ពីនេះ ពីនោះ
តើធម្មជាតិមនុស្សល្អ ឬអាក្រក់?
× ភ្នំពេញ៖ មនុស្សគឺជាភាវៈរស់មួយប្រភេទដែលមានលក្ខណៈពិសេសជាងភាវៈរស់រាប់លានប្រភេទនៅក្នុងចក្រវាឡ នោះគឺមនុស្សជាភាវៈមានវិចារណញ្ញាណ។ មនុស្សមានវិចារណញ្ញាណ នោះគឺមានន័យថា មនុស្សចេះគិតពិចារណា ដឹងខុស ដឹងត្រូវ ដឹងបុណ្យ ដឹងបាប ស្គាល់ល្អ ស្គាល់អាក្រក់ និងចេះគ្រប់គ្រងលើសកម្មភាពរស់នៅរបស់ខ្លួនថាគួរធ្វើអ្វី និងមិនគួរធ្វើអ្វីជាដើម។ ប៉ុន្តែ ចុះហេតុអ្វីបានជាមានមនុស្សល្អ មនុស្សអាក្រក់? តើជាទូទៅធម្មជាតិរបស់មនុស្សបែបណាវិញ?
នៅក្នុងការគិតទស្សនវិជ្ជា អ្នកប្រាជ្ញាជំនាញទស្សនវិជ្ជាបានកំណត់យកទស្សនៈបី ស្ដីពីធម្មជាតិរបស់មនុស្ស។ នៅក្នុងទស្សនៈទាំងបីនេះ ទស្សនវិទូខ្លះយល់ឃើញថា ធម្មជាតិមនុស្សគឺអាក្រក់ ខ្លះយល់ថាល្អ ចំណែកខ្លះទៀតយល់ថាអព្យាក្រឹត គឺមិនល្អ មិនអាក្រក់។
ចំពោះទស្សនៈទីមួយ អះអាងថា ធម្មជាតិរបស់មនុស្សគឺអាក្រក់។ អ្នកដែលមានទស្សនៈបែបនេះគឺ លើឡើងប្រហាក់ប្រហែលគ្នា រវាងលោក St. Augustine ជាទស្សនវិទូខាងគ្រិស្ដសាសនា, អ្នកជីវវិទូនៅស.វទី១៩, អ្នកសេដ្ឋកិច្ចវិទូ ជាពិសេសគឺទស្សនៈដ៏រឹងមាំរបស់ទស្សនវិទូលោក Thomas Hobbes។ លោក St. Augustine បានអះអាងថា កំណើតរបស់មនុស្ស បាននាំមកនូវអំពើបាបនានា មកជាប់ខ្លួនតាំងពីកំណើត ហេតុនេះធម្មជាតិរបស់មនុស្សគឺអាក្រក់ ដោយផ្អែកយ៉ាងខ្លាំងទៅលើរឿងនិទានក្នុងគ្រិស្ដសាសនា។ ចំណែកទស្សនវិទូផ្សេងៗ យល់ថាធម្មជាតិរបស់មនុស្សអាក្រក់ ព្រោះមនុស្សមានសារជាតិ អាត្មានិយម អត្តទត្ថបុគ្គល លោភលន់ កាចសាហាវ និងពុករលួយ។
ផ្ទុយទៅវិញ ទស្សនៈទីពីរ បានអះអាងថា ធម្មជាតិរបស់មនុស្សគឺល្អ ព្រោះមនុស្សគឺជាផ្នែកមួយនៃធម្មជាតិ ដោយធម្មជាតិវាល្អ ដូចនេះមនុស្សក៏ត្រូវចាត់ទុកថាល្អដែរ។ ប៉ុន្តែនៅពេលមនុស្សប្រមូលផ្ដុំគ្នារស់នៅជាសាធារណៈ ទៅជាសង្គមនីយកម្ម បានធ្វើឲ្យមនុស្សជួប ប្រទះជាមួយរូបភាពអំពើពុករលួយ អំពើបាប និងការជួបប្រទះបរិស្ថានជុំវិញខ្លួន បានចាប់ផ្ដើមធ្វើឲ្យមនុស្សក្លាយជាអាត្មានិយម មានភាពក្រអឺតក្រទម ចង់បានអំណាច នាំទៅរកសកម្មភាពកាចសាហាវ និងហិង្សានានា។ ចំពោះទស្សនៈថា ធម្មជាតិមនុស្សល្អ នេះគឺត្រូវបានគេសង្គេតឃើញថា ទស្សនវិទូដែលល្បីល្បាញជាងគេចំពោះគំនិតមួយនេះគឺលោក ហ្សង់ហ្សាក់ រ៉ូសូ, ខុងជឺ និងម៉េងជឺ ជាដើម។
យ៉ាងណាម៉ិញ ទស្សនៈទីបី បានអះអាងថា ធម្មជាតិរបស់មនុស្សគឺអព្យាក្រឹត គឺមានន័យថា ធម្មជាតិរបស់មនុស្សគឺមិនល្អ ហើយក៏មិនអាក្រក់ដែរ។ ប៉ុន្តែ ដោយសារសក្ដានុពលដ៏ធំធេងចំពោះអំពើល្អ និងអាក្រក់ មិនដូចសត្វថ្នាក់ទាបផ្សេងៗ មនុស្សមានទំនោរបត់បែន ហើយមានសមត្ថភាពរៀនសូត្រ ។ ការក្លាយទៅជាមនុស្សល្អឬអាក្រក់ គឺជាលទ្ធផលនៃឥទ្ធិពលនានាក្នុងបរិស្ថានជុំវិញ ហើយនឹងកិច្ចការនៅក្នុងចិត្ត គំនិតរបស់គេ ទាំងនេះហើយដែលគេគិតថា មនុស្សគឺជាភាវៈដែលចេះពិចារណា។ ទស្សនៈដែលកំណត់ថា ធម្មជាតិមនុស្សអព្យាក្រឹត គឺមានប្រជាប្រិយភាពចំពោះទស្សនវិទូ ចិត្តវិទូ និងអ្នកគរុវិទូ៕
ដកស្រង់ពីសៀវភៅ៖ ទស្សនវិជ្ជា, រៀបរៀង សាស្ត្រាចារ្យ ញ៉ឹម បាក់ងន
© រក្សាសិទ្ធិដោយ thmeythmey.com