អន្តរជាតិ
ស៊ីម​បា​វ៉េ​ស្នើ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អាហ្វ្រិក​កាត់ទោស​មេដឹកនាំ​លោកខាងលិច​
13, Jun 2016 , 8:19 pm        
រូបភាព
​ប្រមុខរដ្ឋ​ស៊ីម​បា​វ៉េ វ័យ ៩៣ លោក រ៉ួ​បឺត មូ​ហ្កា​បេ (Robert Mugabe) បានចេញ​មុខ​ស្នើ​ឲ្យ​បណ្តា​ប្រទេស​អាហ្វ្រិក​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) សម្រាប់​តំបន់​អាហ្វ្រិក​មួយ ដើម្បី​កាត់ទោស​មេដឹកនាំ​លោកខាងលិច​។ កន្លងមក​អាហ្វ្រិក​ចោទ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ថា​ជា​ឧបករណ៍​នយោបាយ​លោកខាងលិច និង​ជា​តុលាការ​ចក្រពត្តិ​ជិះជាន់​ទ្វីបអាហ្វ្រិក​។



សូមស្ដាប់ព័ត៌មានលម្អិត៖

**audio2**

​ក្រោយ​បញ្ចប់​អាណត្តិ​ជា​ប្រធាន​សហភាព អាហ្វ្រិក ប្រធានាធិបតី​ស៊ីម​បា​រ៉េ រ៉ូបឺត មូ​ហ្កា​បេ បាន​អំពាវនាវ​ឲ្យ​បណ្តា​រដ្ឋ​អាហ្វ្រិក​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ប​ង្កើ​តុលាការ​ឧក្រិដ្ឋកម្ម​អាហ្វ្រិក​មួយ​ដើម្បី​កាត់ទោស មេដឹកនាំ​លោកខាងលិច​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ធ្ងន់ធ្ងរ​។

​យោងតាម​សារព័ត៌មាន  The Chronicle  លោក មូ​ហ្កា​បេ ពន្យល់ថា​វា​ជា​ពេលវេលា​សមស្រប​ដែល​អាហ្វ្រិក​ត្រូវបង្កើត តុលាការ​ព្រហ្មទណ្ឌ​ផ្ទាល់ខ្លួន​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ក្នុង​សំណុំរឿង ឧក្រិដ្ឋកម្ម​សង្គ្រាម  និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​ប្រព្រឹត្ត​ដោយ​បណ្តា​ប្រទេស​លោកខាងលិច​ជាពិសេស​អំឡុង​សម័យ​អាណានិគម​។​

​លោក​ថ្លែងថា​៖« ពួកគេ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សម័យ​អាណានិគម ដោយ​សម្លាប់​រង្គាល​និង​ដាក់ពន្ធនាគារ​ប្រជាជន​យើង​។ ដូចជា​សំណុំរឿង​ខ្ញុំ​នេះ​ស្រាប់ ហេតុអ្វី​ខ្ញុំ​ត្រូវគេ​ដាក់ពន្ធនាគារ​អស់​១១​ឆ្នាំ​? យើង​អភ័យទោស​ឲ្យ​ពួកគេ ប៉ុន្តែ​យើង​ប្រហែលជា​មិនបាន​រក​យុត្តិធម៌​សម្រាប់​ខ្លួន​យើង​ទេ​។ អ្នកមាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដូច្នេះ​យើង​ក៏​ត្រូវមាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​យើង​ដែរ​ដើម្បី​កាត់ទោស​មេដឹកនាំ​អឺរ៉ុប និង ច​ច ដា​បិ​ល យូ​ប៊ូ​ស និង តូ​នី​ប្ល៊ែ​រ​»​។   

​ជា​ញឹកញាប់ បណ្តា​មេដឹកនាំ​អាហ្វ្រិក​រិះគន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០២ តាមរយៈ​លក្ខន្តិកៈ​ទីក្រុង រ៉ូម និង មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់​។ ពួកគេ​ចាត់ទុក​តុលាការ​នេះ​ជា​ឧបករណ៍​នយោបាយ​ប្រទេស​លោកខាងលិច ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជិះជាន់​ប្រទេស​ក្រីក្រ​ជាពិសេស​អាហ្វ្រិក​។ នេះ​ក៏ដោយ​សារ​តុលាការ​នេះ​បើក​ស៊ើបអង្កេត​សំណុំរឿង​ភាគច្រើន​នៅ​អាហ្វ្រិក ហើយ​មេដឹកនាំ​អាហ្វ្រិក​ជាច្រើន​រង​ការចោទប្រកាន់​ពី​តុលាការ​នេះ​ថែមទៀត​។ កន្លងមក​មេដឹកនាំ​មួយចំនួន​ចង់​ស្នើ​ឲ្យ​មានការ​ផ្តល់​អភ័យឯកសិទ្ធិ​ការទូត​ដល់​បណ្តា​មេដឹកនាំ​អាហ្វ្រិក​ដើម្បី​ឲ្យ​ពួកគេ​រួច​ផុតពី​ការចោទប្រកាន់​និង​កាត់ទោស​ពី​សំណាក់​តុលាការ​នេះ​ថែមទៀត​។​

​សូមបញ្ជាក់ថា តុលាការ​នេះ​មាន​យុត្តាធិការ​លើ​សំណុំរឿង​បួន​ធំៗ​ក្នុងនោះ​មានដូចជា ប្រល័យពូជសាសន៍​, ឧក្រិដ្ឋកម្ម​សង្គ្រាម​, ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង ឧក្រិដ្ឋកម្ម​ឈ្លានពាន​៕


Tag:
 ​រ៉ូបឺត មូ​ហ្កា​បេ​
  ICC
  សហភាព​អាហ្វ្រិក​
© រក្សាសិទ្ធិដោយ thmeythmey.com