អន្តរជាតិ
មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ថា អាមេរិក​នៅតែ​បង្ក​អរិយ​ភាព ទោះ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​
22, Mar 2016 , 7:59 am        
រូបភាព
ដោយ:
​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក អា​យ៉ា​តូ​ឡា អា​លី ខា​មេ​នី បានបង្ហាញ​ការមិនទុកចិត្ត​ទៅលើ​អាមេរិក និង​បានចាត់ទុក​អាមេរិក​នៅតែ​សត្រូវ​ចំពោះ​អ៊ីរ៉ង់​។ លោក​ក៏បាន​ព្រមាន​ដែរ​ថា នយោបាយ​របស់​អាមេរិក​នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍​ដែល​បានមកពី​ការដក​ទណ្ឌកម្ម ហើយ​អ៊ីរ៉ង់​នឹងមិន​ទុកចិត្ត​អាមេរិក​នោះទេ​។ លោក ខា​មេ​នី បញ្ជាក់​ដូចនេះ​កាលពី​ថ្ងៃទី​២០ ខែមីនា ខណៈពេលដែល​អាមេរិក​នៅ​មិនទាន់​ដក​ទណ្ឌកម្ម​ពី​អ៊ីរ៉ង់​នោះទេ បើទោះជា​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រួចហើយ​ក៏ដោយ​។



​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​អ៊ីរ៉ង់​នៅ​ទីក្រុង​ពិសិដ្ឋ Mashhad លោក អា​យ៉ា​តូ​ឡា អា​លី ខា​មេ​នី បានលើកឡើង​ពី​ការ​នយោបាយ​មិនល្អ​របស់​អាមេរិក​ចំពោះ​អ៊ីរ៉ង់ ហើយ​លោក​បាន​ប្រាប់​ប្រជាជន​អ៊ីរ៉ង់​មិនត្រូវ​ជឿ​អតីត​គូសត្រូវ​របស់ខ្លួន​នោះទេ​។ ការនិយាយ​រិះគន់​របស់​មេដឹកនាំ​កំពូល​រូបនេះ​ធ្វើឡើង ស្រប​ពេលដែល​អាមេរិក​បន្ត​ដាក់ទណ្ឌកម្ម​របស់ខ្លួន​មកលើ​អ៊ីរ៉ង់ ទោះ​សហគមន៍​អន្តរជាតិ​បាន​ដក​ទណ្ឌកម្ម​ភាគច្រើន​រួច​ហើយក៏​ដោយនៅ​ខែមករា​ឆ្នាំ​២០១៦ ចាប់តាំងពី​ការសម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​២០១៥​។​

​ជាមួយគ្នា​នោះដែរ លោក​ខា​មេ​នី ក៏បាន​បញ្ជាក់​ពី​ការភ័យខ្លាច​លើ​បទបញ្ជា​របស់​អាមេរិក នាំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ធំៗ​មិន​ហ៊ាន​រកស៊ី​នៅ​អ៊ីរ៉ង់ ជាពិសេស​ក្រុមហ៊ុន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ តាមរយៈ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ទណ្ឌកម្ម​ជាច្រើន​ត្រូវបាន​ដកចេញ​នៅ​ដើមឆ្នាំ​២០១៦​នេះ ហើយពី​ពេល​នោះមក ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​បាន​សម្រុកចូល​អ៊ីរ៉ង់​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ ព្រមទាំង​មានការ​ចុះហត្ថលេខា​លើ​ពាណិជ្ជកម្ម​មានតម្លៃ​រាប់ពាន់​ដុល្លារ​ផងដែរ​។​

​យ៉ាងណាមិញ បើតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ធនាគារ​អឺរ៉ុប​និង​ក្រុមហ៊ុន​ផ្សេងទៀត នៅតែ​រារែក​នឹង​ការ​បណ្ដាក់​ទុក​នៅ​ប្រទេស​ជ​ម្ឈិ​ម​បូព៌ា​មួយ​នេះ ដោយសារតែ​ទណ្ឌកម្ម​ភាគច្រើន​របស់​អាមេរិក​នៅ​មិនទាន់​ដកចេញ​នៅឡើយ​។ ដោយសារ​បញ្ហា​នេះ​លោក ខា​មេ​នី និយាយថា នេះ​ជាស​ញ្ញា​ដែល​អ៊ីរ៉ង់​ត្រូវ​ពឹង​ផ្អែកលើ​ខ្លួនឯង ពីព្រោះ​អាមេរិក​និង​ដៃគូរ​របស់ខ្លួន មិនអាច​ទុកចិត្ត​បានទេ​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការលើកឡើង​របស់លោក ខា​មេ​នី ហាក់ដូចជា​ផ្ទុយ​នឹង​នយោបាយ​របស់លោក​ប្រធានាធិបតី ហាស​សាន់ រ៉ូ​ហា​នី ដែល​ព្យាយាម​សម្រេច​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​មហាអំណាច​ពិភពលោក​។ ក្នុង​សារ​វីដេអូ​មួយ លោក រ៉ូ​ហា​នី និ​យា​ថា ការបន្ត​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ គឺជា​ចំណុច​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​។​

​សូម​បញ្ជាក់ដែរថា ប្រធានាធិបតី រ៉ូ​ហា​នី និង​ក្រុម​សម្ព័ន្ធមិត្ត​របស់លោក​ទ​ទួល​សំឡេង​ភាគច្រើន​ក្នុងការ​បោះឆ្នោត​សភា​កាលពី​ខែ​មុន​។ ជ័យជម្នះ​នេះ នឹងធ្វើ​ឲ្យ​លោក​អាចអនុវត្ត​ការបើកចំហ​សេដ្ឋកិច្ច​របស់​អ៊ី​រ់ង់​ឲ្យ​កាន់តែ​ទូលាយ​ថែមទៀត បើទោះជា​ក្រុម​អភិរក្ស ទំនងជា​មិន​គាំទ្រ​លោក​ក៏ដោយ​៕ 


Tag:
 អ៊ីរ៉ង់​
  ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com