អន្តរជាតិ
ប្រជាមតិថៃ៖ ប្រជាជនថៃគួរបង្ខំចិត្តយករដ្ឋធម្មនុញ្ញទី២០ ឬឲ្យលោកប្រាយុទ្ធបន្តកាន់តំណែង?
× គឺថ្ងៃអាទិត្យទី០៧ ខែសីហានេះហើយ ដែលប្រជាជនថៃ នឹងត្រូវក្លាយជាអ្នកកំណត់ និងជាម្ចាស់ជោគវាសនានៃលទ្ធិប្រជាធិបតេយ្យថៃតាមរយៈការបោះឆ្នោតប្រជាមតិលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីដែលធ្វើឡើងក្រោមរបបសឹករបស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទ អូចា (Prayuth Chan O Cha)។ តើរាជាណាចក្រថៃ ដែលមានលទ្ធិប្រជាធិបតេយ្យចាក់ឬសជាច្រើនទសវត្សរ៍ហើយនោះ អាចរួចផុតពីការដឹកនាំដោយរដ្ឋាភិបាលរបបសឹកឬយ៉ាងណា?
លទ្ធផលនៃការធ្វើប្រជាមតិលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថៃ គឺជារឿងមួយដែលមិនទាន់មានភាពជាក់លាក់ និងមិនអាចទស្សន៍ទាយមុនបាននៅឡើយនោះទេ ពោលគឺ ថាតើប្រជាជនភាគច្រើន នឹងបោះឆ្នោតគាំទ្រសេចក្តីព្រាងនោះ ឬក៏ប្រឆាំង។ ក៏ប៉ុន្តែលទ្ធភាពពីរដែលគេគួរយល់ដឹង និងត្រៀមខ្លួនទទួលយកនោះគឺ ទី១ រដ្ឋធម្មនុញ្ញទី២០ និងទី២ ការបន្តដឹកនាំប្រទេសដោយរដ្ឋាភិបាលរបបសឹក។
១. នាយករដ្ឋមន្ត្រីរដ្ឋប្រហារយោធា លោក ប្រាយុទ្ធ ច័ន្ទ អូចា សន្យាបន្តតំណែង បើការប្រជាមតិរដ្ឋធម្មនុញ្ញបរាជ័យ
«ខ្ញុំ មិនទៅណាទេ ប្រសិនបើសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ត្រូវបានជំទាស់នៅក្នុងព្រឹត្តិការណ៍នៃការធ្វើប្រជាមតិថ្ងៃអាទិត្យនេះ»។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ មួយប្រយោគនេះ គួរតែមានន័យគ្រប់គ្រាន់សម្រាប់ការចង់ដឹងពីអនាគតនៃមេដឹកនាំថៃក្រោយព្រឹត្តិការណ៍នៃការធ្វើប្រជាមតិលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីនេះ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ នៅថ្ងៃទី០២ ខែសីហា ម្សិលមិញ បានថ្លែងព្រមានយ៉ាងដូច្នេះថា «កុំយកប្រជាមតិមកកំណត់អ្នកឈ្នះ ឬអ្នកចាញ់។ ខ្ញុំ មិនដែលចាញ់អ្នកណានោះទេ ហើយ ខ្ញុំ ក៏មិនបំណងចង់ឈ្នះអ្នកណាផងដែរ។ ខ្ញុំ ចង់បន្តកាន់អំណាចរបស់ខ្ញុំដើម្បីដំណើរការរដ្ឋបាលក្នុងអំឡុងពេលនៃអន្តរកាលមួយនេះ»។ នេះបើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍។
សេចក្តីថ្លែងការណ៍របស់លោកឧត្តមសេនីយ៍ប្រាយុទ្ធ ដែលធ្វើឡើងមុនពេលតែ៤ឬ៥ថ្ងៃនៃការធ្វើប្រជាមតិនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងក្រុមសកម្មជនដែលប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋប្រហារ ដែលបានទាមទារឲ្យរូបលោក ចុះចេញពីតំណែង ប្រសិនបើសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ត្រូវបានទាត់ចោលតាមរយៈការបោះឆ្នោតជំទាស់ភាគច្រើនពីប្រជាជនថៃ។ លោក ប្រាយុទ្ធ ថែមទាំងតបថា ប្រជាមតិគឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃដំណើរការទៅរកលទ្ធិប្រជាធិបតេយ្យ ហើយការបោះឆ្នោត ក៏មិនអាចកើតឡើងបាននោះទេ ប្រសិន មិនមានរដ្ឋធម្មនុញ្ញថ្មីនោះ។
