ជាតិ
គ​.​ជ​.​ប មិន​ពិចារណា​លើ​បញ្ជី​ឈ្មោះ CNRP សម្រាប់​ការ​ប្រជែង​កៅអី​ព្រឹទ្ធសភា​ឡើយ​
07, Dec 2017 , 11:23 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  បានចេញ​សេចក្តីសម្រេច នៅ​ថ្ងៃទី​៦ ខែធ្នូ ដោយ​មិន​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែ​កុ​ម្ភា ឆ្នាំ​២0១៨ នោះទេ​។ មូលហេតុ​របស់​គ​.​ជ​.​ប គឺ​ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល រំលាយចោល និង​ត្រូវបាន​ក្រសួងមហាផ្ទៃ លុបឈ្មោះ​ចេញពី​បញ្ជី​ហើយ​។



​សេចក្តីសម្រេច​របស់​គ​.​ជ​.​ប បានបញ្ជាក់​ត្រង់​ប្រការ​១ យ៉ាង​ដូច្នេះ​ថា​៖«​មិន​លើក​មក​ពិនិត្យ​នូវ ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​»​។

​ចំណែកឯ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះបញ្ជី​រួចហើយ ហើយក៏​ត្រូវ​បានគ​.​ជ​.​ប យល់ព្រម​ដែរ ដើម្បី​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នាពេលខាងមុខ​៕


Tag:
 CNRP
  បោះឆ្នោត​ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com