ជាតិ
«​តុមូល​ស្មោះត្រង់​»​រវាង​សង្គម​ស៊ីវិល​ចិន​ជាមួយ​សង្គម​ស៊ីវិល និង​អ្នកកាសែត​ខ្មែរ​ចាប់ផ្តើម​នៅ​ប៉េកាំង​
27, Apr 2016 , 4:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រទេស​ចិន​-​ទីក្រុង​ប៉េកាំង​៖ អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​ក្រៅ​រដ្ឋាភិបាល​-​ក្នុង​រដ្ឋាភិបាល អ្នកស្រាវជ្រាវ​ឯករាជ្យ និង​អ្នកកាសែត​ឯករាជ្យ​ចំនួន​១៦​នាក់​មកពី​ស្ថាប័ន​ផ្សេងគ្នា​ត្រូវបាន​អញ្ជើញ​ដោយ​សកល​វិទ្យាល័យ​ចិន និង​ឧ​ត្ត​ម្ភ​ដោយ​មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ដើម្បី​ជជែក​គ្នា​ជុំវិញ​ផលប្រយោជន៍​របស់​កម្ពុ​ជា​ពី​មិត្ត​ចិន និង​ពី​រូបភាព​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​។ លើសពីនេះទៅទៀត ក្រុមការងារ​ទាំងពីរ​ភាគី​បាន​ជជែក​គ្នា​លើ​យុទ្ធសាស្ត្រ​«​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​»​ក្នុង​ភាពជា​មហាមិត្ត ស្មោះត្រង់​នឹង​គ្នា​ទៅវិញទៅមក​។



​នេះ​អាច​ថា គឺជា​លើកទីមួយ​ហើយ​ដែល​ភាគី​ចិន​ក្នុងនាម​ជា​សង្គម​ស៊ីវិល បាន​អញ្ជើញ​ភាគី​ខ្មែរ​(​សង្គម​ស៊ីវិល ឯករាជ្យ​ក្រៅ​រដ្ឋាភិបាល និង​ក្នុង​រដ្ឋាភិបាល​), អ្នកកាសែត និង​អ្នកស្រាវជ្រាវ​ឯករាជ្យ​ខ្មែរ​ចំនួន​១៦​រូប​មកពី​ស្ថាប័ន​ផ្សេងគ្នា​ឲ្យ​ចូលរួម​ជជែក​គ្នា​លើ​ផលប្រយោជន៍​ផ្សេងៗ និង​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​រវាង​កម្ពុ​ជា​-​ចិន​។



​អង្គការ​ស្តារ​កម្ពុជា​, អង្គការ​ជីវិត​ថ្លៃថ្នូរ​, អង្គការ NGO Forum, អង្គការ​អភិវឌ្ឍភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​(DPA) នាយកដ្ឋាន​សង្គម​ស៊ីវិល​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សិទ្ធិមនុស្ស​ក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី​, វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​… អ្នកកាសែត​ពី​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​, ពី Khmer Times, ពី​ទូរទស្សន៍ ទ​ទក​, ពី CTN និង​ពី​CNC ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​ជាន់ខ្ពស់​ស្តីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៃ​ប្រទេស​កម្ពុជា​នៅក្នុង​ប្រទេស​ចិន​។ ខាង​ភាគី​ចិន​មានដូចជា​៖ មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​, សកល​វិទ្យាល័យ​សិក្សា​ភាសាបរទេស​ទីក្រុង​ប៉េកាំង​, សកល​វិទ្យាល័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​វិទ្យាសាស្ត្រ Huazhong និង​ក្រុមហ៊ុន​ឯកជន​ធំៗ​របស់​ប្រទេស​ចិន​មួយចំនួន​ផងដែរ​។ អ្នកចូលរួម​ខាង​ភាគី​ចិន មានដូចជា​៖ អ្នកស្រាវជ្រាវ​, អ្នកជំនួញ​, សាស្ត្រ​ចា​រ្យ​សក​វិទ្យាល័យ​ជាន់ខ្ពស់​, មន្ត្រី​មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ និង​មាន​មន្ត្រី​ពី​គណបក្ស​ចិន​មួយចំនួន​ផងដែរ​។



