អន្តរជាតិ
ដល់ពេល​ចិន​ត្រូវ​ភ័យ ក្រោយ​ហ្វីលីពីន​ផ្តល់​មូលដ្ឋាន​យោធា​អាមេរិក​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​?
21, Mar 2016 , 8:59 pm        
រូបភាព
ដោយ:
​អវត្តមាន​ដំណោះស្រាយ​រួម​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន និង​ចិន បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ធ្ងន់​ឡើងៗ ដ្បិត​ការ​ប្រឈម​នេះ មិន​ត្រឹមតែ​ជា​ភាសា​ការទូត​នោះទេ តែ​វា​ជាការ ប្រឈមមុខ​ផ្នែក​សព្វាវុធ និង​យោធា​នៅក្នុង​តំបន់​ជម្លោះ​។ ស្រប​នឹង​ភាព​តានតឹង​នេះ ហ្វីលីពីន​ដែលជា​រដ្ឋ​ពាក់ព័ន្ធ​ជម្លោះ បានអនុញ្ញាត​ឲ្យ​អាមេរិក​ដាក់​មូលដ្ឋាន​យោធា​៥​កន្លែង​នៅក្នុង​ទឹកដី​ហ្វីលីពីន​ក្រោម​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​តំបន់​ជម្លោះ​ប៉ុន្មាន​នោះទេ​។ តើ​ការប្រឈមមុខ ដែនសមុទ្រ​នឹងត្រូវ​ទៅជា​យ៉ាងណា​រវាង​អាមេរិក និង​ចិន​?

-


សូមស្ដាប់ព័ត៌មានលម្អិត៖



​នៅ​ថ្ងៃទី​១៨ ខែមីនា មន្ត្រី​អាមេរិក និង​ហ្វីលីពីន បានប្រកាស​ពី​កិច្ចព្រមព្រៀង​មួយ​រវាង​ភាគី​ទាំងពីរ​ស្តីពី​ទីតាំង​ប្រាំ​កន្លែង​សម្រាប់​ការដាក់​មូលដ្ឋាន​យោធា​របស់​អាមេរិក​នៅក្នុង​ទឹកដី​ហ្វីលីពីន​ក្រោម​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ (EDCA)​។ តាមរយៈ​កិ​ច​ព្រមព្រៀង​នេះ​កងទ័ព​អាមេរិក នឹង​អាច​ឈរ​នៅក្នុង​ទឺ​កដី​ហ្វីលីពីន​ដោយ​ស្របច្បាប់​ក្នុង​កិច្ច​សហប្រតិបត្តិ​មនុស្សធម៌ និង​សន្តិសុខ​ដែនសមុទ្រ​។​

១. តើ​អ្វី​ជា​កិច្ចព្រមព្រៀង EDCA?
​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ (EDCA) គឺជា​កិច្ចព្រមព្រៀង​រវាង​អាមេរិក និង​ហ្វីលីពីន ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៤​។ ហើយ​វា​បាន​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ​២០១៦ បន្ទាប់ពី​តុលាការ​កំពូល​ហ្វីលីពីន​ប្រកាស​ពី​ធម្មនុញ្ញភាព​នៃ​កិច្ចព្រមព្រៀង​នោះ​។​

​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​កងទ័ព​អាមេរិក​អាច​បំពាក់​សព្វាវុធ និង​បញ្ជូន​កងទ័ព​របស់ខ្លួន​មកកាន់​ទឹកដី​ហ្វីលីពីន​បាន​ដោយ​ស្របច្បាប់​។ បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​កងទ័ព​ហ្វីលីពីន ក្នុងការ​ទទួលបាន ការហ្វឹកហ្វឺន​បន្ថែម​ពី​អាមេរិក ការការពារ​សន្តិសុខ​ដែនសមុទ្រ និង​ប្រតិបត្តិការ​មនុស្សធម៌ និង​មហន្តរាយ​ផ្សេងៗ​ទៀតផង​។

​ជាមួយគ្នា​លោក ច​ន ឃើ​ប​ប៊ី អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​ថែ្ល​ង​ក្នុងឱកាស​នៃ​សង្ខេប​ព័ត៌មាន​នៅ ចុង​សប្តាហ៍​មុន​ថា អាមេរិក និង​ហ្វីលីពីន បាន​ពិភាក្សា​ពី​ជំហាន​បន្ទាប់​សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង  កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ​។ លោក បន្ថែមថា ភាគី​ទាំងពីរ​ក៏បាន​ជជែក​ពី​យន្តការ​ផ្សេងៗ ដែល​អាមេរិក អាចជួយ​ហ្វីលីពីន​ដើម្បី​ធ្វើ​ទំនើបកម្ម​ទាហាន​ហ្វីលីពីន​ផងដែរ​។​

