អន្តរជាតិ
ម៉ា​ក្រុង ថ្កោលទោស​សំណង់​ខុសច្បាប់​អ៊ីស្រាអែល​និង​គាំទ្រ​រដ្ឋ​ឯករាជ្យ «​ប៉ា​ឡេ​ស្ទី​ន​»
06, Jul 2017 , 5:12 pm        
រូបភាព
​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ថ្កោលទោស​អ៊ីស្រាអែល​ដែល​បន្ត​សាងសង់​លំនៅដ្ឋាន​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន និង​ប្រកាស​ជំហរ​គាំទ្រ​ដំណោះស្រាយ​រដ្ឋ​ពីរ​ដែល​អាច​ជួ​បញ្ចប់​ជម្លោះ​មជ្ឈិមបូព៌ា​ផង​។ ម៉ា​ក្រុង បានលើកឡើង​បែបនេះ​ក្នុងជំនួប​មួយ​ជាមួយ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក  ម៉ា​មូ​ត អាបាស (Mahmoud Abbas) នា​ថ្ងៃ​ពុធ​ទី ៥ ខែកក្កដា​។



​ក្នុងជំនួប​ជា​លើកដំបូង​ជាមួយ​ប្រមុខ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​មូ​ត អាបាស នៅ​វិមាន​អេ​លី​ហ្សេ (Elysee) នៅ​ថ្ងៃ​ពុធ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ថ្លែងថា លោក​គាំទ្រ​ពេញទំហឹង​ចំពោះ​ដំណោះស្រាយ​រដ្ឋ​ពីរ​។ លោក​ក៏​ថ្កោលទោស​សំណង់​ខុសច្បាប់​របស់​អ៊ីស្រាអែល​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​ដែរ​។​
​    ​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បញ្ចេញយោបល់​ជា​សាធារណៈ​លើ​បញ្ហា​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន លោក ម៉ា​ក្រុង បាន​សង្កត់ធ្ងន់ថា បញ្ហា​មជ្ឈិមបូព៌ា​អាច​បញ្ចប់​ទៅរួច បើ​មាន
​ដំណោះស្រាយ​ទទួលស្គាល់​ស្របច្បាប់​នៃ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែលមាន​ឯករាជ្យ​និង​អធិបតេយ្យ​ពេញលេញ​។ ស្រប​ពេលដែល​ជាមួយគ្នា​នោះ​វា​ក៏​រក្សាបាន​នូវ​សន្តិសុខ​របស់​អ៊ីស្រាអែល​នោះ​។

​លោក​បានបញ្ជាក់​ដូច្នេះ​៖«​វា​មិនមាន​ដំណោះស្រាយ​ឯណា​ទៀត​ប្រសើរ​ជាង​ដំណោះស្រាយ​រដ្ឋ​ពីរ​ឡើយ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ដំណោះស្រាយ​នេះ​ស្ថិតក្រោម​ការគំរាមកំហែង​ខ្លាំង​»​។​
​ជម្លោះ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​នៅតែ​ស្មុគស្មាញ​ពិបាក​រក​ដំណោះស្រាយ​បញ្ចប់​បាន ហើយ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ​ពេលដែល​ការចរចា​គ្នា​បន្ត​ជាប់គាំង​មកដល់​ឥឡូវនេះ​។ កាលពី​ខែមិថុនា​កន្លងទៅ​អង្គការសហប្រជាជាតិ​បាន​រាយការណ៍​ថា អ៊ីស្រាអែល​កាន់តែ​បង្កើន​សកម្មភាព​សាងសង់​សំណង់​លំនៅដ្ឋាន​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​កាន់តែច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​។ អ៊ីស្រាអែល​មិនបាន​បញ្ឈប់​សកម្មភាព​របស់ខ្លួន​ឡើយ ទោះបីជា​អង្គការសហប្រជាជាតិ​បន្ត​ទាមទារ​ឲ្យ​ខ្លួន​បញ្ឈប់​សកម្មភាព​បំពាន​ច្បាប់​អន្តរជាតិ​ក៏ដោយ​។

​ពាក់ព័ន្ធ​បញ្ហា​សំណង់​លំនៅដ្ឋាន​អ៊ីស្រាអែល​នេះ ប្រមុខរដ្ឋ​បារាំង​វ័យ​៣៩​ឆ្នាំនេះ បានបញ្ជាក់​ជាថ្មី​ថា បារាំង​នៅតែ​ប្រឆាំង​និង​ថ្កោលទោស​ដាច់ខាត​ចំពោះ​រាល់​ការបំពានច្បាប់​អន្តរជាតិ​នេះ​។​លោក ម៉ា​ក្រុង បានបញ្ជាក់​ដូច្នេះ​៖«​បារាំង​នៅតែ​ថ្កោលទោស​រាល់​ការបន្ត​សាងសង់​លំនៅដ្ឋាន​ដែល​ខុសច្បាប់​អន្តរជាតិ​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដែល​បច្ចុប្បន្ននេះ​សកម្មភាព​នេះ​កើនឡើង​កាន់តែខ្លាំង​មិន​ធ្លាប់មាន​ចាប់ពី​ដើមឆ្នាំ​មក​នោះ​»​។​

​តាមពិតទៅ ជំនួប​រវាង​លោក ម៉ា​ក្រុង និង​ប្រមុខរដ្ឋ​ប៉ា​ឡេ​ស្ទី​ន កើតឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ទូរ​សព្ទ​ទៅកាន់​មេដឹកនាំ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ដោយ​លោក​បាន​សន្យា​ជួយ​អ៊ីស្រាអែល​សម្រេចបាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​នៅពេល​ខាងមុខ​ផង​។​

​ប៉ុន្តែ​គេ​មិនដឹង​ច្បាស់​ថា លោក ដូ​ណា​ល់ ត្រាំ នឹងមាន​យុទ្ធសាស្ត្រ​បែបណា​ដើម្បី​ជួយ​ឲ្យ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ចូល​តុ​ចរចា​និង​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​រួមគ្នា​ផ្អែកលើ​ក្របខណ្ឌ​នៃ​ដំណោះស្រាយ​រដ្ឋ​ពីរ​ឡើយ​។ មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​មាន​ក្តី​រំពឹង​មុតមាំ​លើ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ប៉ុន្តែ​គ្រប់យ៉ាង​ស្ថិតនៅ​ក្នុងស្ថានភាព​ស្រពេចស្រពិល​នៅឡើយ​។ កាលពី​ខែឧសភា​កន្លងទៅ ពេល​លោក ដូ​ណា​ល់ ត្រាំ ទៅ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល លោក​ក៏​មិនបាន​បញ្ជាក់​សូម្បីតែ​បន្តិច​ពី​ដំណោះស្រាយ​រដ្ឋ​ពីរ ដែល​សហគមន៍​អន្តរជាតិ​យកចិត្តទុកដាក់​និង​ចង់​ឲ្យ​កើតមាន​ឡើយ​៕  

Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
 ​ ម៉ា​មូ​ត អាបាស​
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com