កីឡាជាតិ
ជាតិ
ពានរង្វាន់​ផ្សេងៗ​ក្នុង​លី​គ និង Hun Sen Cup ត្រូវ​ផ្តល់​រួម​នា​កម្មវិធី Award Night
28, Dec 2017 , 11:57 am        
រូបភាព
ដោយ:
​ក្រៅពី​ពានរង្វាន់​សម្រាប់​ក្រុម​ជើងឯក ជើងឯក​រង និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ ពានរង្វាន់​លក្ខណៈ​ឯកជន​ផ្សេងៗ​នឹងត្រូវ​ប្រកាស​ក្នុង​កម្មវិធី Award Night របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)​នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧​។



​លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ លោក ឆាំង ពិសិដ្ឋ បាន​បញ្ជាក់ថា ពានរង្វាន់ Fair play, អ្នកចាំទី​ល្អ​(​ស្រោមដៃ​មាស​) និង​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​(​ស្បែកជើង​មាស​)​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ មិន​មានការ​កាត់ចោល​នោះទេ​។ លើសពីនេះ CNCC នឹង​បន្ថែម​ពានរង្វាន់​គ្រូបង្វឹក កីឡាករ​មាន​ប្រជាប្រិយ​ អ្នកសារព័ត៌មានដែលល្អជាងគេ និងពានរង្វាន់​អ្នក​គាំទ្រ​លើ​វិស័យ​បាល់ទាត់​ជាងគេ​ថែមទៀត​ផង​។​



​លេខា​ប្រតិបត្តិ CNCC រូបនេះ​បាន​បន្ថែមថា ពានរង្វាន់​ទាំងនេះ​នឹង​ប្រគល់ និង​ទទួល​ក្នុង​កម្មវិធី Award night របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុ​ជានា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨​។ ការប្រគល់ និង​ទទួល​នេះ​នឹងធ្វើ​រួមគ្នា​ជាមួយ​ពានរង្វាន់​លក្ខណ​ឯកជន​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៧​។​

​សម្រាប់​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ដែល​បានបញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃ​ពុធ ទី​២៧ ធ្នូ ឆ្នាំ​២០១៧ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ម្ចាស់​ជើងឯក​ក្រោយ​យកឈ្នះ​ណ​ហ្គា​វើ​ល ៣-០ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រុម​អគ្គិសនី​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​ទាត់​ប៉េ​ណា​ល់​ទី​យកឈ្នះ​ក្រុម​បឹងកេត​ក្នុង​លទ្ធផល ៥-៤​។



​ក្រៅពី​ពាន និង​មេដាយមាស ក្រុម​ម្ចាស់​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៨០​លាន​រៀល រីឯ​ក្រុម​ជើងឯក​រង​ណាហ្គា​វើ​ល​ទទួលបាន​៤០​លាន​រៀល និង​ក្រុម​លេខ​អគ្គិសនី​កម្ពុជា​បាន​២០​លាន​រៀល​។ ជាមួយគ្នានេះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ដល់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​។



​នា​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ ក្រុម​ក្រសួងការពារជាតិ​គ្រង​ដំណែង​ជើងឯក​ក្រោយ​យកឈ្នះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ដោយ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ៦-៥ ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​ក្រុម​ស៊ីម៉ាក់ ១-០​។ កាលណោះ​ក្រុម​ភ្នំពេញ​ក្រោ​ន​ទទួលបាន​ពានរង្វាន់ Fair play អ្នកចាំទី​របស់​ក្រសួងការពារជាតិ​កីឡាករ អ៊ុំ សេរី​រ័ត្ន ឈ្នះ​ពាន​ស្រោមដៃ​មាស និង​កីឡាករ សួង វីរៈ របស់​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ឈ្នះ​ពាន​ស្បែកជើង​មាស​ក្រោយ​រកបាន​២៥​គ្រាប់​៕ 


















Tag:
 Hun Sen Cup 2017
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com