ជាតិ
សេដ្ឋកិច្ច
ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ពន្ធ​បាន​ជាង​១,៤០០​លាន​ដុល្លារ
22, Jan 2017 , 9:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ
រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ
​អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ  បាន​ចំនួន ៥,៩៨៨,៧០៥.២៥​លាន​រៀល សមមូល​នឹង​១,៤៧៩.១៨​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ។ ចំណូល​នេះ កើនឡើង​២៨.៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥ និង​កើន​ចំនួន ១០៥.៣២​ភាគរយ នៃ​ផែនការ​កំណត់ដោយ​ច្បាប់​។



​ក្នុង​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​សរុប​ចំនួន ៥​លាន ៩​សែន ៨​ម៉ឺន ៨​ពាន់ ៧០៥​លាន​រៀល សមមូល​នឹង​១,៤៧៩ លាន​ដុល្លារ​អាមេរិក​។​ ​សម្រាប់​ឆ្នាំ​២០១៦​នេះ ការប្រមូល​ពន្ធដារ​ប​ង់​ចូល​ថវិកាជាតិ កើនឡើង ៣៣២.៣០ លាន​ដុល្លារ ឬ​ស្មើនឹង​២៨.៥​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង ឆ្នាំ​២០១៥ ដែល​ចំណូល​ពន្ធដារ​មាន​ជាង​១,២៩៩ លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ និង​ប្រចាំឆ្នាំ​២០១៦ ។​

​ចំណូល​នេះ​កើនឡើង​ចំនួន​១០៥​ភាគរយ នៃ​ផែនការ​កំណត់ដោយ​ច្បាប់ ក្នុងនោះ​ថវិកា​ថ្នាក់ជាតិ​បាន​ជាង ៥​លាន ២​សែន ៤​ម៉ឺន​២០៨​លាន​រៀល សមមូល​នឹង ១,៣១០ លាន​ដុល្លារ និង​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​ចំនួន​ជាង ៧​សែន ៤​ម៉ឺន ៨​ពាន់ ៤៩៦​លាន​រៀល សមមូល​នឹង ១៨៧​លាន​ដុល្លារ​។  នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​សង្កេតឃើញថា ក្នុង​ឆ្នាំ​២០១៦ ចំណូល​ពន្ធអាករ​តាម​ប្រភេទ​ក៏​កើនឡើង​ដែរ ក្នុងនោះ​មាន​អាករ​ពិសេស​កើនឡើង​២៣.៤​ភាគរយ ពន្ធលើប្រាក់បៀវត្ស​កើន​២០​ភាគរយ ពន្ធលើប្រាក់ចំណេញ កើន​១៨.៤​ភាគរយ និង​អាករ​លើ​តម្លៃបន្ថែម​កើន ១៥.២​ភាគរយ​។ ចំណែក​ចំណូល​ពន្ធអាករ តាម​សកម្មភាព​អាជីវកម្ម​ក៏​កើនឡើង​ស្ទើរ​គ្រប់​ប្រភេទ​អាជីវកម្ម​ផងដែរ​៕


Tag:
 ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com