អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ចង់​ឲ្យ​រុស្ស៊ី​កាត់បន្ថយ​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹង​ការ​លុប​ទណ្ឌកម្ម​
17, Jan 2017 , 8:59 am        
រូបភាព
​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​លើក​លក្ខខណ្ឌ​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងការ​លុបចោល​ទណ្ឌ​កម្ម​ដែល​ដាក់​លើ​រុស្ស៊ី​ដោយ​រដ្ឋបាល​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា ។ លោក ត្រាំ នឹង​ស្នើ​ឲ្យ​រុស្ស៊ី​ដែលជា​មហាអំណាច​នុយក្លេអ៊ែរ​មួយ​ដែរ កាត់បន្ថយ​ចំនួន​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ថ្នូរ​នឹង​ការលុបចោល​ទណ្ឌកម្ម​អាមេរិក​។



​ទណ្ឌកម្ម​ដែល​ដាក់​លើ​រុស្ស៊ី​ទាក់ទិន​នឹង​ការ​លេប​យក​តំបន់​គ្រី​មៀ ទំនងជា​នឹងត្រូវ​លុបចោល​វិញ​នៅពេល​ខាងមុខ បន្ទាប់ពី​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បានដាក់​លក្ខខណ្ឌ​ឲ្យ​រុស្ស៊ី​បន្ថយ​ចំនួន​អាវុធ​នុយក្លេអ៊ែរ​ដែល​រុស្ស៊ី​មាន​ក្នុង​ដៃ​។ លោក ដូ​ណា​ល់ ត្រាំ លើកឡើង​ពី​លក្ខខណ្ឌ​នេះ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អង់គ្លេស The Times of London ដែល​ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃទី​១៥ ខែមករា​។​

​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ និយាយថា លោក​នឹង​ដាក់សំណើ​លុបចោល​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដែល​ភ្ជាប់​តំបន់​គ្រី​មៀ​ក្នុង​ឆ្នាំ​២០១៤ ហើយ​ត្រឡប់មកវិញ រុស្ស៊ី​ត្រូវ​ព្រមព្រៀង​កាត់បន្ថយ​សព្វាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​។ បើទោះជា​លោក ត្រាំ មិនទាន់​កាន់តំណែង​ផ្លូវការ​ក៏ដោយ សំណើ​នេះ ជា​ជំហាន​ថ្មី​មួយទៀត​នៃ​ការគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ ចាប់តាំងពី​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា សម្រេចបាន​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​ជាមួយ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១០ ។​

​លោក ត្រាំ បាន​ប្រាប់​សារព័ត៌មាន The Times of London ថា​៖ «​ពួកគេ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​។ អ៊ីចឹង​ទេ​យើង​ត្រូវ​ចាំ​មើលថា យើង​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ប្រសើរ​មួយ​ជាមួយ​រុស្ស៊ី​ឬ​អត់​។ ខ្ញុំ​គិតថា អាវុធ​នុយក្លេអ៊ែរ គួរ​ត្រូវបាន​កាត់បន្ថយ​ឲ្យ​បាន​ច្រើន ហើយ​វា​អាចជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​របស់​យើង ដ្បិត​រុស្ស៊ី កំពុង​រងគ្រោះ​ខ្លាំង​ដោយសារ​ទណ្ឌកម្ម​។ ដូច្នេះ​កិច្ចព្រមព្រៀង​នេះ អាច​នឹង​លេច​ជា​រូបរាង ហើយ​គ្រប់គ្នា​នឹង​ទទួលបាន​ប្រយោជន៍​ពី​វា​»​។​

​អាមេរិក និង​រុស្ស៊ី ជា​មហាអំណាច​ធំជាងគេ​ពីរ​របស់​ពិភពលោក​។ ក្រុង​វ៉ា​ស៊ិន​តោន មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​១៣៦៧ ដែល​ពង្រាយ​ហើយ​ស្រេច​លើ​មី​ស៊ី​ល និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​។ ចំណែកឯ​រុស្ស៊ី​វិញ មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើនជាង​អាមេរិក​៤០០​គ្រាប់ គឺមាន​ដល់​ទៅ​១៧៩៦ ដែល​ពង្រាយ​ជាស្រេច​ដូច​អាមេរិក​ដែរ​។ នេះ​បើ​យោងតាម​ការវាយតម្លៃ​ដោយ​ក្រសួងការបរទេស​អាមេរិក​។​

​តាមពិតទៅ វា​អាច​មិនមែនជា​រឿង​ចម្លែក​ឡើយ​ដែល​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ចង់​លុបចោល​ទណ្ឌកម្ម​ដាក់​លើ​រុស្ស៊ី​នោះ​។ លោក ប្រកាស​ជាច្រើន​ដង​ហើយ​ថា លោក ចង់​ស្ដារ​ទំនាក់ទំនង​ជាមួយ​ក្រុង​មូ​ស្គូ​ឲ្យ​ប្រសើរ​ឡើងវិញ ប៉ុន្តែ​លោក​ក៏​រង​ការរិះគន់​ខ្លាំង​លើ​រឿងនេះ​ដែរ​។ លើសពីនោះ លោក​ថែមទាំង​គ្មាន​ទំនុកចិត្ត​លើ​ស្ថាប័ន​ចារកម្ម​របស់​អាមេរិក ដែល​រកឃើញថា រុស្ស៊ី​លូកដៃ​ចូល​កិច្ចការ​បោះឆ្នោត​អាមេរិក​ទៀតផង​៕     


Tag:
 ដូ​ណា​ល់ ត្រាំ​
  រុស្ស៊ី​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com