ពីនេះ ពីនោះ
«​ផ្លូវវៀច​កុំ​បោះបង់ ផ្លូវត្រង់​កុំ​ចោល​»៖ ជា​សុភាសិត​បែប​យុទ្ធសាស្ត្រ
14, Jun 2016 , 7:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ផ្លូវ​មាន​ជិត​មាន​ឆ្ងាយ មាន​តូច​មាន​ធំ មាន​ត្រង់​មាន​រៀច ទៅតាម​លក្ខខណ្ឌ​នៃ សណ្ឋាន​ដី ទីតាំង​ភូមិសាស្ត្រ និង​ភាព​មមា​រញឹក​នៃ​ការប្រើប្រាស់​។ មនុស្ស​ក៏មាន​បែបផែន​នៃ​ការរស់នៅ ទៅតាម​ស្ថានភាព និង​កាលៈទេសៈ​ផងដែរ​។ ហេតុ​ន​ដូចនេះហើយ​ទើប ដូនតា​ខ្មែរ​លោក​បានលើកឡើង​ជា​សុភាសិត​ថា «​ផ្លូវវៀច​កុំ​បោះបង់ ផ្លូវត្រង់​កុំ​ចោល​»​។ តើ​សុភាសិត​មួយ​នេះ អាច​ត្រឹមត្រូវ​ក្នុងការ​ប្រើប្រាស់ ក្នុង​រូបភាព​អ្វីខ្លះ​?



​សុភាសិត​«​ផ្លូវវៀច​កុំ​បោះបង់ ផ្លូវត្រង់​កុំ​ចោល​» ប្រសិនបើ​អ្នក​ពិចារណា​ក្នុងន័យ​ធម្មតា ឬ​ន័យត្រង់ គឺមាន​ន័យ​ត្រឹម​ថា នៅពេល​ធ្វើដំណើរ​ទៅណា​មក​ណា អ្នកធ្វើដំណើរ​ត្រូវ​ចេះ​ស្គាល់ កាលៈទេសៈ​ផ្លូវ​។ ព្រោះថា នៅពេល​ខ្លះ នៅពេល​អ្នកដំណើរ​ចេះតែ​ដើរ​នៅលើ​ផ្លូវត្រង់​រហូត​អាច​ជួប​បញ្ហា​អ្វីមួយ តែបើ​ដើរ​លើផ្លូវ​វៀច​រហូត​ក៏​អាច​ជួប​និង​រឿង​ដែល​នាំ​ឲ្យ​ខ្លួន​ទទួលបាន​មហន្តរាយ​ដល់​ខ្លួន​ដូចគ្នា​។ ហេតុនេះ​ជា​គំនិត​របស់​សុភាសិត គឺ​ចង់​ឲ្យ​អ្នកដំណើរ​ទាំងឡាយ​ត្រូវ​ចេះ​ស្គាល់​ស្ថានភាព​ផ្លូវ​ក្នុងការ​ធ្វើដំណើរ ហើយ​មិនត្រូវ​ដើរ​តែ​លើផ្លូវ​ណាមួយ​ហើយ​បោះបង់ចោល​មួយណា​ឡើយ​។​

​ប៉ុន្តែ​នៅពេល​គេ​ពិចារណា​ឲ្យ​ស៊ីជម្រៅ​បន្តិច សុភាសិត​នេះ គឺជា​ទស្សនៈ​របស់​ដូនតា​ខ្មែរ បែប​យុទ្ធសាស្ត្រ​ជីវិត​ដែល​ជាប់ទាក់ទង ការរស់នៅ​ក្នុងសង្គម ជីវិត​ជា​អ្នកនយោបាយ អាជីព​ជា​អ្នកធ្វើ​ពាណិជ្ជកម្ម ជាដើម​។ កត្តា​នេះ​គឺ​មានន័យថា ការរស់នៅ​ក្នុងសង្គម តែងតែមាន​មនុស្ស​ល្អ មនុស្ស​អាក្រក់ មនុស្ស​ចិត្តធម៌ មនុស្ស​មាន​សន្ដាន​បី​សាច មនុស្ស​សម្ដី​ផ្អែម​សម្ដី​ប្រៃ មនុស្ស​អែបអប និយាយ​រួម​គឺមាន​មនុស្ស​គ្រប់​ប្រភេទ គ្រប់ជំពូក​។ ហេតុនេះ ដើម្បី​ទប់ទល់​ជាមួយ​បុគ្គល​ទាំងនោះ សម្រប​ខ្លួន​ក្នុងចំណោម​មនុស្ស​ទាំងនេះ ការប្រើប្រាស់​យុទ្ធវិធី​ជីវិត​គឺ​ត្រូវតែមាន​ទៅតាម​ប្រភេទ​មនុស្ស ប្រភេទ​បុគ្គល​។ យ៉ាងណា ប្រសិនបើ​ក្នុងចំណោម​មនុស្ស​ល្អ ផ្លូវ​ល្អ​កុំ​បោះបង់ តែ​បើជា​មនុស្ស​អាក្រក់ ផ្លូវវៀច​គឺ​សាក​សម​បំផុត​។​