​នៅ​ចំពោះមុខ​ភាគី​ចិន គណៈប្រតិភូ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក គង់ ភោគ សហ​ស្ថា​និក​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​លោក ដួង វី​រ័ត្ន ប្រធាន​នាយកដ្ឋាន​នៃ​នាយកដ្ឋាន​សង្គម​ស៊ីវិល អង្គការ​មិនមែន​រដ្ឋាភិបាល និង​សិទ្ធិមនុស្ស​ក្រោម​ដំបូល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សម្តែង​កង្វល់​មួយចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​ប្រឈម​នាពេល​កន្លងមក​ដោយ​សារ​ក្រុមហ៊ុន​ចិន​រកស៊ី​ទទួលទាន​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​សំណូមពរ​ជូន​ភាគី​ចិន​ឲ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើ​។ ជាការ​ឆ្លើយតប ភាគី​ចិន​ទទួលយក​រាល់​ការ​សំណូមពរ​របស់​ភាគី​ខ្មែរ និង​សន្យា​ដោះស្រាយ​ជូន​ពលរដ្ឋ​ខ្មែរ​ក្នុងន័យ​ស្មោះត្រង់​។ រាល់​ជំនួប​ម្តងៗ​រវាង​គណៈប្រតិភូ​ខ្មែរ និង​ចិន តំណាង​នៃ​ភាគី​ទាំងពីរ​តែងតែ​លើកឡើង​នូវ​ពាក្យ​មួយ​ម៉ាត់​ថា​៖«​នេះ​គឺជា​ការជជែក​គ្នា​ក្នុងនាម​ជា​មហាមិត្ត ជា​បង​ជា​ប្អូន ស្មោះត្រង់ យោគយល់ និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​»​។



​ដោយសារតែ​ពាក្យ​នេះហើយ ទើប​ភាគី​ទាំងពីរ​បាន​ជជែក​គ្នា​ក្នុង​បរិយាកាស​យោគយល់​គ្នា​បំផុត និង​ប្រកបដោយ​ផ្លែផ្កា​។ លោក ម៉ម សម្បត្តិ  នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍ​ភាពជា​ដៃគូ​ក្នុង​សកម្មភាព​(DPA)​បាន​ថ្លែ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅក្នុង​ទីក្រុង​ប៉េកាំង​ក្រោយ​កិច្ចប្រជុំ​ដោយ​វាយតម្លៃថា​៖«​នេះ​គឺជា​កិច្ចប្រជុំ​បើកចំហរ បើកឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ចិន​ស្វែងយល់​គ្នា និង​ម្យ៉ាងទៀត វេទិកា​នេះ មានន័យថា ភាគី​ចិន ចង់​ស្តាប់​យោបល់​របស់​ពលរដ្ឋ​ខ្មែរ ចង់​ស្តាប់​គំនិត​អ្នកសារព័ត៌មាន​ខ្មែរ​។ ភាគី​ចិន​ស្តាប់​យើង​ដោយ​ប្រុងប្រយ័ត្ន ហើយ​គេ​ផ្តល់ឱកាស​ឲ្យ​យើង​ជូន​ជា​យោបល់​ទៅ​គេ​វិញ ក្នុងន័យ​ស្មោះត្រង់ ដើម្បី​ស្ថាបនា កែលម្អរ ជាពិសេស ទាក់ទង​ទៅនឹង​សកម្មភាព​ក្រុមហ៊ុន​ចិន​មួយចំនួន​ដែល​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​»​។ អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​ផ្សេងទៀត អបអរសាទរ​ជំហរ​របស់​ភាគី​ចិន​ដែល​ទទួលយក​រាល់​ការលើកឡើង​របស់​គណៈ​ប្រតិភូ​ខ្មែរ​។


​ក្រោយ​កិច្ចពិភាក្សា ភាគី​ទាំងពីរ​ចិន និង​កម្ពុជា សម្តែង​បំណង​បង្កើត​បណ្តាញ​ឯករាជ្យ​មួយ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ដែល​បាន​កើតឡើង​, ដែល​អាច​នឹង​កើតមានឡើង​នាពេល​អនាគត និង​ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ​នាពេល​អនាគត​។



​លោក គង់ ភោគ សហ​ស្ថា​និក​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ ដែលជា​អ្នកដឹកនាំ​គណៈប្រតិភូ​ខ្មែរ​បានលើកឡើង​នៅក្នុង​ទីក្រុង​ប៉េកាំង​ថា​៖«​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ គឺ​មិនមែន​ត្រឹមតែ​ពង្រីក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ​។ តែ​វា គឺជា​ការសហការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​លើសពី​វិស័យសេដ្ឋកិច្ច​… ហើយ​វា​គឺជា​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស​។ ដូច្នេះ សង្គម​ស៊ីវិល និង​សារព័ត៌មាន គឺជា​អ្នកធ្វើការ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​»​។ លោក ភោគ បាន​លើកឡើងថា សង្គម​ស៊ីវិល និង សារព័ត៌មាន ពិតជា​អាច​ចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្មែរ​តាមរយៈ​ផ្លូវ​មួយ​ខ្សែរ ក្រវ៉ាត់​មួយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com