ជាតិ
កញ្ញា មិន ចិន្តា ខំរៀន​ព្រោះ​ចង់​ក្លាយជា​គំរូ និង​ក្ដីសង្ឃឹម​សម្រាប់​ជនពិការ​
30, Dec 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​កញ្ញា មិន ចិន្ដា ជា​យុវតី​មួយរូប​ដែលមាន​បញ្ហា​ខ្សោយ​គំហើញ ប៉ុន្តែ​នាង​បាន​តស៊ូ​រៀនសូត្រ​រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ចិត្ត​វិទ្យា ក្នុង​ឆ្នាំ​២០១៦ ។ បច្ចុប្បន្ន​នាង​កំពុង​បម្រើ​ការងារ​នៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​កំពុង​រៀន​បំប៉ន​ភាសា​អង់គ្លេស ដើម្បី​ប្រឡង​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។ កញ្ញា មិន ចិន្តា អះអាងថា នាង​ខំ​ប្រឹងរៀន​ព្រោះ​ចង់​ឲ្យ​ខ្លួន​ក្លាយជា​គំរូ និង​ជា​ក្តីសង្ឃឹម​សម្រាប់​ជនពិការ​ដទៃទៀត​។



​កញ្ញា មិន ចិន្ដា ជា​យុវតី​មួយរូប​ដែលមាន​បញ្ហា​ខ្សោយ​គំហើញ​(​មើលឃើញ​ព្រាលៗ​)​ដែល​បាន​តស៊ូ​រៀនសូត្រ រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ចិត្ត​វិទ្យា ក្នុង​ឆ្នាំ​២០១៦ ។ មាន​វ័យ​២៧​ឆ្នាំ កញ្ញា ចិន្តា បាន​រំពឹង​ឡើងវិញ​ថា នៅក្នុង​អំឡុងពេល​សិក្សា ចាប់តាំងពី​ឆ្នាំ​ទី​១​មក នាង​បាន​ព្យាយាម​បញ្ជ្រាប​ខ្លួនឯង​ទៅក្នុង​សង្គម តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​នៅតាម​អង្គការក្រៅរដ្ឋាភិបាល ដូចជា​នៅ​អង្គការ VSO និង​អង្គការ​CDMD ក្នុងនាម​អ្នកស្វែងរក​មតិ​គាំទ្រ ដើម្បីឱ្យ​អាជ្ញាធរ​ដាក់បញ្ចូល​ផ្នែក​ពិការភាព​ទៅក្នុង​ផែនការអភិវឌ្ឍន៍​ភូមិ​ឃុំ​។ នាង​ក៏​ធ្លាប់​ស្ម័គ្រចិត្ត នៅក្នុង​អង្គការ HI ជា​ជំនួយការ​ផ្នែក​បច្ចេកទេស​ផងដែរ​។

​តាម​យុវតី​ដដែល ការងារ​ភាគច្រើន​ដែល​ខ្លួន​បានធ្វើ គឺ​ការបកប្រែ​ភាសាបរទេស ទាក់ទង​នឹង​ការស្រាវជ្រាវ​ផ្នែក​ចិត្តសាស្ត្រ ទៅលើ​ការគាំទ្រ​ផ្នែក​ចិត្តសាស្ត្រ និង​ការលើកទឹកចិត្ត​។ ការស្ម័គ្រចិត្ត​ដូច្នេះ ត្រូវបាន​កញ្ញា មិន ចិន្តា ពន្យល់ថា នាង​ចង់បង្ហាញ​ឲ្យ​សង្គម​បានឃើញ ទោះបី​ខ្លួន​មាន​បញ្ហា​ភ្នែក​ក៏ដោយ ប៉ុន្តែ​នាង​មាន​សមត្ថភាព​ដូច​មនុស្ស​ធម្មតា​ដែរ​។ កញ្ញា មិន ចិន្តា បញ្ជាក់​ដូច្នេះ​៖«​ចាប់ផ្ដើម​ឈាន​ជើង​ចូល​សាកលវិទ្យាល័យ ខ្ញុំ​ព្យាយាម​បញ្ជ្រាប​ខ្លួន​ចូលទៅក្នុង​សង្គម ដើម្បី​ឱ្យគេ​បានដឹង​បាន​ឮថា ស្ត្រីជន​ពិការ​ក៏​អាច​រៀន​បាន​ច្រើន និង​មាន​សមត្ថភាព​ធ្វើការ ដូច​គេឯង​ដែរ​»​។



