អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទី​ម័​រ​ខាងកើត ទទួល​សញ្ញា​វិជ្ជមាន ចំពោះ​ការសុំ​ចូល​ជា​សមាជិក​អាស៊ាន
26, Jul 2016 , 8:39 am        
រូបភាព
 ​ទី​ម័​រ​ខាងកើត ដែល​បានដាក់​សុំចូល​ជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ​២០១១ ហាក់​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ពី​អាស៊ាន ចំពោះ​ការ​សុំចូល​របស់ខ្លួន​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានចេញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ទាក់ទង​នឹង​ការសុំ​ចូល​របស់​ទី​ម័​រ​ខាងកើត ដែល​នេះ​ជា​ជំហាន​ថ្មី​មួយទៀត មុននឹង​ឈានដល់​ការយល់ព្រម​លើ​សំណើ​ទី​ម័​រ​ខាងកើត។

 
​ពី​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៤៩ បាន​បញ្ចប់ទៅ ជាមួយនឹង​ការចេញ​សេចក្ដីថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ ដែល​ក្នុងនោះ​ក៏មាន​សំណើ​ចូល​ជា​សមាជិក​ទី​១១ របស់​អាស៊ាន​ពី​សំណាក់​ទី​ម័​រ​ខាងកើត​ផងដែរ​។ ទី​ម័​រ​ខាងកើត ដែល​ក្លាយជា​រដ្ឋ​ឯករាជ្យ​ក្នង​ឆ្នាំ​២០០២ បានដាក់​ពាក្យ​ចូល​អាស៊ាន​តាំងពី​ឆ្នាំ​២០១១​មក​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃទី​២៥ ខែកក្កដា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង​ដប់ បានកត់សម្គាល់​ពី​ការបញ្ចប់​ការសិក្សា​ឯករាជ្យ​ចំនួន​បី លើ​ផលប៉ះពាល់​នៃ​ការដាក់​ពាក្យសុំ​ចូល​រប​ស់​ទី​ម័​រ នៅក្នុង​សសរស្ដម្ភ​ទាំងបី​របស់​អាស៊ាន​។ សសរស្ដម្ភ​ទាំងបី​របស់​អាស៊ាន រួមមាន​សហគម​ន៍ស​ន្តិ​សុខ​និង​នយោបាយ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​។​
 
​បន្ថែម​លើ​នេះ សេចក្ដីថ្លែងការណ៍​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន ក៏បាន​បញ្ជាក់ដែរថា ស្ថាប័ន​តាម​វិស័យ​មួយចំនួន​របស់​អាស៊ាន ក៏បាន​ចាប់ផ្ដើម​ការស្វែងរក​លទ្ធភាព​នៃ​ការចូលរួម​របស់​ទី​ម័​រ​ខាងកើតទៅក្នុង​សកម្មភាព​របស់ខ្លួន សំដៅ​កសាង​សមត្ថភាព​ផងដែរ​។ ការសិក្សា​នេះ គឺ​ស្របតាម​ការសម្រេច​រប​ស់​កិច្ចប្រជុំ​លើក​ទី​៥ នៃ​ក្រុមការងារ​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន កាលពី​ខែមិថុនា ឆ្នាំ​២០១៥​។ ហើយ​ឆ្នាំនេះ កិច្ចប្រជុំ​នៃ​ក្រុមការងារ​នេះ នឹង​ប្រជុំ​លើ​លទ្ធផល​នៃ​ការសិក្សា​ទាំងនោះ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា គឺ​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល​ទី​ម័​រ​ខាងកើត បាន​ស្នើសុំ​ធ្វើជា​សមាជិក​អាស៊ាន និង​ទន្ទឹងរង់ចាំ​ការយល់ព្រម​ជា​ឯកច្ឆន្ទ​ពី​សមាជិក​របស់​អាស៊ាន​ទាំង​១០​។ ជាមួយគ្នា​នោះ សមាជិក​អាស៊ាន ក៏បាន​យល់ព្រម​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​នៃ​រដ្ឋ​ថ្មី​ផងដែរ​។ ថ្មីៗ​នេះ​ទៀត លោក Rahmat Pramono អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​អាស៊ាន ក៏បាន​អះអាង​ដែរ ថា «​សា​ធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ ឬ​ទី​ម័​រ​ខាងកើត នឹង​ក្លាយជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​២០១៧​ហើយ​»​។ 
 
​ដូចដែល​បាន​បញ្ញត្តិ​ក្នុង​ជំពូក​ទី​៣ មាត្រា​៦ នៃ​ធម្មនុញ្ញ​អាស៊ាន ដើម្បី​ក្លាយជា​សមាជិក​របស់​អា​ស៊ាន រដ្ឋ​ដែល​បានដាក់​ស្នើ​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​គ្រឹះ​មួយចំនួន​។ ក្នុងនោះ​រួមមាន ត្រូវមាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ការទទួលស្គាល់​ពីរ​ដ្ឋ​អាស៊ាន​ទាំងអស់ គោរព​តាម​ធម្មនុញ្ញ​អាស៊ាន និង​ជាពិសេស​នោះ​ត្រូវ​ទទួលបាន​ការយល់ព្រម​ជា​ឯក​ច្ឆ័​ន​ពី​រដ្ឋ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​ផងដែរ​៕       

Tag:
 អាស៊ាន​
 ​ទី​ម័​រ​ខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com