ជាតិ
សង្គមជាតិ
នគរបាលចរាចរពិន័យបានប្រាក់ជាង២ពាន់លានរៀល ក្នុងរយៈពេល១ខែ
× ក្នុងរយៈពេលពេញមួយខែ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី កម្លាំងនគរបាលចរាចរផាកពិន័យបានទឹកប្រាក់ចំនួន២,០០៨,៨៧៦,០០០លានរៀល ពីយានយន្តដែលល្មើសច្បាប់នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ប្រចាំខែមករា របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដែលអានដោយ លោក ហ៊ឹម យ៉ាន អគ្គស្នងការនគរបាលជាតិ នៅរសៀលនេះ បានបង្ហាញថា ការអនុវត្តច្បាប់ចរាចរណ៍រយៈពេល១ខែនេះ កងកម្លាំងនគរបាលចរាចរផ្លូវគោកទូទាំងប្រទេស បានធ្វើការត្រួតពិនិត្យយានយន្តសរុប៩៧២,០៩៦គ្រឿង ក្នុងនោះម៉ូតូ៦០ភាគរយ។ ក្នុងចំណោមដែលបានត្រួតពិនិត្យ នគរបាលរកឃើញយានយន្តល្មើសចំនួន២១១,២៥៧គ្រឿង ស្មើនឹង២១,៧ភាគរយ ធ្វើការអប់រំបានចំនួន១០១,៥៣០គ្រឿង និងធ្វើការត្រួតពិនិត្យបានចំនួន១០៩,៧២៧គ្រឿង។
បើទោះបីជាក្នុងរយៈពេល១ខែដំបូងនៃការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ ត្រូវបានធ្វើឡើងយ៉ាងតឹងរឹង ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅតែបន្តកើតមាន។ បើតាមរបាយការណ៍ កាលពីខែមករាកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យមានអ្នកស្លាប់ចំនួន១៨២នាក់ កើនឡើងចំនួន៣៤នាក់ ស្មើនឹង២៣ភាគរយ បើធៀបនឹងខែធ្នូឆ្នាំ២០១៥ ចំណែកឯអ្នករបួសមានចំនួន៩៥១នាក់ កើន៧០នាក់ស្មើនឹង៨ភាគរយ។ គ្រោះថ្នាក់ទាំងនោះ គឺបណ្តាលមកពីអ្នកបើកបរហួសល្បឿនចំនួន៤៥ភាគរយ វ៉ាជែង១៣ភាគរយ មិនគោរពសិទ្ធិអាទិភាព១១ភាគរយ ស្រវឹង១០ភាគរយ បត់៨ភាគរយ មិនប្រកាន់ស្តាំ៨ភាគរយ កត្តាយានយន្ត២ភាគរយ និងកត្តាផ្សេងៗ៣ភាគរយ។
តែយ៉ាងណាក៏ដោយអគ្គស្នងការនគរបាលជាតិ ក៏ទទួលស្គាល់ដែរថា វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅថ្នាក់រាជធានី-ខេត្ត មិនទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងនៅឡើយ ពេលខ្លះមានភាពយឺតយ៉ាវ ឬមិនទាន់ប្រើប្រាស់អស់លទ្ធភាពនៃការគួបផ្សំវិធានការទាំង៤ គឺការអប់រំ ការរឹតបន្តឹងច្បាប់ ការធ្វើវិស្វកម្មផ្លូវថ្នល់ និងការសង្គ្រោះជនរងគ្រោះ ខណៈផ្លាកសញ្ញា និងគំនូសសញ្ញា នៅតាមផ្លូវសាធារណៈ ក៏មានការខ្វះខាតដែរ។
លោក ហ៊ឹម យ៉ាន បន្តថា សេវាសាធារណៈក្នុងការធ្វើបណ្ណបើកបរ ធ្វើផ្លាកលេខ ឆៀក និងការផ្ទេរកម្មសិទ្ធិយានយន្ត នៅតែជាប្រធាបទសំខាន់ ដែលត្រូវបន្តជំរុញអនុវត្តន៍ឲ្យបានត្រឹមត្រូវ។
តាមរយៈកិច្ចប្រតិបត្តិការត្រួតពិនិត្យ អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ពិនិត្យឃើញថាប្រជាពលរដ្ឋដល់ទៅ៧៣,៨ភាគរយ បានយល់ដឹង និងចូលរួមគោរពច្បាប់យ៉ាងត្រឹមត្រូវ និងការចូលបង់ប្រាក់ពិន័យដោយការភ្ញាក់រលឹកប្រមាណ៧៣ភាគរយ។ នេះបើតាមរបាយការណ៍ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com