អន្តរជាតិ
ចិន រីករាយ និង​ស្វាគមន៍​ចំពោះ​ការវិល​ត្រលប់​ទៅរក​ការចរចា​ទ្វេភាគី​របស់លោក Duterte
25, Aug 2016 , 3:50 pm        
រូបភាព
លោក​ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte។ រូបថត Xinhua
លោក​ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte។ រូបថត Xinhua
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​រីករាយ និង​ស្វាគមន៍​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ដែលថា មិន​លើក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​ក្នុង​ក្រុង​វៀងចន្ទន៍​នា​ខែក្រោយ​នេះ​។ ជាងនេះទៅទៀត ក្រុង​ប៉េកាំង ក៏​បើកទ្វារ​ចំហ​សម្រាប់​ការវិល​ត្រលប់​ទៅរក​ការចរចា​ទ្វេភាគី​របស់​ក្រុង​ម៉ានីល​ផងដែរ​។ តែ​ការចរចា​នោះ មិន​ត្រូវយក​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​មកជា​មួយ​ឡើយ​។​



«​ចិន ពិតជា​ស្វាគមន៍​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែលថា​លោក នឹងមិន​នាំយក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​បូព៌ា​នាពេល​ខាងមុខនេះ​។ ចិន នៅតែ​ប្តេជ្ញា​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី​ដោយផ្ទាល់​ជាមួយនឹង​ហ្វីលីពីន និង​រដ្ឋ​ផ្សេងទៀត​តាមរយៈ​ការចរចា និង​ពិគ្រោះ​យោបល់​...​។​» នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាង នាឱកាស​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៤ ​ខែសីហា​។

​លោក លូ ក៏បាន​បន្ថែម​ដែរ​ថា ចិន និង​ហ្វីលីពីន គឺជា​អ្នកជិតខាង​ល្អ​នឹង​គ្នា ហើយ​ភាគី​ទាំងពីរ ក៏មាន​សមត្ថភាព និង​ឧ​ត្ត​ម​គតិ​ក្នុងការ​លើកយក​បញ្ហា​ពាក់ព័ន្ធ​តាមរយៈ​ការពិគ្រោះ​យោបល់ និង​នាំ​ត្រលប់​មកវិញ​នូវ​ទំនាក់ទំនង​ទ្វេភាគី​ទៅរក​មា​គា​មួយ​ដែល​ប្រកបដោយ​ស្ថិរភាព និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ផងដែរ​។ អ្នកនាំពាក្យ​រូបនេះ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ចិន កំពុង​រង់ចាំ​ចំពោះ​កិច្ចសន្ទនា​ជាមួយនឹង​ហ្វីលីពីន​នាពេល​ឆាប់ៗ​នេះ​។

​សូម​រម្លឹក​ផងដែរ​ថា ដំណោះស្រាយ​ទ្វេភាគី​រវាង​ចិន និង​ហ្វីលីពីន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មិនសូវមាន​ដំណើរកា​រ​ល្អ​ប៉ុន្មាន​នោះទេ ពោលគឺ​ជាប់គាំង នៅក្នុង​រដ្ឋបាល​ចាស់​ហ្វីលីពីន​របស់លោក​ប្រធានាធិបតី ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​។ ដោយឡែក ថ្មីៗ​នេះ រដ្ឋបាល​ថ្មី​នៃ​ហ្វីលីពីន​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានបង្ហាញ​ជំហរ​ខុសពី​រដ្ឋបាល​ចាស់ ដោយ​លោក មាន​ចេតនា​ចង់​ចរចា​ជាមួយនឹង​ចិន​វិញ​។

​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃទី​១៧ ខែសីហា​កន្លងទៅ បាន​បញ្ជាក់ថា លោក នឹងមិន​នាំយក​បញ្ហា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្រុង​វៀងចន្ទន៍ នៃ​ប្រទេស​ឡាវ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​០៦-០៨ ខែកញ្ញា​ខាងមុខនេះ​។ លោក ថា លោក មិន​ចង់​បង្កើត​បរិយាកាស​នៅ​ទីនោះ​ត្រូវ​អាប់អួរ​នោះទេ​។​

​លោក ឌើ​ទើ​តេ ដែលមាន​ឈ្មោះ​ក្រៅ​ថា​«​អ្នក​ដាក់ទណ្ឌកម្ម​» ក៏បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​យ៉ាង​ដូច្នេះ​ថា «​ទេ​, ខ្ញុំ នឹង​ដោះស្រាយ​បញ្ហា​តែ​តាមរយៈ​មួយ​ទល់​មួយ​(​ជាមួយ​ចិន​) តែប៉ុណ្ណោះ​...​ហើយ យើង​អាចបង្កើត​បរិយាកាស​មួយ​ដែលជា​កន្លែង​ដែល​យើង​អាច​អង្គុយ និង​និយាយ​គ្នា​ដោយផ្ទាល់​បាន​។​» នេះ​បើ​យោងតាម​សារព័ត៌មាន GMA News Online ដែល​ចុះផ្សាយ​ដែរ​ថា លោក​ប្រធានាធិបតី​រូបនោះ ក៏​មិន​ចង់​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ចិន​លើ​បញ្ហា​អធិបតេយ្យ​នោះទេ​។​

​ជាងនេះទៅទៀត​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៣ ខែសីហា ថា​តើ​ពេលណា​ដែល​លោក​ជជែក​ជាមួយនឹង​ចិន លោក​ប្រធានាធិបតី ប្រាប់ថា នឹង​ធ្វើឡើង​ក្នុងអំឡុងពេល​មួយឆ្នាំ​។ គួរកត់សម្គាល់​នោះ លោក​ប្រធានាធិបតី ទើបតែ​បញ្ជូន​បេសកជន​ពិសេស​របស់លោក គឺ​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Fidel Ramos ទៅ​ហុងកុង​នៃ​ប្រទេស​ចិន​ដែលជា​ជំហាន​ដំបូង​នៃ​ដំណើរ​ការចរចា​មិន​ផ្លូវការ​រវាង​ហ្វីលីពីន​-​ចិន​។​

​បើទោះបីជា​ចិន បាន​ស្វាគមន៍​ចំពោះ​ចេតនា​នៃ​ការវិល​ត្រលប់​ទៅរក​ការចរចា​ទ្វេភាគី​ក៏ដោយ ការចរចា​នោះ ក៏​មិនអាច​ធ្វើទៅ​បានដែរ ប្រសិន​ហ្វីលីពីន លើកយក​បញ្ហា​សាលក្រម​ដែល​តុលាការអន្តរជាតិ​ក្រុងឡាអេ​ដែល​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ នោះ​ក៏​ព្រោះតែ ចិន បានប្រកាស​ដាច់ខាត​មិន​ទទួលស្គាល់​ទាំង​យុត្តាធិការ​តុលាការ និង​សាលក្រម​នោះ​។​

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១២ ខែកក្កដា កន្លងទៅ តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ បានប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​រដ្ឋបាល​អ​តី​ត​ប្រធានាធិបតី​ហ្វីលីពីន លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដោយ​បកស្រាយ ថា ការទាមទារ និង​សកម្មភាព​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ឡើយ​៕


Tag:
 ចិន​
 ​ ហ្វីលីពីន​
 ​ សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com