ប្រមុខរបបសឹករូបនោះ បានសង្កត់ធ្ងន់ថា បើទោះបីជាលទ្ធផល នឹងទៅជាបែបណាក៏ដោយ លោក នឹងនៅតែបន្តកាន់អំណាចដោយយោងតាមផែនការរបស់លោក ហើយ លោក នឹងព្យាយាមបំពេញការងារ និងតួនាទីឲ្យអស់ពីសមត្ថភាពដើម្បីប្រជាជន និងប្រទេសថៃ។ លោក អះអាងថា លោក មិនព្រួយបារម្ភអ្វីទាល់តែសោះចំពោះប្រជាមតិនេះ។ លោក បានផ្ញើសារមួយដើម្បីឲ្យប្រជាជនថៃ ពិចារណាចំពោះប្រជាមតិនោះ ដោយលើកឡើងថា អ្នកបោះឆ្នោត ត្រូវតែសម្រេចចិត្តរវាង «អនាគតមួយដែលមិនច្បាស់លាស់ ឬភាពបរាជ័យនៃអតីតកាល(ប្រវត្តិសាស្ត្រជាន់ដាន»។
ការបកស្រាយរបស់លោកប្រាយុទ្ធ បានបង្ហាញឲ្យឃើញច្បាស់ហើយថា ប្រសិនបើ ប្រជាជនបោះឆ្នោតជំទាស់លើសេចក្តីព្រាងរដ្ឋធម្មនុញ្ញនោះ ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅឆ្នាំ២០១៧ ក៏មិនមានផងដែរ ហើយ អនាគតប្រជាធិបតេយ្យ ឬមេដឹកនាំស៊ីវិល ក៏មានលក្ខណៈស្រពិចស្រពិលថាតើ អាចនឹងកើតឡើងនៅពេលណានោះទេ សម្រាប់រាជាណាចក្រមួយនេះ។
២. លោក ប្រាយុទ្ធ មានសិទ្ធិ និងអំណាចស្របច្បាប់ដើម្បីបន្តកាន់អំណាច?
សូមជម្រាបផងដែរថា ការអាចបន្តកាន់អំណាចរបស់លោកប្រាយុទ្ធ ដែលជាប្រធានក្រុមប្រឹក្សាជាតិដើម្បីសណ្តាប់ធ្នាប់ និងសន្តិភាព មកដល់សព្វថ្ងៃ គឺមិនមែនដោយសារមានការគាំទ្រ ឬបោះឆ្នោតពីប្រជាជនឡើយ។ តែលោក បានកាន់អំណាចដោយដំបូងប្រើប្រាស់ច្បាប់អាជ្ញាសឹក(ត្រូវបានប្រកាសដកចេញវិញនៅដើមឆ្នាំ២០១៥) និងបច្ចុប្បន្នតាមមាត្រា៤៤នៃរដ្ឋធម្មនុញ្ញបណ្តោះអាសន្នឆ្នាំ២០០៧។ តាមរដ្ឋធម្មនុញ្ញថៃ មាត្រា ៤៤ បានផ្តល់អំណាចផ្តាច់មុខដល់នាយករដ្ឋមន្ត្រី ជាពិសេសស្ថាប័នក្រុមប្រឹក្សាជាតិដើម្បីសណ្តាប់ធ្នាប់និងសន្តិភាព ដើម្បីដោះស្រាយនិងរក្សាស្ថិរភាពសាធារណៈ ការពាររាល់ការគំរាមហែងរបបរាជានិយម ការឯកភាព រួបរួមជាតិនិងសន្តិភាពផងនោះ។
តាមមាត្រា ៤៤ ដដែលនេះ ក៏បានបញ្ញត្តិដែលថា រដ្ឋាភិបាលយោធា អាចប្រើប្រាស់អំណាចពេញលេញនិងលើសលុបក្នុងការគ្របដណ្តប់លើអំណាចនីតិបញ្ញត្តិ និងតុលាការដើម្បីរឹតបន្តឹងសិទ្ធិសេរីភាព ដោយអាជ្ញាមានសិទ្ធិចាប់ខ្លួនមនុស្សមិនចាំបាច់មានដីកា ឃុំខ្លួនមិនចាំបាច់មានការចោទប្រកាន់ អាចប្រើប្រាស់វិធានការក្តៅផ្សេងទៀតដើម្បីប្រឆាំងរាល់ជនដែលគំរាមកំហែងសន្តិសុខនិងស្ថិរភាពប្រទេសជាតិផង។ ហើយអ្វីដែលគ្រោះថ្នាក់នោះ របបសឹក មានបុព្វសិទ្ធិសាធារណៈក្នុងការដកហូតទ្រព្យសម្បត្តិ បិទប្រព័ន្ធផ្សព្វផ្សាយ ហាមការបោះពុម្ភផ្សាយរាល់ឯកសារណាដែល របបនេះជឿថាអាចគំរាមកំហែងដល់ការផ្សះផ្សាជាតិ និងស្ថិរភាព។
៣. តើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីនោះមានបញ្ហាអ្វីខ្លះ?
