អន្តរជាតិ
ជំនួប​ប្រមុខ​ការទូត ចិន​-​ជប៉ុន​-​កូរ៉េខាងត្បូង ធ្វើឡើង ចំពេល​តានតឹង​ខ្លាំង​
24, Aug 2016 , 12:08 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស ចិន ជប៉ុន និង​កូរ៉េខាងត្បូង ដែលជា​តួអង្គ​សំខាន់​នៅក្នុង​តំបន់ នឹង​ជួបប្រជុំគ្នា​ផ្លូវការ​នៅ​ថ្ងៃទី ២៤ ខែសីហា​នេះ​នៅឯ​ទីក្រុង​តូ​ក្យូ​។ ជំនួប​នេះ​ធ្វើឡើង ស្រប​ពេលដែល​មហាអំណាច​តំបន់​ទាំងបី​នេះ នៅ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន រួមទាំង​ការពង្រាយ​ខែល​ការពារ​របស់​អាមេរិក ជម្លោះ​ដែន​អធិបតេយ្យ​រវាង​ចិន​-​ជប៉ុន និង​ជប៉ុន​-​កូរ៉េខាងត្បូង ក៏ដូចជា​បញ្ហា​កូរ៉េខាងជើង​ជាដើម​។



​ប្រមុខ​ការទូត​បី​ប្រទេស ចិន ជប៉ុន និង​កូរ៉េខាងត្បូង បានចាប់ផ្ដើម​ជំនួប​ពីរ​ថ្ងៃ​របស់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែសីហា ចំពេល​ការប្រឈមមុខ​ដាក់គ្នារ​វាង​មហាអំណាច​ទាំងបី នៅតែ​បន្ត​មាន ជុំវិញ​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់ ក៏ដូចជា​បញ្ហា​សេដ្ឋកិច្ច​ដែរ​។ នេះ​ជា​ជំនួប​ទីមួយ​ចាប់តាំងពី​ខែមីនា​ឆ្នាំមុន ហើយក៏​ធ្វើឡើង​មុន​ជំនួប G-20 នៅ​ទីក្រុង Hangzhou នៅ​ខែកញ្ញា​។

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី (Wang Yi) និង​សម​ភាគី​កូរ៉េខាងត្បូង យុន ប្យុង​សេ (Yun Byung-se) បាន​ជួបគ្នា​នៅ​កម្មវិធី​អាហារ​ពេល​ល្ងាច នៅ​ថ្ងៃទី​២៣ មុននឹង​ជួបចរចា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៤​។ ទាក់ទិន​ជំនួប​នេះ ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga និយាយថា វា​ជា​រឿង​សំខាន់បំផុត ដែល​រដ្ឋមន្ត្រីការបរទេស​មកពី​ប្រទេស​ទាំងបី ជួបគ្នា និង​ជជែក​គ្នា​ដោយស្មោះ​ត្រង់​។

​ចិន ជប៉ុន និង​កូរ៉េខាងត្បូង សុទ្ធ​តែមាន​ជម្លោះ​រវាង​គ្នា​និង​គ្នា​ទាំងអស់​។ ពេល​ថ្មីៗ​នេះ ក្រុង​ប៉េកាំង និង​ក្រុង​តូ​ក្យូ មើលមុខ​គ្នា​មិនសូវ​ត្រូវ​ឡើយ ដ្បិត​ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងកើត បាន​កើន​កម្ដៅ ក្រោយ​ពេលដែល​នាវា​របស់​ចិន​ចូលទៅក្នុង​ដែនសមុទ្រ ក្បែរ​ប្រជុំ​កោះ Senkaku (​ចិន​ហៅថា​កោះ Diaoyu) ដែល​ជប៉ុន​អះអាងថា​ជា​របស់ខ្លួន​។ ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងកើត​នេះ ជា​ឧបសគ្គ​ធំ​ក្នុង​ពង្រីក​ទំនាក់ទំនង​រវាង​អតីត​គូសត្រូវ​ទាំងពីរ​នេះ​។​

​ចំណែក​ចិន និង​កូរ៉េខាងត្បូង ក៏​កំពុង​បែរខ្នង​ដាក់គ្នា​ផងដែរ ជុំវិញ​ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង​។ ទាំង​អាមេរិក និង​កូរ៉េខាងត្បូង សុទ្ធតែ​អះអាងថា ខែល​ការពារ​នេះ គឺមាន​គោលដៅ​ការពារ​សុទ្ធសាធ និង​ដាក់​សំដៅ​ការពារ​ការវាយប្រហារ​ណាមួយ​ពី​កូរ៉េខាងជើង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រុង​ប៉េកាំង មិន​សប្បាយចិត្ត​ឡើយ ដោយ​បញ្ជាក់ថា ខែល​ការពារ​នេះ​គឺ​សំដៅ​មកលើ​ខ្លួន និង​ទាមទារ​ឲ្យ​លុបចោល​ការពង្រាយ​នេះ​។​

​ជាមួយគ្នានេះ ប្រវត្តិសាស្ត្រ​សម័យ​សង្គ្រាមលោកលើកទី​ពីរ និង​ការដាក់​អាណានិគម ក៏​ធ្វើ​ឲ្យ​ក្រុង​តូ​ក្យូ និង​ក្រុង​សេ​អ៊ូ​ល មើលមុខ​គ្នា​មិនត្រូវ​ដែរ​។ ជប៉ុន​បានដាក់​អាណានិគម​លើ​ឧបទ្វីប​កូរ៉េ ចាប់ពី​ឆ្នាំ​១៩១០ ដល់​ឆ្នាំ​១៩៤៥ ដែល​ក្នុង​រយៈពេល​នេះ ទាហាន​ជប៉ុន​ធ្វើបាប​ប្រជាជន​កូរ៉េ​យ៉ាងខ្លាំង ជាពិសេស​ការចាប់​បង្ខំ​ឲ្យ​ធ្វើជា​ទាសករ​ផ្លូវភេទ​។​

​នៅ​បន្ទាប់ពី​ជំនួប​នេះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​ជួប​ដាច់ដោយឡែក​ជាមួយ​សម​ភាគី​ចិន និង​កូរ៉េខាងត្បូង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​រាប់បញ្ចូល​ទាំង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជាដើម​។ គេ​រំពឹង​ទៀតថា ជំនួប​នេះ នឹង​បើកផ្លូវ​ដល់​ជំនួប​កំពូល​មេដឹកនាំ​ប្រទេស​ទាំងបី នៅ​ចុង​ឆ្នាំនេះ​ផងដែរ​៕     


Tag:
 ចិន​
 ​ ជប៉ុន​
 ​ កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com