អន្តរជាតិ
លោក​អូ​បា​ម៉ា អញ្ជើញ​លោកស្រី ស៊ូ​ជី ទៅ​ទស្សនកិច្ច​នៅ​អាមេរិក ក្រោយ​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​លេច​មុខមាត់​ក្នុង​ឆាក​អន្តរជាតិ
23, Jul 2016 , 11:39 am        
រូបភាព
ដោយ:
​លោកស្រី អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ de facto មី​យ៉ាន់​ម៉ា បាន​យល់ព្រម​ទទួល​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា់ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​។ តាម​ការ​អ​ញ្ចើ​ញ​នេះ វា នឹង​ក្លាយជា​លើកដំបូង​ហើយ​ដែល​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព និង​ជា​មាតា​ប្រជាធិបតេយ្យ​មី​យ៉ាន់​យ៉ា​រូបនេះ មាន​វត្ត​មាននៅ​ទឹកដី​អាមេរិក ក្រោយ​នៃ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​ដែលជា​ចំណុច​របត់​ប្រវត្តិសាស្ត្រ​នយោបាយ​មី​យ៉ាន់​ម៉ា​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​នោះ​។



សូមស្ដាប់ព័ត៌មានលម្អិត៖




«​រដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ទទួលយក​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក មុនពេល​ដែល​លោក​អូ​បា​ម៉ា បញ្ចប់​អាណត្តិ​ប្រធានាធិបតី​របស់លោក​»​។ នេះ​គឺជា​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​២១ ខែកក្កដា កន្លងទៅ ដែល​បាន​បន្ថែមថា លោកស្រី ស៊ូ​ជី គ្រោង​នឹង​បំពេញ​ទស្សនកិច្ច ទៅកាន់​អាមេរិក​នៅពេល​សមស្រប​មួយ​។

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Ben Rhodes បាន​ថ្លែង​ឲ្យ​ដឹង​ពី​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា នា​ជំនួប​ជាមួយនឹង​លោ​ស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃទី​២០ ខែកក្កដា ដែល​ស្ថិតនៅ​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោ​កម​កក​កាន់​មី​យ៉ាន់​ម៉ា​។

​អាមេរិក កាន់តែ​ចង់​ស្និទ្ធ​ជាមួយនឹង​មី​យ៉ាន់​ម៉ា ក្រោយ​ឃើញ​ដំណើរ​ឆ្ពោះទៅមុខ​នៃ​ប្រជាធិបតេយ្យ​
​សូម​ជម្រាប​ផងដែរ​ថា មី​យ៉ាន់​ម៉ា ធ្លាប់​ត្រូវបាន​គ្រប់គ្រង​ដោយ​យោធា​ជាច្រើន​ទសវត្សរ៍​មកហើយ​។ តែ​ប្រទេស​ដែលមាន​ប្រជាជន​ជម្រុះ​ជាតិ​សាសន៍​ច្រើន​មួយ​នេះ បានចាប់ផ្តើម​លេចមុខ​ក្នុង​ឆាក​អន្តរជាតិ ក្រោយពី​ការបោះឆ្នោត​ប្រជាធិបតេយ្យ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ​។ នោះ​គឺ អ្នកនយោបាយ​មី​យ៉ាន់​ម៉ា​ជាពិសេស​អ្នកនយោបាយ​ពាក់កណ្តាល​ស៊ីវិល​និង​យោធា បានបង្ហាញ​ភាពចាស់ទុំ​ផ្នែក​នយោបាយ ដោយ​ពួកគេ ហ៊ាន​ផ្ទេរអំណាច​ដោយ​សន្តិវិធី​។ ជាក់ស្តែង​នោះ​គឺ ការផ្ទេរ​តំណែង​ទៅ​ឲ្យ​រដ្ឋាភិបាល​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែលមាន​ប្រមុខ​បក្ស​គឺ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ទទួលរង​ការធ្វើ​បុក​ម្នេញ​ជាច្រើន​ឆ្នាំ​ហើយ​នោះ​។

​អ្វី​គួរកត់សម្គាល់​នោះ ក្រៅពី​ជា​អ្នក​ដំបូង​ដែល​បាន​សាទរ​ចំពោះ​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី អាមេរិក ក៏បាន​ប្រកាស​បន្ធូរបន្ថយ​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​មី​យ៉ាន់​ម៉ា​ដើម្បី​ជា​យន្តការ​មួយ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​មី​យ៉ាន់​ម៉ា​ដែល​បានដាក់​តាំងពី​ពេលដែល​ក្រុម​យោធា​ដឹកនាំ​។ ការបន្ធូរបន្ថយ​នេះ ក៏​ជា​ឆ្លើយតប​ទៅនឹង​ដំណើរ​ទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​ផងដែរ​។