សូមរម្លឹកផងដែរថា ក្រោយនៃរដ្ឋប្រហារយោធាទម្លាក់អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីនណាវ៉ត់ត្រា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទ អូចា បានឡើងកាន់អំណាចបន្តដោយសន្យាថា នឹងកសាងស្ថិរភាពនយោបាយ និងនាំមកវិញនូវលទ្ធិប្រជាធិបតេយ្យផងដែរ។ ដើម្បីសម្រេចបានគោលដៅនេះ លោកនាយករដ្ឋមន្ត្រី បានបង្កើតគណៈកម្មាធិការព្រាងរដ្ឋធម្មនុញ្ញ ដើម្បីព្រាងធម្មនុញ្ញថ្មីដើម្បីបញ្ចៀសការជាប់គាំងនយោបាយបន្តទៀត។
អ្វីគួរកត់សម្គាល់នោះ នៅចុងឆ្នាំ២០១៥កន្លងទៅ រដ្ឋាភិបាលរបបសឹកថៃ បានបរាជ័យម្តងរួចទៅហើយក្នុងការធ្វើរដ្ឋធម្មនុញ្ញថ្មីនោះ ដ្បិត សភា បានបោះឆ្នោតជំទាស់។ ហើយសម្រាប់សេចក្តីព្រាងដែលគ្រោងនឹងដាក់ឲ្យបោះឆ្នោតប្រជាមតិនេះ គឺជាសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញទី២ហើយដែលត្រូវបានធ្វើឡើងក្នុងរបបសឹកថៃ ដែលដឹកនាំតាក់តែងដោយប្រធានគណៈកម្មាធិការព្រាងរដ្ឋធម្មនុញ្ញដែលកំពុងតែរងការរិះគន់ខ្លាំងពីសំណាក់ប្រជាជន គឺ លោក Meechai Ruchuphan។ បើសេចក្តីព្រាងច្បាប់លើកទី២នេះ អាចទទួលបានការគាំទ្រច្រើនពីប្រជាជន នោះសេចក្តីព្រាងនឹងក្លាយជារដ្ឋធម្មនុញ្ញទី២០ក្នុងអាយុកាលនៃលទ្ធិប្រជាធិបតេយ្យថៃ៨៤ឆ្នាំ។
យ៉ាងណាក៏ដោយ មានអ្នកនយោបាយថៃជាច្រើនដែលមកពីទាំងបក្សនយោបាយធំៗរួមមាន ប្រជាធិបតេយ្យ និងភឿថៃ បានចេញមុខជំទាស់ជាសាធារណៈលើសេចក្តីព្រាងនេះ។ ហើយនោះ ក៏ព្រោះតែ ពួកគេ បានយល់ឃើញថា សេចក្តីព្រាងច្បាប់ដែលធ្វើឡើងដោយគណៈកម្មាធិការព្រាងរដ្ឋធម្មនុញ្ញដែលតែងតាំងដោយលោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ច័ន្ទ អូចា តាក់តែងឡើងដើម្បីបម្រើផលប្រយោជន៍យោធាប៉ុណ្ណោះ។ ហើយចំណុចដែលប្រទាំងប្រទើសខ្លាំងជាងគេនៅក្នុងសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីនោះ គឺ យោធា និងប៉ូលិស ត្រូវបានបម្រុងទុកកៅឲ្យមួយចំនួននៅក្នុងសភាជាន់ខ្ពស់ ហើយ សភា អាចជ្រើសរើសបុគ្គលណាម្នាក់ដែលមិនមែនជាការជ្រើសរើសតាមការបោះឆ្នោតសកលនោះទេដើម្បីធ្វើជានាយករដ្ឋមន្ត្រីនៅពេលដែលប្រទេសមានបញ្ហាឬជាប់គាំងនយោបាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com