អន្តរជាតិ
​ចិន ប្រាប់​រដ្ឋបាល​ថ្មី​របស់លោក​ត្រាំ​ឲ្យ​ធ្វើខ្លួន និង​ប្រយ័ត្ន​សម្តី​បន្តិច​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង
24, Jan 2017 , 4:35 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying (ខាងឆ្វេង) និង អ្នកនាំពាក្យសេតវិមានអាមេរិក លោក Sean Spicer (ខាងស្តាំ)
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying (ខាងឆ្វេង) និង អ្នកនាំពាក្យសេតវិមានអាមេរិក លោក Sean Spicer (ខាងស្តាំ)
ដោយ: ថ្មីៗ
​ដោយ​មិន​ទុក​ឲ្យ​នៅ​យូរ​ឡើយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រតិកម្ម និង​ព្រមាន​ភ្លាមៗ​ទៅនឹង​ការធ្វើ​អត្ថាធិប្បាយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​ប៉េកាំង បាន​ប្រាប់​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ប្រយ័ត្ន​សម្តី​ពេល​និយាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។



​លោក Sean Spicer អ្នកនាំពាក្យ​សេត​វិមាន នៅ​ថ្ងៃទី​២៣ មករា បានធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​យ៉ាង​ដូច្នេះ​ថា​៖« វា គឺជា​សំណួរ​មួយ ប្រសិន កោះ​ទាំងនោះ (​ប្រជុំ​កោះ​មួយចំនួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​) គឺជា​ផ្នែក​មួយ​នៃ​ដែនទឹក​អន្តរជាតិ និង​មិនមែនជា​កម្មសិទ្ធិ​របស់​ចិន​មែន​នោះ ... យើង​(​អាមេរិក​) ធានាថា នឹង​ការពារ​អធិបតេយ្យ​អន្តរជាតិ​ពី​ការគ្រប់គ្រង​ដោយ​ប្រទេស​ណាមួយ​នោះ​»​។

​យ៉ាងណាក៏ដោយ លោកអ្នក​នាំពាក្យ បាន​បដិសេធ​និយាយ​លម្អិត​ពី​គោលនយោបាយ​របស់​រដ្ឋ​បាល​ថ្មី​អាមេរិក​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​ថា​នឹង​អនុវត្ត​បែបណា​នោះទេ ដោយ លោក គ្រាន់តែ​និយាយថា អាមេរិក នឹងធ្វើ​ការអភិវឌ្ឍ​បន្ថែមទៀត ហើយ នឹងសិក្សា​ពី​ព័ត៌មាន​លម្អិត​នៃ​បញ្ហា​នោះ​។​

​អត្ថាធិប្បាយ​នេះ ប្រាកដ​ណាស់​ថា ធ្វើ​ឲ្យ​ចិន មិន​សប្បាយ​នោះទេ ដ្បិត អាមេរិក ហ៊ាន​និយាយថា ទាំង​ការពារ និង​រារាំង​ចិន​មិន​ឲ្យ​ធ្វើ​សមកម្ម​ភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​២៤ មករា លោកស្រី​អ្នកនាំពាក្យ Hua Chunying បាន​សង្កត់ធ្ងន់ថា​៖«​ចិន ទទូច​ឲ្យ​អាមេរិក​បង្ហាញ​ឥរិយាបថ និង​និយាយ​ឲ្យ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​។​» លោកស្រី អះអាង​ទៀត​យ៉ាងខ្លី​ទៀតថា ចិន មិនមាន​ជម្លោះ​អធិបតេយ្យ​នៅលើ​ប្រជុំ​ស្ព្រា​ត​លី​នៃ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters​។

​សូម​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង មិន​ត្រឹមតែ​ដែនសមុទ្រ​ដែល​សម្បូរ​ទៅដោយ​ប្រជុំ​កោះ​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ វា ក៏​ជា​ច្រក​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​មមា​រញឹក​លំដាប់​ទី​ពីរ​របស់​ពិភពលោក​ផងដែរ​។ សក្តានុពល​នេះ បានធ្វើ​ឲ្យ​ប្រទេស​ដែលជា​ប់​តំបន់​រួមមាន​ប្រទេស​អាស៊ាន មួយចំនួន​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បានទាមទារ​ដោយ​សម្អាង​ច្បាប់​អន្តរជាតិ ខណៈ ចិន ក៏​ទាមទារ​តំបន់​នោះដែរ ដោយ​យោងតាម​កត្តា​ប្រវត្តិសាស្ត្រ​។

​បើទោះបីជា​អាមេរិក មិនមែនជា​ភាគី​ជម្លោះ​ក៏ដោយ អាមេរិក បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ជម្លោះ​នេះ តាមរយៈ​ការ​ថ្លែង​រិះគន់​ចិន និង​ប​ញ្ជូ​នា​នាវាចម្បាំង និង​យន្តហោះ​ស៊ើបការណ៍​មកកាន់​តំបន់​ជម្លោះ​ដើម្បី​ប្រឈម​ជាមួយនឹង​សកម្មភាព​វាតទី​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​រួមទាំង​ការសាងសង់​កោះ​សិប្បនិម្មិត និង​សំណង់​យោធា​នោះ​។ អ្វី​គួរកត់សម្គាល់​នោះ អតីត​ប្រ​ធានា​ធីប​តី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ធ្លាប់​សន្យា​ចំពោះមុខ​មេដឹកនាំ​កំពូល​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​នៅក្នុង​ទឹក​អាមេរិក​នៅ​ដើមឆ្នាំ​២០១៦ ថា អាមេរិក នឹង​ប្តេ​ជា​អនុវត្ត​ច្បាប់​អន្តរជាតិ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​ការបញ្ជូន​នាវា​ល្បាត​ឲ្យ​បាន​ទៀងទាត់​មកកាន់​តំបន់​ជម្លោះ​នោះ​៕


Tag:
 ​ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com