២. វត្តមាន​ទ័ព​អាមេរិក​ដើម្បី​ការពារ​ហ្វីលីពីន ឬ​ប្រឆាំង​ចិន​?
​តាមពិតទៅ​វត្តមាន​កងទ័ព​អាមេរិក​នៅ​ហ្វីលីពីន មាន​មែន​ជា​រឿង​ដែល​ត្រូវ​ភ្ញាក់ផ្អើល​នោះទេ ពោលគឺ អាមេរិក​ដែលជា​អតីត​ម្ចាស់​អាណានិគម​ផងដែរ​នោះ ធ្លាប់មាន​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​ហ្វីលីពីន​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២​មកម្ល៉េះ​។ តែ​ក្នុង​ឆ្នាំ​១៩៩២ អាមេរិក បាន​ដកទ័ព​របស់ខ្លួន​ចេញពី​ហ្វីលីពីន​វិញ​អស់​។​

​យ៉ាងណាក៏ដោយ វត្តមាន​ជាថ្មី​របស់​កងទ័ព​អាមេរិក​ក្នុង​ទឹកដី​ហ្វីលីពីន​លើក​នេះ គឺ​ស្រប​ជាមួយនឹង​ការឡើង​កម្តៅ​នៃ​ការប្រឈមមុខគ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ពោលគឺ​នៅពេលដែល​មានការ​ចោទប្រកាន់​គ្នា​លើ​ការធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​។ វត្តមាន​កងទ័ព​អាមេរិក នឹង​ឈរជើង​នៅក្នុង​ទឹកដី​ហ្វីលីពីន​ក្នុង​មូលដ្ឋាន​ទ័ពអាកាស Antonio Bautista, Fort Magsaysay, Basa , Lumbia, និង មូលដ្ឋាន​ទ័ពអាកាស Mactan-Benito Ebuen​។

​អ្វី​គួរកត់សម្គាល់​នៅក្នុង​មូលដ្ឋាន​យោធា​អាកា​សទាំង​ប្រាំ​នោះ Antonio Bautista គឺជា​មូលដ្ឋាន​មួយ​ដែល​ស្ថិតនៅ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កន្លងមក​តំបន់​នោះ ក៏​ធ្លាប់មាន​ការប្រឈមមុខ​គ្នា​រវាង​ហ្វីលីពីន និង​ចិន​ផងដែរ​។ សកម្មភាព​នេះ ត្រូវបាន​គេ​មើលឃើញថា អាមេរិក​នឹង​ឆ្លៀតឱកាស​ទាំង​ការពារ​សម្ព័ន្ធមិត្ត​ខ្លួន​ហ្វីលីពីន​ផង និង​ដើម្បី​ប្រឆាំង​សកម្មភាព​របស់​ចិន​ដែល​កំពុងតែ​ព្យាយាម​បង្កើន​អំណាច​នៅក្នុង​តំបន់​ជា​ពិ​សេ​សេ​នោះ គឺ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ នេះ ក៏មាន​ន័យ​ដែរ​ថា ប្រសិនបើ​មានការ​ប្រឈម​រវាង​ហ្វ​លី​ពី​ន​ជាមួយនឹង​ចិន អាមេរិក នឹង​អាចជួយ​ហ្វីលីពីន បាន​គ្រប់ពេលវេលា​។ តែ​មកទល់ពេលនេះ ចិន មិនទាន់មាន​ប្រតិកម្ម​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​នោះទេ​។​

​សូមបញ្ជាក់​ផងដែរ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ អាស៊ាន​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ជម្លោះ​នេះ បាន​អូស បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​ជាច្រើន​ទសវត្ស​រ៍ហើយ ដ្បិត​ភាគី​នីមួយៗ មាន​អំណះអំណាង​ផ្សេង ៗ​គ្នា​ទៅលើ​តំបន់​ទាមទារ​ដែល​ត្រួតស៊ីគ្នា ជាពិសេស​នោះ គឺ​ជាមួយនឹង​ចិន​ដែល​បានទាមទារ​ស្ទើរតែ ទាំងស្រុង​នៃ​តំបន់​ជម្លោះ​។​

​រយៈពេល​ចុងក្រោយ​នេះ អាមេរិក បាន​ចោទ​ចិន​ថា​កំពុង​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​ការបំពាក់​ប្រព័ន្ធ​មី​ស៊ី​ល និង​សព្វាវុធ​ផ្សេងៗ ខណៈ ចិន ថា​ជា​សកម្មភាព ការពារ​អធិបតេយ្យ​ខ្លួនឯង​។ បន្ថែម​ពីនេះ​ចិន ក៏បាន​ចោទ​អាមេរិក​វិញ​ថា​ជា​អ្នក​ដែល​កំពុង​បង្ក​ឲ្យ​មាន ភាព​តានតឹង​ក្នុង​តំបន់​ជម្លោះ​តាមរយៈ​ការបញ្ជូន​នាវា​ល្បាត និង​យន្តហោះ​ចម្បាំង​មកកាន់​តំបន់​ជម្លោះ​ម្តង​ហើយ​ម្តងទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com