ពីនេះ ពីនោះ
ព្រះពុទ្ធ​៖ អ្នកដឹកនាំ​ល្អ​ផ្ដល់​សេចក្ដីសុខ​៥​យ៉ាង​ដល់​ប្រជារាស្ត្រ​
15, Jun 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះសម្មាសម្ពុទ្ធ បាន​លើ​ឡើង​ថា មេដឹកនាំ​ល្អ​តែងតែ​ផ្ដល់​សេចក្ដីសុខ​៥​យ៉ាង​ដល់​ប្រជារាស្ត្រ​របស់ខ្លួន​។ តើ​សេចក្ដីសុខ​ទាំងនោះ​មាន​អ្វីខ្លះ​?



១.​សេចក្ដីសុខ​ព្រោះ​មានទ្រព្យៈ នោះ​គឺ​មានន័យថា មេដឹកនាំ​ល្អ ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​កែប្រែ​ស្ថានភាព​រស់នៅ​របស់​ប្រជាជន ឲ្យ​មាន​ទ្រព្យធន​សមរម្យ​។​

២.​សេចក្ដីសុខ​ព្រោះ​បាន​ប្រើប្រាស់​ទ្រព្យៈ ពេលខ្លះ​ពលរដ្ឋ​មានទ្រព្យ ហើយ​មិនអាច​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់ខ្លួន​នោះទេ ដោយ​មូលហេតុ​ផ្សេងៗ​។ ហេតុនេះ​មេដឹកនាំ​ល្អ ត្រូវធ្វើ​យ៉ាងណា​រៀបចំ​សង្គម​ឲ្យ​មាន​សុខសន្តិភាព ដើម្បី​ឲ្យ​ពលរដ្ឋ​មានឱកាស​បាន​ប្រើប្រាស់​ទ្រព្យធន​របស់ខ្លួន​។​

៣.​សេចក្ដីសុខ​ព្រោះ​មិន​ជំពាក់​បំណុល​គេៈ ពលរដ្ឋ​ក្រីក្រ​ច្រើន ជំពាក់​បំណុល​គេ​ច្រើន តែ​មេដឹកនាំ​មិន​យកចិត្តទុកដាក់ នោះ​គឺជា​ចំណុច​ធ្វេសប្រហែស​ដ៏​ធំ​របស់​មេដឹកនាំ​។ ហេតុនេះ មេដឹកនាំ​ត្រូវ​រៀបចំ​សង្គម​របស់ខ្លួន​ឲ្យ​មានការ​រីកចម្រើន ពលរដ្ឋ​អាចមាន​ច្រក​រំដោះខ្លួន​ពី​ការ​ជំពាក់​បំណុល​គេ​។​

៤.​សេចក្ដីសុខ​ព្រោះ​គ្មាន​ទោសៈ មេដឹកនាំ​ល្អ គេ​មិន​ចេះតែ​ខឹង​ក្រោធ ប្រើប្រាស់​អំណាច​បុណ្យស័ក្តិ ដើរ​ដាក់ទោស​ពលរដ្ឋ​ខ្លួនឯង​តាមចិត្ត​ចង់​ឡើយ​។

៥.​សេចក្ដីសុខ ព្រោះ​គ្មាន​សង្គ្រាមៈ គ្មាន​សង្គ្រាម​ឯណា ដែលជា​ក្ដី​ប្រាថ្នា​របស់​ប្រជាជន​នោះទេ​។ ហេតុ​រាស្ត្រ​នឹង​ទទួលបាន​សេចក្ដីសុខ នៅពេលដែល​មេដឹកនាំ អាច​នាំ​ប្រទេស​របស់ខ្លួន​ឲ្យ​ជៀស​ផុតពី​ភ្លើងសង្គ្រាម​បាន​។​

​ដកស្រង់​ពី​៖ ប្រវត្តិ​ទស្សនវិជ្ជា​នយោបាយ​, រៀបរៀង​ដោយ​លោកគ្រូ ជេ​ត ហុ​ល​


© រក្សាសិទ្ធិដោយ thmeythmey.com