ជាតិ
តុលាការកាត់ឲ្យលោក សម រង្ស៊ី សងជំងឺចិត្តសម្ដេច ហ៊ុន សែន ១លានដុល្លារ
× ភ្នំពេញ៖ នៅថ្ងៃទី២៩ ធ្នូនេះ តុលាការកាត់ឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ សងជំងឺចិត្តសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ៤ពាន់លានរៀល (១លានដុល្លារ) និងបង់ពិន័យថវិកាចូលរដ្ឋ១០លានរៀល ទាក់ទងនឹងសំណុំរឿងបរិហារកេរ្តិ៍ប្រមុខរដ្ឋាភិបាល លើបណ្ដាញហ្វេសប៊ុក។ សេចក្តីសម្រេចនេះចេញដោយលោក ហេង សុខណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។
លោក សំ សុខគង់ មេធាវីលោក សម រង្ស៊ី មិនពេញចិត្តចំពោះការសម្រេចរបស់តុលាការឡើយ។ ថ្លែងប្រាប់សារព័ត៌មានលោក សំ សុខគង់ យល់ថា ការសម្រេចបែបនេះ មិនផ្ដល់ភាពយុត្តិធម៌ដល់កូនក្តីលោកនោះទេ។ លោក សំ សុខគង់ នឹងពិភាក្សាជាមួយលោក សម រង្ស៊ី ដើម្បីបន្តប្ដឹងទៅឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងនេះ។
លោក គី តិច មេធាវីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។ ពាក្យបណ្ដឹងនេះធ្វើឡើងក្រោយពីលោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកថា សម្ដេច ហ៊ុន សែន បានផ្ដល់ថវិការាប់ម៉ឺនដុល្លារ ឲ្យកញ្ញា ធី សុវណ្ណថា វាយប្រហារលើប្រជាប្រិយភាពគណបក្សសង្គ្រោះជាតិ៕
Tag:
សម រង្ស៊ី
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com