អន្តរជាតិ
អាស៊ាន នៅតែ​មិនទាន់​កំណត់ពេល​ច្បាស់​នៃ​ការផ្តល់​សមាជិកភាព​ផ្លូវការ​ឲ្យ​ទី​ម័​រ​ខាងកើត
07, Aug 2017 , 9:19 pm        
រូបភាព
ដោយ:
​ការ​រំពឹងថា ទី​ម័​រ​ខាងកើត អាច​ទទួលបាន​សមាជិក​ភាព​ពេញលេញ​របស់​អាស៊ាន​នៅ​ឆ្នាំ​២០១៧​នេះ ហាក់ដូចជា​ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល​ខ្លាំង ។ នោះ​ក៏​ព្រោះតែ តាមរយៈ​សេចក្តីថ្លែងការណ៍​អាស៊ាន​ចុងក្រោយបង្អស់​នេះ នៅតែ​មិន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់​សម្រាប់​ការបញ្ចូល​សមាជិក​ទី​១១​របស់ខ្លួន​ដដែល ។



​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ថ្ងៃទី​០៦ សីហា បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៥០ ។ សេចក្តីថ្លែងការណ៍ ដែល​ចេញផ្សាយ​ឡើង​ជាមួយនឹង​ភាពចម្រូងចម្រាស់​ជាច្រើន​នោះ ក៏បាន​បញ្ជាក់​ដំណើរការ​នៃ​ក្លាយទៅជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត​ផងដែរ ។

​សេចក្តីថ្លែងការណ៍​នោះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង (​អាស៊ាន​) បានកត់សម្គាល់​ពី​បែបបទ​របស់​ទី​ម័​រ​ខាងកើត​សម្រាប់​ការទទួលបាន​សមាជិក​ភាព​អាស៊ាន និង​ទន្ទឹងរង់ចាំ​កិច្ចពិភាក្សា​ជា​បន្ត និង​របាយការណ៍ ដែល​ធ្វើឡើង​ដោយ​ក្រុមការងារ​សម្របសម្រួល​អាស៊ាន​ដើម្បី​ពិនិត្យមើល​ពី​លទ្ធផល​ដែល​បាន​ពី​ការសិក្សា​ជា​ឯករាជ្យ​នៃ​ដំណើរការ​ក្លាយជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត​លើ​សសរស្តម្ភ​ទាំងបី​របស់​អាស៊ាន​»​។

​សេចក្តីថ្លែងការណ៍​ដដែល​នោះ បាន​បន្តទៀតថា អាស៊ាន ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​ទី​ម័​រ​ខាងកើត​នៅក្នុង​សកម្មភាព​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង​ក្របខណ្ឌ​អាស៊ាន ។ នេះ ក៏​មានន័យថា អាស៊ាន ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​សិក្សា​ពី​លទ្ធភាព​របស់​ទី​ម័​រ​ខាងកើត មុន​ផ្តល់​សមាជិកភាព​របស់​អាស៊ាន​ជា​ផ្លូវការ ។

​សូម​រម្លឹក​ផងដែរ​ថា ទី​ម័​រ​ខាងកើត គឺជា​រដ្ឋ​ក្មេងខ្ចី​នៅ​អាស៊ីអាគ្នេយ៍​មួយ ។ ទី​ម័​រ​ខាងកើត ទើបតែ​ទទួលបាន​ឯករាជ្យ​ពេញលេញ​នៅ​ឆ្នាំ​២០០២​ប៉ុណ្ណោះ​នោះទេ ។ រដ្ឋ​មួយ​នេះ បានដាក់​សំណើសុំ​ក្លាយជា​សមាជិក​អាស៊ាន​ទី​១១​តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ ក៏ប៉ុន្តែ មកទល់ពេលនេះ អាស៊ាន នៅ​មិនទាន់មាន​ភ្លើង​ខៀវ​ក្នុងការ​ព​ន្លឿ​ន​ការផ្តល់ សមាជិកភាព​ដល់ទី​ម័​រ​ខាងកើត​នៅឡើយ​នោះទេ​។ រយៈពេល​ចុងក្រោយ​នេះ មាន​សមាជិក​អាស៊ាន​មួយចំនួន ដែល​រួមបញ្ចូល​ទាំង​កម្ពុជា​ផងដែរ​នោះ បានបង្ហាញ​ពី​ការគាំទ្រ​ទី​ម័​រ​ខាងកើត​ដើម្បី​ទទួលបាន​សមាជិកភាព​ពេញលេញ​អាស៊ាន​ផងដែរ ៕


Tag:
 អាស៊ាន​
  ទី​ម័​រ​ខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com