​បន្ថែម​ពីនេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Ben Rhode ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ក្នុង​សប្តាហ៍​នេះ ក៏បាន​ប្រកាស​កញ្ចប់​ជំនួយ​ថ្មី​ប្រមាណ​២១​លាន​ដុល្លារ​ដើម្បី​គាំទ្រ​កំណើនសេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​ទៀតផង​។ ទីប្រឹក្សា​រូបនោះ ថែមទាំង​អះអាងថា អាមេរិក នឹង​បន្ត​ត្រួតពិនិត្យ​លើ​ទណ្ឌកម្ម​នោះ និង​បញ្ជាក់ថា អាមេរិក នឹង​គាំទ្រ​សម្រាប់​ការកសាង​ប្រជាធិបតេយ្យ​ឲ្យ​រឹងមាំ ការផ្សះផ្សា​ជាតិ និង​ដំណើរ​សន្តិភាព រួមជាមួយ​នឹង​ការផ្សាភ្ជាប់​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន​រវាង​ប្រទេស​ទាំងពីរ​ទៀត​។

​ជំនួប​លោក​អូ​បា​ម៉ា និង​លោកស្រី​ស៊ូ​ជី គឺជា​ជំនួប​មុខ​ចាស់​ក្នុង​តំណែង​ថ្មី​
​បើទោះបីជា មី​យ៉ាន់​ម៉ា កំពុងតែ​ដឹកនាំ​ដោយ​មេដឹកនាំ​ស៊ីវិល​បែប​លទ្ធិប្រជាធិបតេយ្យ​ក៏ដោយ ចំណុច​នេះ មិនទាន់​បំពេញ​តាម​ការចង់បាន​របស់​អាមេរិក​ឡើយ​។ នោះ​ក៏​ព្រោះតែ យោធា​នៅតែ​បន្ត​តោង​អំណាច​នៅក្នុង​ប្រព័ន្ធ​នយោបាយ និង​បញ្ហា​សិទ្ធិមនុស្ស​ជាពិសេស​នោះ ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ​នោះទេ​។ តែ​បញ្ហា​នេះ មិនអាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​លោកស្រី ស៊ូ​ជី និង​លោក​អូ​ប៉ា​ម៉ា ឃ្លាតឆ្ងាយ​ពីគ្នា​ឡើយ​។

​លោកស្រី ស៊ូ​ជី ធា្ល​ប់​ជួប​លោក​អូ​ប៉ា​ម៉ា​ដំបូង​ក្នុងនាម​ជា​ប្រមុខ​បក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១២​។ ហើយ​វា ពេលនោះ ក៏​ជា​លើកដំបូង​ដែល​អាមេរិក បានបង្ហាញ និង​លើក​មុខមាត់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ក្នុង​ឆាក​អន្តរជាតិ ក្រោយ​លោកស្រី​ត្រូវបាន​ដោះលែង​ជា​ផ្លូវការ​ពី​ការឃុំ​រយៈពេល​១៧​ឆ្នាំ​ក្នុងផ្ទះ​ដោយ​ក្រុម​យោធា​។ ក្នុងពេល​នោះដែរ លោកស្រី ក៏បាន​ទទួលបាន​ល​មេដាយមាស​ពី​អាមេរិក​ផងដែរ​។

​ភាគី​ទាំងពីរ បាន​ជួបគ្នា​ជា​លើក​ទី​ពីរ ក្នុង​ឆ្នាំ​២០១៤ នៅក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា នាឱកាស​ដែល​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មី​យ៉ាន់​ម៉ា​ធ្វើជា​ប្រធាន​អាស៊ាន​។ ក្នុងពេលនោះ លោកស្រី ស៊ូ​ជី នៅតែ​ជា​ប្រមុខ​បក្សប្រឆាំង​នៅឡើយ​នោះទេ​។

​ដោយឡែក សម្រាប់​ការជួប​លោក​អូ​បា​ម៉ា នាពេលខាងមុខ​ដ៏​ខ្លី​នេះ លោកស្រី ស៊ូ​ជី មិនមែនជា​មេបក្ស​ប្រឆាំង​ទៀតឡើយ ពោលគឺ លោកស្រី គឺប្រធាន​បក្ស​កាន់អំណាច ហើយ​ដែល​គេ​មើលឃើញថា ជា​មេដឹកនាំ​ពិតប្រាកដ​របស់​មី​យ៉ាន់​ម៉ា​នោះ ៕


Tag:
 ​មី​យ៉ាន់​ម៉ា​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com