អន្តរជាតិ
UN៖ លោក Duterte ខ្វះ​ការយល់ដឹង​លើ​ស្ថាប័ន​សិទ្ធិមនុស្ស​
14, Sep 2016 , 9:59 pm        
រូបភាព
​មន្ត្រីជាន់ខ្ពស់​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​រិះគន់​មេដឹកនាំ​ហ្វីលីពីន ដែលមាន​ជំហរ​ប្រឆាំងនឹង​ការ​មាន​យោបល់ និង​ការស៊ើបអង្កេត​លើ​បញ្ហា​សិទ្ធិមនុស្ស​របស់​ស្ថាប័ន​នេះ​។ នរណា​ក៏​ដឹង​ដែរ​ថា បុរស​ខ្លាំង​ហ្វីលីពីន លោក Rodrigo Duterte មិនសូវ​ត្រូវ​គ្នា​ជាមួយ​ស្ថាប័ន​នេះ​ទេ ដោយសារតែ​ការរិះគន់​លើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និង​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​។



​ស្នងការ​ជាន់ខ្ពស់​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ លោក Zeid Ra’ad Al Hussein លើក​ឈ្មោះ​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ចំៗ ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន ដែល​លោក Duterte អះអាងថា អង្គការសហប្រជាជាតិ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​នោះ​។ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​រដ្ឋបាល​លោក Duterte រង​ការរិះគន់​ខ្លាំង​ពី​អង្គការ​ពិភពលោក​នេះ ដោយសារ​ចំនួន​មនុស្ស​ស្លាប់​យ៉ាងច្រើន ហើយ​ត្រូវ​អង្គការសហប្រជាជាតិ ចាត់ទុក​ជាការ​ល្មើស​សិទ្ធិមនុស្ស​ទៀតផង​។

​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​លើក​ទី​៣៣​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស លោក Al Hussein និយាយថា ការប្រកាស​របស់​ប្រធានាធិបតី​ហ្វីលីពីន ដែល​មិន​ចង់​រាប់រក​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​នោះ បង្ហាញ​ពី​ការខ្វះ​ការយល់ដឹង​ពី​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​យើង ក៏ដូចជា​គោលការណ៍​នានា​ដែល​ធ្វើ​ឲ្យ​ពិភពលោក​មាន​សុវត្ថិភាព​។ បើតាម​សារព័ត៌មាន Inquirer លោក​បន្តថា យុត្តិធម៌ និង​ការមិន​លម្អៀង​របស់​ច្បាប់​នេះ គឺ​មូលដ្ឋាន​នៃ​ទំនុកចិត្ត និង​សន្តិសុខ​។​

​ដោយនិយាយ​សំដៅលើ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​នៅឯ​ហ្វីលីពីន ស្នងការ​ជាន់ខ្ពស់​ខាងលើ​បញ្ជាក់ថា ប្រជាជន​ហ្វីលីពីន​មាន​សិទ្ធិ​ទទួលបាន​ការកាត់ទោស​តាមច្បាប់ និង​មាន​ការធានា​ត្រឹមត្រូវ​។ លើសពីនោះ លោក ក៏​ទទូច​ឲ្យ​ហ្វីលីពីន​អញ្ជើញ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លើ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ឲ្យ​មក​ទស្សនកិច្ច​នៅ​ហ្វីលីពីន​ដែរ បន្ទាប់ពី​លុបចោល​ដោយសារតែ​កា​រិះគន់​លើ​សម្លាប់​មនុស្ស​នេះ​។​

​តាមពិតទៅ ការមើល​មុខ​គ្នា​មិនត្រូវ​រវាង​ហ្វីលីពីន និង​អង្គការសហប្រជាជាតិ ដោយសារតែ​លោក Duterte តែង​រិះគន់​ក្រុម​សិទ្ធិមនុស្ស និង​មិនដែល​ទទួលយក​ការណែនាំ​ទាំងឡាយ​ឡើយ ដែលជា​លទ្ធផល​នៃ​ការសម្លាប់​មនុស្ស​ជិត​បី​ពាន់​នាក់​មកហើយ​។ ជារឿយៗ លោក​ក៏​តែង​រិះគន់​ពី​ប្រសិទ្ធភាព​របស់​អង្គការសហប្រជាជាតិ ដែល​មិនអាច​ដោះស្រាយ​បញ្ហា​ជុំវិញ​ពិភពលោក​បាន​។

​កាលពី​ខែមិថុនា ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រាប់​ឲ្យ​អង្គការសហប្រជាជាតិ​បិទមាត់ ព្រោះ​មិនអាច​រក​ច្រកចេញ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​បាន​។ បន្ទាប់មក លោក Duterte ក៏បាន​គំរាម​ដកខ្លួន​ចេញពី​អង្គការសហប្រជាជាតិ ដ្បិត​អង្គការ​នេះ​មិនបាន​ជួយ​អ្វី​ដល់​ហ្វីលីពីន​ឡើយ តែ​ក្រោយមក លោក​ក៏​អះអាង​វិញ​ថា លោក​និយាយ​លេង​ទេ​៕ 


Tag:
 UN
  Rodrigo Duterte
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com