អន្តរជាតិ
មហា​យក្ស​ចិន​ប្រើ នយោបាយ​ការទូត​«​ទឹក​»​ជាមួយ​ប្រទេស​មេគង្គ​ដែល​ជួប​គ្រោះរាំងស្ងួត​
21, Mar 2016 , 9:59 pm        
រូបភាព
​មហា​យក្ស​ចិន​ចាប់ផ្តើម​យក​ទឹក​ធ្វើជា​នយោបាយ​ការបរទេស​របស់ខ្លួន​នៅក្នុង​តំបន់​មេគង្គ​ដោយ បើកទឹក​ដែល​ស្តុក​ទុក​នៅ​វា​រី​អគ្គិសនី​របស់ខ្លួន​បង្ហូ​រ​ចុះមក​តាម​ទន្លេមេគង្គ​ជួយសង្គ្រោះ​ប្រទេស​ដែល​ជាប់​ដង​ទន្លេមេគង្គ​។ ប្រទេស កម្ពុជា ថៃ ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា​ផង​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត នោះ​នាំគ្នា​សាទរ​និង​អរគុណ​ចិន​ថែមទៀត​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​ចិន​ក្លាយជា​តួឯក ក្រោយ​ពេលដែល​មហាអំណាច​នេះ​សម្រេច​ដាក់​ចំណាត់​ការបើក​បង្ហូរទឹក​ចេញពី​វា​រី​អគ្គិសនី​របស់ខ្លួន​ដើម្បី​ជួយសង្គ្រោះ​ប្រទេស​តំបន់​មេគង្គ​ដែល​កំពុង​ប្រឈម​គ្រោះរាំងស្ងួត​។ នយោបាយ​ការទូត «​ទឹក​» នេះ​ធ្វើ​ឲ្យ​ចិន​កាន់តែ​មានមុខមាត់ និង​ទទួលបាន​ការកោតសរសើ​រ​ពី​ប្រទេស​ក្នុង​តំបន់​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ទឹក​ដែល​ត្រូវ​អាជ្ញាធរ​ចិន​បើក​បង្ហូរ​ទៅនេះ​គឺ​ចេញពី​វា​រី​អគ្គិសនី Jinghong  ហើយ​ទឹក​នេះ​ផ្គត់ផ្គង់​បន្ទាន់​ទៅកាន់​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ក្នុង​រយៈពេល​មួយខែ​ពី​ពាក់កណ្តាល​ខែមីនា ទៅដល់​ថ្ងៃ ១០​ខែមេសា​។ 

​គេ​កត់សម្គាល់ថា ចិន​កំពុង​ប្រើប្រាស់​ទឹកជា​នយោបាយ​ការទូត ព្រោះ មុន​ចាប់ផ្តើម​បង្ហូរទឹក ចិន​ក៏បាន​បញ្ជូន​លិខិត​របស់ខ្លួន​ទៅកាន់​ប្រទេស​បួន​ដែលជា​សមាជិក​គណកម្មកា​រ​ទន្លេមេគង្គ មាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម ដោយ​បង្ហាញ​ពី​ផែនការ​បន្ថយ​កម្រិត​ទឹក​ក្នុង​ទំនប់​វា​រី​អគ្គិសនី​ខ្លួន ដើម្បី​សង្គ្រោះ​ប្រទេស​ដែល​ខ្វះ​ទឹក​ប្រើប្រាស់​។

​បើ​យោងតាម​សារព័ត៌មាន​ថៃ The Nations មិន​ត្រឹមតែ​ផ្ញើលិខិត​ប៉ុណ្ណោះ​ទេ ចិន​បាន​ចាត់តាំង​និង​បញ្ជូន​ទូត​របស់ខ្លួន​ទៅ​ផ្តល់ដំណឹង​ដល់​បណ្តា​ប្រទេស​ទាំង​បួន​ផងដែរ ហើយ​សកម្មភាព​បែបនេះ​មិនដែល​ធ្លាប់មាន​ទាល់តែសោះ​កន្លងមក​។ ហើយ​មហា​យក្ស​ចិន​ក៏​សន្យាថា​នឹង​សហការ​ជាមួយ​ប្រទេស​ទាំង​បួន​ខាងលើ​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បី​តាមដាន​ស្ថានការណ៍​និង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ផង​។​

​ក្រោយ​ការអនុវត្ត​ផែនការ ប្រទេស​ជា​មិត្ត​និង​ស្ថិតនៅ​ជាប់​ដង​ទន្លេ​មេគ្គ​ដែល​កំពុង​ប្រឈម​កង្វះ​ទឹក​ប្រើប្រាស់​នោះ មាន​កម្ពុជា ឡាវ ថៃ និង​វៀតណាម​បាននាំគ្នា​សរសើរ​ពី​ចំណាត់ការ​របស់​ចិន​និង​ការគ្រប់គ្រង​ទឹក​ក្នុង​តំបន់​ដើម្បី​ជួយ​គ្នា​និង​បម្រើ​ប្រយោជន៍​គ្នា​ទៅវិញទៅមក​។

​វៀតណាម​កន្លងមក​អំ​ពា​វ​នាវ​ឲ្យ​ចិន​បើក​បង្ហូរទឹក​ចេញមក ដើម្បី​សង្គ្រោះ​កសិករ​ខ្លួន​ដែល​កំពុង​រង​ទុក្ខលំបាក​វេទនា​ព្រោះ​គ្រោះរាំងស្ងួត បង្ក​ឲ្យ​ការប្រែប្រួល​អាកាសធាតុ​នោះ​។ ក្រោយ​ចិន បើកទឹក​បង្ហូរ​មក វៀតណាម​បានប្រកាស​ស្វាគមន៍​និង​កោតសរសើរ​ចិន​ឥត​ដាច់​។

​ត្រលប់​ទៅ​ថៃ​វិញ ទាំង​ប្រជាជន អង្គការ​និង​រដ្ឋាភិបាល​បានចាត់ទុក​សកម្មភាព​របស់​ចិន ជា​ឆន្ទៈ​ល្អ​ក្នុង​ការសហការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​។ ថៃ​ថា ចិន​ឥឡូវនេះ​មាន​តម្លាភាព​ជាង​មុន​ក្នុងការ​គ្រប់គ្រង​ទឹក​តាម​ដង​ទន្លេមេគង្គ និង​មាន​ទំនួល​ខុសត្រូវ និង​ការឆ្លើយតប​ខ្ពស់​។

​ចំណែក​កម្ពុជា​វិញ​ក៏បាន​សរសើរ​សកម្មភាព​ចិន​ដែរ​។ ក្រសួងការបរទេស​ក​ម្ពុ​ជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថ្ងៃ ១៦ មីនា​ដោយ​លើកឡើងថា «​ការបង្ហូរ​ទឹក​ចូល​ទន្លេមេគង្គ​នេះ បានបង្ហាញ​ជាថ្មី​ម្ដងទៀត​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ លើ​ការគ្រប់គ្រង​ធនធានទឹក​រវាង​បណ្ដា​ប្រទេស​មេគង្គ និង​ចិន ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​»៕


© រក្សាសិទ្ធិដោយ thmeythmey.com