ជាតិ
រដ្ឋមន្ត្រី​អប់រំ​ប្តេជ្ញា​បន្ត​លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន​
11, Oct 2016 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បាន​ប្តេជ្ញា​បន្ត​គោលនយោបាយ​គ្រូបង្រៀន ដោយ​បង្កើន​ប្រាក់បៀវត្ស​ដល់​គ្រូបង្រៀន និង​ផ្តល់ឱកាស​សិក្សា​បន្ថែម​ដើម្បី​ពង្រឹងសមត្ថភាព​គ្រូ​។ ការប្ដេជ្ញា​របស់លោក ហង់ ជួន ណា​រ៉ុ​ន នៅក្នុង​ទិវា​គ្រូបង្រៀន​ឆ្នាំ ២០១៦ កាលពី​ថ្ងៃទី​៩ ខែតុលា​។​


​លោក ហង់ ជួន ណា​រ៉ុ​ន បានលើកឡើង​ពី​គោលនយោបាយ​ពង្រឹងសមត្ថភាព​គ្រូ​ផ្តោតលើ ចំណុច​សំខាន់​ចំនួន ៥ ដើម្បី​ធានា​គុណភាព​អប់រំ​នៅ​កម្ពុជា​។ ចំណុច​សំខាន់​ដែល​លោក​រដ្ឋមន្ត្រី​អប់រំ​បានលើកឡើង រួមមាន ១, ការទាក់ទាញ​អ្នកមាន​សមត្ថភាព​ឲ្យ​ចូល​ធ្វើជា​បង្រៀន ២, ការលើកកម្ពស់​សមត្ថ​ភាព​គុណភាព​គ្រូបង្រៀន  ៣, ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការបំពេញ ការងារ​របស់​គ្រូបង្រៀន ៤, ការអភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូបង្រៀន និង​៥, ការលើកទឹកចិត្ត និង​ការ លើកកម្ពស់​លក្ខខណ្ឌ​ធ្វើ​ការងារ និង​ការរស់នៅ​របស់​គ្រូបង្រៀន ការទទួលស្គាល់​ស្នាដៃ និង​ជូន​រង្វាន់​ដល់​គ្រូបង្រៀន​មាន​ស្នាដៃ​ល្អ និង​រៀបចំ​គន្លង​អាជីព​គ្រូបង្រៀន​។ 
 
​ថ្លែង​ក្នុង​ទិវា​គ្រូបង្រៀន ក្រោម​ប្រធានបទ គ្រូបង្រៀន​គឺជា​អ្នក​សម្រួច​អនាគត​របស់​សិស្ស នៅ​សាលា​តិច​ណូ កាលពី​ម្សិលមិញ​លោក​រដ្ឋមន្ត្រី​អប់រំ​រូបនេះ បាន​បន្ថែមថា រដ្ឋាភិបាល​បានសម្រេច​ដំឡើង​ប្រាក់​បំណាច់​មុខងារ​ជូន​គ្រូបង្រៀន​គ្រប់​កម្រិត និង​ប្រាក់​តំបន់​សម្រាប់​គ្រូ​កំពុង​បម្រើ​ការងារ​នៅក្នុង​តំបន់​ជួប​ការលំបាក និង​តំបន់​ដាចស្រយាល​ដែរ​។​
 
​ជាងនេះទៀត រដ្ឋាភិបាល​បាន និង​កំពុង បង្កើន​ប្រាក់បៀវត្ស​គ្រូបង្រៀន​ថែមទៀត ដើម្បី​ធានា​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអប់រំ​។ លោក​រដ្ឋមន្ត្រី បន្ត​លើកឡើងថា បច្ចុប្បន្ន គ្រូបង្រៀន​ក្របខណ្ឌ​ប្រភេទ គ ទទួល​ប្រាក់បៀវត្ស​អប្បរ​មា​ថ្មី​ចំនួន ៨០០ ៥០០​រៀល​។ រីឯ គ្រូ​ក្របខណ្ឌ (​ក​) ចំនួន ៩៦៦ ៥០០​រៀល ក្នុង​មួយខែ ដោយ​មិន​គិត​បញ្ចូល​ប្រាក់​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត​។ បើតាម​រដ្ឋមន្ត្រី​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋាភិបាល មាន​ផែនការ​ដំឡើង​ប្រាក់បៀវត្ស​អ​ប្បរមា​គ្រូបង្រៀន​ជាថ្មី​ចំនួន ៩៥​ម៉ឺន​រៀល នៅ​ឆ្នាំ ២០១៧​។​
 
​លោក ហង់ ជួន ណា​រ៉ុ​ន ចាត់​កំណែទម្រង់​អប់រំ​នៃ​អាណត្តិ​ថ្មី​របស់​រដ្ឋាភិបាល​នេះ​ដូច្នេះ​ថា​៖«​ជា​របត់​ថ្មី​មួយ​ក្នុងការ អភិវឌ្ឍ​វិស័យ​អប់រំ យុវជន និង​កីឡា​»៕

Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  អប់រំ​
  គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com