​បច្ចុប្បន្ន ចិន្ដា ដែលជា​កូនច្បង ក្នុងចំណោម​បងប្អូន​៤​នាក់​រូបនេះ កំពុងធ្វើការ​នៅ​ក្រសួង​សង្គមកិច្ច​ផ្នែក​អគ្គលេខាធិការដ្ឋាន​ស​កម្ម​ភាព​ជនពិការ និង​បកប្រែ​ឯកសារ​មួយចំនួន​ពី​ភាសា​ខ្មែរ ទៅ​ភាសា​អង់គ្លេស ដើម្បី​ផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួង​សង្គមកិច្ច និង​ជួយ​បកប្រែ​សម្រាប់​ជនបរទេស​ដែល​មិនចេះ​ភាសា​ខ្មែរ​។ ចិន្តា ក៏​ទទួលបាន​អាហារ​រូបករណ៍​សិក្សា​ភាសា​អង់គ្លេស នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​ដើម្បី​ការអប់រំ​(ACE)​ផង ដែល​ភាសា​អង់គ្លេស​នេះ សំខាន់​ខ្លាំង ដើម្បី​ឲ្យ​ចិន្តា​តោង​ចាប់យក​អាហារ​រូបករណ៍​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​អូស្ត្រាលី ផ្នែក​ពិការភាព​។ ទោះ​មិន​ហ៊ាន​សង្ឃឹម​នឹង​អាច​ប្រឡង​ជាប់ តែ​យ៉ាងណា ចិន្តា នៅ​បោះបង់ នឹង​ប្តេជ្ញា​ប្រឹងរៀន​ភាសា​ឲ្យ​ពូកែ​។ ចិន្តា បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​អត់​ហ៊ាន​សង្ឃឹម​ច្រើន​ថា​នឹង​បាន​ជាប់​ទៅ​រៀន​នៅ​អូស្ត្រាលី​ទេ ព្រោះ​ភាសា​អង់គ្លេស​របស់ខ្ញុំ​ពេលនេះ នៅមានកម្រិត​។ តែ​ទោះយ៉ាងណា ក៏​ខ្ញុំ​ខំប្រឹង​ដែរ ព្រោះ​វា​ជា​បំណងប្រាថ្នា​របស់ខ្ញុំ​»​។​

​ក្រៅពី​ចង់ទៅ​សិក្សា​ក្រៅប្រទេស ហើយ​យកចំណេះ​មក​បម្រើ​ប្រទេស​កម្ពុជា​វិញ ចិន្តា​ចង់​ឲ្យ​ខ្លួនឯង ក្លាយ​ទៅ​គំរូ និង​ជា​ក្ដីសង្ឃឹម​សម្រាប់​ជនពិការ​ដទៃទៀត តាមរយៈ​ការ​ខំប្រឹង​រៀនសូត្រ រហូត​បាន​ជោគជ័យ​ក្នុង​កិច្ចការងារ​អ្វីមួយ​របស់​នាង​។ សម្រាប់​យុវតី​ដែលមាន​បញ្ហា​គំហើញ​រូបនេះ ថា​ខ្លួន​សោកស្តាយ​ពន់ពេក នៅពេល​បានដឹងថា​ជនពិការ​ដ​ទៃទៀត បាន​បោះបង់ចោល​ការសិក្សា ដោយហេតុ​ផង​ផ្សេងៗ ហើយ​ការមិន​ស្រវា​រក​ចំណេះវិជ្ជា​ជាប់​ខ្លួន​នេះ នឹងធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ឱកាស នាពេល​អនាគត​។ នេះ​ជាកា​បន្ថែម​របស់ កញ្ញា មិន ចិន្តា ដែល​បាន​ធៀប​ខ្លួន ដែល​រៀន​បាន​បរិញ្ញាបត្រ​ទៅហើយ នៅតែ​រង​ការរើសអើង​ដោល​ប្រយោល​។ ចិន្តា បាន​បន្ត​ដោយ​ចោទសួរ​ដូច្នេះ​ថា ៖ ចុះ​ទម្រាំ​អ្នក​ពិការ​ដែល​រៀន​បាន​ច្រើន នឹង​ទៅជា​យ៉ាងណា​? ដូច្នេះ​«​ខ្ញុំ​សំណូមពរ​ដល់​អ្នក​ដែល​មិនឱ្យ​តម្លៃ​ដល់​ការសិក្សា  ឱ្យ​ខំប្រឹងប្រែង​រៀន​ឡើងវិញ បើ​ពុំ​នោះទេ​ទៅ​ថ្ងៃ​អនាគត គេ​នឹង​ស្ដាយក្រោយ​។ ហើយ​ពេលនោះ អ្វីៗ​ហួសពេល​ទៅហើយ​»៕


Tag:
 មិន ចិន្តា​
 ​ ខ្សោយ​គំហើញ​
 ​ ពិការ​
 ​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com