​យ៉ាងណាមិញ ក្នុង​វិថី​ជា​អ្នកនយោបាយ​វិញ គឺ​រឹតតែ​ចំ រឹតតែ​មិនអាច​ប្រកែក​បាន​ចំពោះ​សុភាសិត​មួយ​នេះ​។ ដោយហេតុថា បើសិនជា​និយាយ​ពី​នយោបាយ គឺ​គេ​មិន​ភ្លេច​ឡើយ​ល្បិច វិធីសាស្ត្រ យុទ្ធសាស្ត្រ ដើម្បី​ប្រើប្រាស់​ក្នុងការ​ប្រកួតប្រជែង​។ ក្នុងករណីនេះ ទាំង​ផ្លូវវៀច ទាំង​ផ្លូវត្រង់​អ្នកនយោបាយ​ត្រូវ​ប្រើ​ទាំងពីរ ដើម្បី​កិច្ចការ​របស់ខ្លួន​ទទួលបាន​ជោគជ័យ​។ ប៉ុន្តែ​ចំពោះ​កន្លែង​ថា​«​ផ្លូវវៀច​កុំ​បោះបង់​» បើ​ប្រើ​ក្នុង​នយោបាយ​អាចមាន​ពីររូប​ភាព គឺ​ទីមួយ​ប្រើប្រាស់​វិធីសាស្ត្រ​អាក្រក់​ក្នុង​គោលដៅ​អាក្រក់ ទី​ពីរ​ប្រើប្រាស់​ភាពបត់បែន ក្នុង​គោលបំណង​ទទួលបាន​ផល​វិជ្ជមាន និង​មាន​ប្រយោជន៍​ជូន​មនុស្ស​ទូទៅ ទាំងនេះ​គឺ​អាស្រ័យ​លើ​គំនិត​របស់​អ្នកនយោបាយ​។

​ចំណែក​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម សុភាសិត​មួយ​នេះ​ក៏​ពិតជា​ត្រឹមត្រូវ ទៅតាម​របៀប​នៃ​ការធ្វើ​ពាណិជ្ជកម្ម​។ ការធ្វើ​ពាណិជ្ជកម្ម ភាពបត់បែន​របស់​ពាណិជ្ជករ ដើម្បី​ទទួលបាន​អតិថិជន គឺជា​រឿង​ដែល​សំខាន់​។ រីឯ ការផ្ដល់​សេចក្ដីទុកចិត្ត​ដល់​អតិថិជន​ក៏​រឹតតែ​សំខាន់​ទៅទៀត​។ ប៉ុន្តែ​អ្វីដែល​រឹតតែ​សំខាន់​គឺ​ការទាក់ទាញ​អតិថិជន រក្សា​អតិថិជន និង​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ប្រកួតប្រជែង គឺ​ពិតជា​សំខាន់បំផុត​។ ហេតុនេះ ទាំង​ផ្លូវវៀច និង​ត្រង់ ពាណិជ្ជករ មិនអាច​បោះបង់ចោល​មួយណា​បានឡើយ​។​

​សរុបមក សុភាសិត​របស់​ដូនតា​ខ្មែរ ដែល​បាន​លើកឡើងថា «​ផ្លូវវៀច​កុំ​បោះបង់ ផ្លូវត្រង់​កុំ​ចោល​» ថ្វី​ដ្បិតថា​មិនបាន​ប្រាប់​យើង​ពី​វិធីសាស្ត្រ​ណាមួយ ប៉ុន្តែ​សុភាសិត​នេះ គឺជា​ប្រភេទ​ទស្សនៈ​មួយ​ដែលមាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ជីវិត ដែល​ណែនាំ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ចេះ​ពិចារណា​ពី​វិធី​ដឹកនាំ​ជីវិត​៕


Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com