អន្តរជាតិ
អូបាម៉ា ប្រាប់កងទ័ពធានាការផ្ទេរអំណាចទៅឲ្យ ដូណាល់ ត្រាំ ដោយរលូន ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើរត្រួតពលកងទ័ពជាលើកចុងក្រោយនៅមូលដ្ឋាន Myer-Henderson (រូបថត Xinhua)
× ប្រធានាធិបតីចប់អាណត្តិ បារ៉ាក់ អូបាម៉ា បានទទូចឲ្យកងទ័ពអាមេរិក ធានាពីការផ្ទេរអំណាចដោយរលូនរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដែលគ្រោងនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខ។ លោក អូបាម៉ា ទំនងជាបារម្ភខ្លាំងពីការមិនពេញចិត្តរបស់យោធាអាមេរិក ខណៈដែលមន្ត្រីយោធាជាន់ខ្ពស់ភាគច្រើន ជាអ្នកគាំទ្របេក្ខជនប្រធានាធិបតី ហ៊ីឡារី គ្លីនតុន ដែលចាញ់ឆ្នោតលោក ត្រាំ ។
នៅសល់តែ១៥ថ្ងៃទៀតទេ ប្រធានាធិបតីស្បែកខ្មៅ បារ៉ាក់ អូបាម៉ា នឹងត្រូវចប់អាណត្តិ និងត្រូវជំនួសដោយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ។ នៅមុនការផ្ទេរអំណាចមកដល់ ប្រធានាធិបតីទី៤៤ រូបនេះ បានស្នើឲ្យយោធាអាមេរិក កុំបង្កបញ្ហាដល់ដំណើរការផ្ទេរអំណាចឲ្យប្រធានាធិបតីថ្មី និងធានាថាដំណើរការនេះ អាចប្រព្រឹត្តទៅដោយរលូន។ លោក ស្នើបែបនេះអំឡុងពេលពិធីត្រួតពលកងទ័ពចុងក្រោយ ដែលចូលរួមមេបញ្ជាការជាន់ខ្ពស់ជាច្រើនរូបនៅថ្ងៃទី៤ ខែមករា។
«យើងត្រូវតែច្បាស់ថា អំឡុងពេលផ្ទេរអំណាចនេះ នឹងមិនមានរឿងអ្វីកើតឡើងនោះទេ។» នេះជាការលើកឡើងរបស់ប្រធានាធិបតីចប់អាណត្តិ ទៅកាន់បណ្ដាមេទ័ពជាន់ខ្ពស់នៅឯបន្ទាយទ័ព Myers-Henderson ក្នុងរដ្ឋ Virginia មុននឹងលោកចូលរួមប្រជុំបិទទ្វារជាមួយបណ្ដាមេបញ្ជាការជាន់ខ្ពស់របស់កងទ័ពរួមមានរដ្ឋមន្ត្រីការពារជាតិ Ashton Carter និងប្រធានសេនាធិការកងទ័ព លោកឧត្តមសេនីយ៍ Joseph Dunford, Jr.។
លោក អូបាម៉ា នឹងត្រូវចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា ហើយលោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ របស់អាមេរិក និងជាអគ្គមេបញ្ជាការកងទ័ពថ្មីដែរ។ អ្វីដែលគេបារម្ភនោះ គឺអត្តចរិតរបស់ប្រធានាធិបតីថ្មីនេះ ខណៈលោកមិនមានបទពិសោធន៍ធ្វើនយោបាយឡើយ ដែលរឿងនេះធ្វើឲ្យគេព្រួយជុំវិញទំនាក់ទំនងរវាងអគ្គបញ្ជាការកំពូលកងទ័ព និងបណ្ដាមេទ័ពរបស់អាមេរិក។
គេអាចចាំបានថា អំឡុងពេលយុទ្ធនាការស្វែងរកសំឡេងឆ្នោត ឧត្តមសេនីយ៍ចូលនិវត្តន៍ជាច្រើន បង្ហាញវត្តមាននៅវេទិកាអ្នកនយោបាយ ដែលធ្វើឲ្យមានការសង្ស័យលើការទាញយោធាមកពាក់ព័ន្ធនឹងរឿងនយោបាយ។ ជាក់ស្ដែងនោះ មានឧត្តមសេនីយ៍ និងមន្ត្រីយោធាជាន់ខ្ពស់ជាង១០០នាក់ ប្រកាសគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន។ ចំណែកលោក ត្រាំ មានឧត្តមសេនីយ៍តិចតួចប៉ុណ្ណោះ ចូលរួមជាមួយលោក។
ឧត្តមសេនីយ៍ចូលនិវត្តន៍បីនាក់ ដែលគាំទ្រលោក ត្រាំ ត្រូវបានប្រធានាធិបតីជាប់ឆ្នោតរូបនេះ ជ្រើសរើសជាបេក្ខភាពសម្រាប់តំណែងក្នុងរដ្ឋបាលថ្មីរបស់លោករួចហើយ។ ឧត្តមសេនីយ៍ Mike Flynn នឹងទទួលតំណែងជាទីប្រឹក្សាសន្តិសុខជាតិ ហើយឧត្តមសេនីយ៍ James Mattis នឹងធ្វើជារដ្ឋមន្ត្រីការពារជាតិ ខណៈដែលលោក Jon Kelly ក៏ត្រូវទទួលតំណែងជារដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុងដែរ៕
Tag:
បារ៉ាក់ អូបាម៉ា
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com