ខ្មែរ​ក្រហម
ជាតិ
គ្មាន​ករណី​សង្ស័យ​ណាមួយ​ទាក់ទង​នឹង​ការស្លាប់​របស់លោក អៀង សារី ឡើយ
02, Apr 2013 , 5:11 pm        
រូបភាព
ដោយ: រួបរួម
សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ នេះ ដើម្បី​បញ្ជាក់​អំពី​ការបញ្ចប់​កា​ស៊ើបអង្កេត​របស់ខ្លួន​មូលហេតុ​នៃ​មរណភាព​របស់ លោក អៀង សារី។ សហ​ព្រះរាជអាជ្ញា​បានធ្វើ​សេចក្តី​សន្និដ្ឋានថា មរណភាព​របស់លោក អៀង សារី កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត គឺ​ដោយសារ​មូលហេតុ​ធម្មជាតិ។


  
សេចក្ដីសន្និដ្ឋាន​ចុងក្រោយ ស្តីពី​មូលហេតុ​មរណភាព​រប​ស់លោក អៀង សារី គឺ​បាន​បញ្ជាក់ថា គាត់​ស្លាប់​ដោយសារ​មូលហេតុ​ធម្មជាតិ នា​ម៉ោង ៨:៤៥នាទី​ព្រឹក នៅ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ដែល​បណ្តាលមកពី​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ដែល​មិន​អាចធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​បាន និង​បណ្ដាលមកពី​ការ​ស្ពៀត​សរសៃឈាម​ចិញ្ចឹម​បេះដូង​ដែលមាន​ជា​យូរ​មកហើយ តាំង​ពីមុន​ការចាប់ខ្លួន និង​ការជាប់​ឃុំឃាំង​នៅ​សាលាក្តី​មកម្ល៉េះ។

ការរកឃើញ​នេះ​ត្រូវបាន​បញ្ជាក់​អះអាង​ដោយ របាយការណ៍​វេជ្ជសាស្ត្រ​ចុងក្រោយ និង​លិខិតបញ្ជាក់​មរណភាព​ដែល​បានចេញ​ដោយ​ក្រុមគ្រូពេទ្យ​ព្យាបាល លោក អៀង សារី​បណ្តា​ឯកសារ​នានា​ដែលជា​ប្រវត្តិ​វេជ្ជសាស្ត្រ​ជា​យូរ​មកហើយ  ចម្លើយ​របស់​ក្រុមគ្រូពេទ្យ​និង​បុគ្គលិក​ពេទ្យ​ដទៃទៀត​ដែលមាន​វត្តមាន​នៅពេល​មរណភាព​របស់គាត់ និង​ចម្លើយ​របស់​កូនស្រី​លោក អៀង សារី។

មិនមាន​កាលៈទេសៈ​ដ៏​គួរ​ឲ្យ​សង្ស័យ​ណាមួយ ដែល​ទាក់ទង​នឹង​មរណភាព​របស់លោក អៀង សារី ត្រូវបាន​រកឃើញ នៅពេល​ធ្វើការ​ស៊ើបអង្កេត​នោះទេ។
  
យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដោយសារ​មាន​ភ័ស្តុតាង​ច្បាស់លាស់ និង​ភាពស៊ីសង្វាក់​គ្នា​ចំពោះ​មូលហេតុ​នៃ​មរណភាព​នេះ ការវះកាត់​សាកសព​លោក អៀង សារី ដើម្បី​ធ្វើការ​ពិនិត្យ គឺ​ពុំ​ចាំបាច់​ឡើយ ហើយ​ការធ្វើ​ពិសោធន៍​ដើម្បី​រក​ជាតិពុល​ក្នុង​ឈាម​របស់គាត់​ដោយ​សហ​ព្រះរាជអាជ្ញា ក៏​ពុំ​ចាំបាច់​ដែរ។


បន្ថែម​ពីលើ​នេះ ក្រុមគ្រួសារ​របស់ អៀង សារី និង​អតីត​ក្រុម​មេធាវី​ការពារ​ក្តី​របស់គាត់ បានបង្ហាញ​សំណើ​របស់ខ្លួន​ថា ពួកគាត់​មិនមាន​បំណង​អនុវត្ត​ការវះកាត់​សាកសព​ដើម្បី​ពិនិត្យ ឬ​ត្រូវការ​របាយការណ៍​ជាតិពុល​ឡើយ។          


អនុលោម​តាម​វិធាន ៣២ ស្ទួន នៃ​វិធាន​ផ្ទៃក្នុង របាយការណ៍​ទាំងស្រុង​នៃ​ប្រវត្តិ​នៃ​របាយការណ៍​សុខភាព​របស់លោក អៀង សារី ត្រូវបាន​ចាត់ថ្នាក់​ជា​ឯកសារ​សំងាត់​បំផុត ហើយ​មិនអាច​បង្ហាញ​ជា​សាធារណៈ​បានឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com