស័យ​កសិកម្ម ដែល​ប្រជាពលរដ្ឋ​កសិករ​កម្ពុជា​ប្រមាណ​ជាង​៨០​ភាគរយ​ពឹង​ផ្អែកលើ​ការធ្វើ​ដំណាំ​ស្រូវ និង​ចំការ ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។ លោក ឌី​ណា បាន​សង្កត់ធ្ងន់ថា ការធ្លាក់ចុះ​នៃ​សក្តានុពលភាព​នៃ​វិស័យ​កសិកម្ម​កម្ពុជា​គឺ​បណ្តាលមកពី​បញ្ហា​ច្រើន រួមទាំង​ការខ្វះ​ឥណទាន​សម្រាប់​វិស័យនេះ​ផងដែរ​។​
 
«​កំណើន​យឺត​នេះ វា​អាចមកពី​ទី​១ ការផលិត​ផលិតផល​កសិកម្ម​ធ្លាក់ចុះ​ដោយសារ​អាកាសធាតុ គឺ​កម្ពស់​ទឹកភ្លៀង​បាន​ធ្លាក់​ទាប​ជាង​មុន​។ កសិកម្ម​យើង​មួយផ្នែកធំ​គឺ​ដំណាំ​ស្រូវ​ហ្នឹង​នៅតែ​ពឹង​ផ្អែកទៅលើ​អាកាសធាតុ​នៅឡើយ ទោះបីជា​យើង​បាន​ខិតខំ​ប្រឹងប្រែង​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ធារាសាស្ត្រ​ក៏ដោយ​។ ទី​២​វិស័យ​កសិកម្ម​យើង​នៅ​ខ្វះ​ឥណទាន ដើម្បី​ធ្វើការ​វិនិយោគ​ទៅលើ​បច្ចេកទេស​ដាំ​ដុះ​ជាដើម​។ មួយវិញទៀត បើ​យើង​មើល​ពី​ខាងក្រៅ​វិញ យើង​ឃើញថា តម្លៃ​ផលិតផល​កសិកម្ម​គឺមាន​ការធ្លាក់ចុះ​។ ដោយសារ​មាន​ភាព​រង្គោះរង្គើរ​សេដ្ឋកិច្ច​នៅ​ចិន និង​ការកើនឡើង​នៃ​ប្រាក់​ដុល្លារ វា​ធ្វើ​ឲ្យ​តម្លៃ​ផលិតផល​កសិកម្ម​។ អញ្ចឹង​កាលណា​តម្លៃ​កសិកម្ម​ថយចុះ នោះ​វា​ធ្វើ​ឲ្យ​ការនាំចេញ​របស់​យើង​ក៏​ធ្លាក់ចុះ​ដែរ​»​។​
 
​យ៉ាងណាមិញ កម្ពុ​ជាមាន​កត្តា​ប្រឈម​មួយចំនួនធំៗ ដែល​អាច​ប៉ះពាល់​ដល់​អត្រាកំណើន​សេដ្ឋកិច្ច​របស់ខ្លួន​នាពេល​អនាគត បើសិនជា​មិនមាន​ការយកចិត្តទុកដាក់​ឲ្យ​បាន​ដិតដល់​នោះ​។ បញ្ហា​ទាំងនោះ​រួមមាន ការខ្វះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រឹងមាំ ការខ្វះ​ធនធានមនុស្ស​មាន​ជំនាញ និង​បច្ចេកវិទ្យា​ទំនើប​។​
 
«​ទី​១​គឺ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​យើង​នៅមាន​កង្វះខាត​ច្រើន​។ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​វា​ពឹង​ផ្អែកទៅលើ​ផ្លូវថ្នល់ ក៏ដូចជា​ខាង​អគ្គិសនី​ដែរ​។ កាលណា​ហេដ្ឋារចនាសម្ព័ន្ធ​យើង​មិនទាន់មាន​ភាព​ប្រកួតប្រជែង​ខ្លាំង ការដឹកជញ្ជូន​វា​អាចមាន​ភាពយឺតយ៉ាវ ហើយ​ថ្លៃ​នៃ​ការដឹកជញ្ជូន​ក៏​ខ្ពស់​។ ទី​២​គឺ​ខាង​ធនធានមនុស្ស​។ យើង​ចង់​ធ្វើ​ពិពិធ​កម្ម​ទៅខាង​វិស័យ​វាយនភ័ណ្ឌ ឬក៏​កម្មន្តសាល​ធន់​ស្រាល យើង​ត្រូវការ​កម្លាំង​ពលកម្ម​មួយ​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ផលិត​របរ​ឲ្យ​មានគុណ​ភាពល្អ ហើយ​និង​ដើម្បី​ឲ្យ​ប្រទេស​យើង​ចូល​ជា​ផ្នែក​មួយ​នៃ​ខ្សែសង្វាក់​ផលិតកម្ម​»​។​
 
​ប៉ុន្តែ លោក​បាន​បន្ថែមថា កត្តា​ទាំងបី​នេះ​ចាំបាច់​ត្រូវការ​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។​
​លោក ឌី​ណា បាន​សង្កត់ធ្ងន់ថា ការពង្រឹង​គុណភាព​អប់រំ វិស័យ​សុខាភិបាល និង​វិស័យ​កសិកម្ម គឺជា​គន្លឹះ​មួយ​ដែល​កំណើនសេដ្ឋកិច្ច​រប​ស់​កម្ពុជា​អាច​ដើរ​ទៅមុខ​ប្រកបដោយ​ចីរភាព​បាន​។​
 
​លោក​ថា កាលណា​គុណភាព​អប់រំ​ល្អ ធនធានមនុស្ស​របស់​កម្ពុជា​នឹង​ទទួលបាន​ជំនាញ ដោយ​ជួយ​ពង្រឹង​ផលិតភាព​ខ្ពស់​ដល់​កម្ពុជា​។ បន្ថែម​លើ​នេះ កាលណា​វិស័យ​សុខាភិបាល​មានលទ្ធភាព​ផ្តល់​សេវា​សុខភាព​ក្នុង​តម្លៃថោក និង​មានគុណ​ភាពល្អ នោះ​វា​ជួយ​សម្រួល​ដល់​ថ្លៃ​ចាយវាយ និង​ដល់​ផលិត​ភាពល្អ​របស់​កម្លាំង​ពលកម្ម​កម្ពុជា ដែលមាន​សុខភាព​ល្អ​។ សំខាន់​ជាង​នេះ​គឺថា ការពង្រឹង​ផលិតកម្ម និង​គុណភាព​វិស័យ​កសិកម្ម​បានល្អ​ដោយ​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​ក្នុងស្រុក​មានតម្លៃ​ទាប នោះ​មានន័យថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​អាច​នឹងមាន​ជីវភាព​ល្អប្រសើរ ដោយសារ​ការចំណាយ​លើ​ថ្លៃ​ម្ហូប​ថយចុះ​។​
 
​គិត​មក​ត្រឹម​ឆ្នាំ​២០១៥ កំណើន​ផលិតផល​ក្នុងស្រុក​មានតម្លៃ​១.០៣៦​ដុល្លារ​។ កម្ពុ​ជាមាន​គោលបំណង​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​ថ្នាក់ខ្ពស់​នៅ​ឆ្នាំ​២០៣០៕
 
​សូម​ចុច​ទៅ​ប្រភពដើម​VOA ត្រង់នេះ​

Tag:
 VOA
© រក្សាសិទ្ធិដោយ thmeythmey.com