ជាតិ
អតីត​និស្សិត​ខ្មែរ​ពី​ជប៉ុន នឹង​រៀបចំ​ពិធី​«​លៀង​សាយភោជន៍​» ដើម្បី​រៃអង្គាស​ថ​រិ​កា​ជួយ​ដល់​និស្សិត​ក្រីក្រ
15, Dec 2017 , 8:19 am        
រូបភាព
ដោយ:
​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​(JAC)​នឹង​រៀបចំ​កម្មវិធី​«​លៀង​សាយភោជន៍​ផ្តាច់​ឆ្នាំ​ចាស់​២០១៧» ដើម្បី​រៃអង្គាស​ថ​រិ​កា យកទៅជួយ​ឧបត្ថម្ភ​ដល់​និស្សិត​ក្រីក្រ​កម្ពុជា ដែល​មកពី​បណ្ដា​ខេត្ត​មក​សិក្សា​នៅ​ភ្នំពេញ ។​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន ខេ​មា ឡា​ប៉ុ​ស្ត៍​(Khéma La Poste) រាជធានី​ភ្នំពេញ​។



​លោក វុទ្ធី មុនី​រ័ត្ន ប្រធាន​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​(JAC)​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមាគម​នឹង​រៀបចំ​កម្មវិធី​នេះ​ក្នុង​គោលបំណង ដើម្បី​បង្កើន​ចំណងមិត្តភាព ក៏ដូចជា​បង្កើត​នូវ​បណ្តាញ​ទំនាក់ទំនង​ល្អ ជាមួយ​អតីត​និស្សិត​ខ្មែរ ដែល​បានបញ្ចប់​ការសិក្សា​ពី​ប្រទេស​ជប៉ុន និង​ធុរជន​ជប៉ុន​នៅ​កម្ពុជា​។ ជាពិសេស​កម្មវិធី​នេះ ក៏មាន​គោលបំណង ប្រមូលប្រាក់​ឧបត្ថម្ភ​ពី​បណ្តា​ក្រុមហ៊ុន និង​សប្បុរសជន​នានា យកទៅជួយ​ឧបត្ថម្ភ​ដល់​និស្សិត​ក្រីក្រ​មកពី​បណ្ដា​ខេត្ត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។

​ប្រធាន​សមាគម​រូបនេះ​មើលឃើញ​ដូច្នេះ​ថា​៖« ការជួយឧបត្ថម្ភ​ដល់​មនុស្ស​ដែល​ខិតខំ​តស៊ូ​រៀនសូត្រ តាមរយៈ ចំណេះ ជំនាញ ដែល​ពួកគេ​កំពុងតែ​សិក្សា​នៅឯ​សាកលវិទ្យាល័យ​នឹងធ្វើ​ឲ្យ​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់ អាចជួយ​ខ្លួនឯង ក៏ដូចជា​ក្រុមគ្រួសារ​នាពេល​អនាគត​។ មួយវិញទៀត និស្សិត​ទាំងនោះ នឹង​ក្លាយជា​ជន​គំរូ​នៅក្នុង​សហគមន៍​ជាពិសេស ពួកគេ​នឹង​ក្លាយខ្លួនជា​ធនធាន ដ៏​ល្អ​សម្រាប់​សង្គមជាតិ ផងដែរ​»​។



​លោក​សង្ឃឹមថា សាធារណជន និង​អតីត​និស្សិត​ខ្មែរ​ដែល​ធ្លាប់​សិក្សា​នៅ​ប្រទេស​ជប៉ុន នឹងចូលរួម​គាំទ្រ​កម្មវិធី​នេះ ដើម្បី​ជា​ចំណែក​មួយ​ជួយ​ដល់​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ក្នុង​រាជធានី​ភ្នំពេញ​។ កន្លងមក​សមាគម​បានផ្ដល់​ជា​អាហារូបករណ៍​ដល់​និស្សិត នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស និង​សាលា​កសិកម្ម​ជាតិ​ព្រែកលៀប​។​

​គួរ​បញ្ជាក់ថា សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​(JAC) បានរៀបចំ​កម្មវិធី នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ជួបជុំ​អតីត​និស្សិត​ខ្មែរ​ដែល​ធ្លាប់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន និង​ជនជាតិ​ជប៉ុន​ដែល​កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com