ព័ត៍មានសុខភាព
របួសខ្ញុំបែបណា គួរប្រើទឹកកកស្អំ និងបែបណា មិនគួរស្អំ?
× បើយើងនិយាយជាទូទៅ ការស្អំទឹកកក គឺស្រួលរកទេ ជាពិសេស នៅពេលដែលអ្នក កំពុងតែមានរបួសស្រួចស្រាវ ដូចជាការដួលតិចតួចជាដើម។ ការស្អំទឹកកក ក៏មានប្រយោជន៍ណាស់ដែរ ក្នុងការកាត់បន្ថយ ភាពជាំនៅកន្លែង ដែលមានរបួសនោះ។
នៅត្រង់កន្លែងណាមួយនៃរាងកាយ ដែលមានរបួស ហើយស្ទាបទៅ មានអារម្មណ៍ក្តៅ ឡើងក្រហម និងរលាកនោះ គឺអ្នកអាចប្រើទឹកត្រជាក់ ឬទឹកកកស្អំបាន។ ភាពត្រជាក់ ជួយកាត់បន្ថយលំហូរឈាម ដូច្នេះ វាអាចគ្រប់គ្រងការហើមបានយ៉ាងល្អ។ ការស្អំទឹកត្រជាក់ មិនត្រឹមតែជួយបញ្ឈប់ការរលាកទេ តែក៏ជួយបំបាត់ការឈឺចាប់បានដែរ។ និយាយឲ្យខ្លីទៅគឺថា ការស្អំទឹកកក ឬត្រជាក់ អាចបំបាត់ការឈឺចាប់ ដោយមិនបាច់ភ័យ អំពីផលរំខានរបស់វាទេ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនគួរណាស្អំទឹកត្រជាក់ ឬទឹកកកនៅលើសាច់ដុំ ដែលឈឺចាប់ខ្លាំង ដោយសារតែវាធ្វើការច្រើនជ្រុលនោះទេ ព្រោះវាបើសិនជាអ្នកស្អំមែន វាគ្រាន់តែធ្វើឲ្យរោគសញ្ញា កាន់តែធ្ងន់ធ្ងរជាងមុនប៉ុណ្ណោះ។
យ៉ាងណាមិញ បើសិនជាអ្នកជួបអាការៈឈឺចាប់ខ្លាំងនៅចង្កេះ ឬកញ្ចឹងក ការស្អំទឹកត្រជាក់ ឬទឹកកក មិនមែនជាវិធីល្អ ក្នុងការបំបាត់រោគសញ្ញានេះឡើយ ព្រោះវាគ្រាន់តែធ្វើឲ្យឈឺខ្លាំងប៉ុណ្ណោះ។ ក្បួនរបស់វាគឺថា ចូរស្អំទឹកក្តៅ នៅលើសាច់ដុំដែលមានរបួស និងស្អំទឹកត្រជាក់ នៅលើបញ្ហាទាំងឡាយណា ដែលកើតមាននៅលើសន្លាក់ និងសរសៃចងសន្លាក់។
ក្រោយពីស្អំទឹកក្តៅ ឬត្រជាក់បាន ៣ ទៅ ៥ ថ្ងៃហើយ យកល្អ គួរតែប្តូរមកស្អំទឹកត្រជាក់ ឬក្តៅវិញ។ ការផ្លាស់ប្តូរសីតុណ្ហភាពស្អំបែបនេះ ធ្វើឲ្យសរសៃឈាមរីកធំ និងកន្ត្រាក់ ដែលជាហេតុនាំឲ្យមាន ការផ្គត់ផ្គង់អុកស៊ីសែន និងឈាមសម្បូរជីវជាតិ បានកាន់តែច្រើន ខណៈពេលដែលការបញ្ចេញកាកសំណល់នានា ក៏កាន់តែច្រើនដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com