ជាតិ
លោក ម៉ុង ឫទ្ធី មើលទៅ​បុរស​ម្នាក់ ស្មានតែ​អ្នកយាម​ឡាន តែ​តាម​ពិតជា​ថៅកែ​ហាង​សោះ​!
19, May 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ម៉ុង ឫទ្ធី បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក សម្តែង​ការហួសចិត្ត​របស់លោក​ទាក់ទង​នឹង​បុរស​ម្នាក់​ដែល​តែងខ្លួន​បែប​សាមញ្ញ​។ ជាមួយនឹង​រូបថត Selfie ជាមួយ​បុរស​រូបនោះ អ្នកជំនួញ​ល្បីឈ្មោះ និង​ជា​សមាជិក​ព្រឹទ្ធសភា បានសរសេរថា គាត់​ជា​ម្ចាស់​ហាង មិនមែនជា​អ្នកយាម​រថយន្ត​ឡើយ​។​



«​ភ្ញៀវ​ដែល​និយម​ចូល​ហូបបាយ​នៅ​ភោជនីយដ្ឋាន​ពោធិចិនតុង កុំ​ច្រឡំ​ថា​គាត់​ជា​អ្នកយាម​ឡាន​ចះ​តែ​ឱ្យ​លុយ​គាត់​១០០០​រៀល​ញយៗ​គាត់​ចះ​តែ​យកទៅ ការពិត​គាត់​ជា​ថៅកែ​ហាង​នេះ​ស្មោះ​ខ្ញុំ​ស្គាល់​គាត់​ជិត​២០​ឆ្នាំ​ហើយ​»​។ នេះ​ជា​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុល​របស់លោក ម៉ុង ឫទ្ធី នា​ថ្ងៃទី​១៩ ខែឧសភា នេះ ដោយ​ត្រឹមតែ​រយៈពេល​៣​ម៉ោង​ប៉ុណ្ណោះ មានការ​ចុច Like ជាង​៧០០០ និង​ចែករំលែក (Share) ជិត​២០០០ ។

​លោក ម៉ុង ឫទ្ធី បាន​បញ្ចេញមតិ​បន្ថែមថា​៖ «​ខ្ញុំ​ឃើញ​គាត់​ស៊ីញ៉ូ​ឡាន​ហើយ​គេ​ចេះតែ​ឲ្យ​លុយ​គាត់​បានជា​ខ្ញុំ​ប្រាប់​ឲ្យ​ដឹង […]​គាត់​តែងតែ​អរគុណ​ជានិច្ច កាយវិការ​នេះហើយ​ដែល​ភ្ញៀវ​មិន​និក​ស្មាន​ដល់​» ។​

​នៅលើ​សារ​បញ្ចេញមតិ​ដដែល​ក្នុង​ហ្វេ​ស​ប៊ុ​កលោក ម៉ុង ឫទ្ធី អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ បាន​អះអាងថា បុរស​ម្នាក់​នោះ គឺជា​ពិតជា​មនុស្ស​សាមញ្ញ ហើយ​គាត់​យកលុយ​ដែល​គេ​ផ្តល់​ឲ្យ ទុក​សម្រាប់​បុគ្គលិក​គាត់​។​



​ការ​បង្ហោះ​របស់លោក ម៉ុង ឫទ្ធី ត្រូវបាន​មនុស្ស​ជាច្រើន​យល់ថា វា​ជា​ឧទាហរណ៍​មួយ​សម្រាប់​មនុស្ស​ទូទៅ ដោយ​គេ​មិនអាច​វាយតម្លៃ​អ្នកណា តែ​លើ​សំបក​ក្រៅ​នោះឡើយ​៕




Tag:
 ប្លែកៗ​
  ម៉ុង ឫទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com