អន្តរជាតិ
លោក មហាធៀ ឌឺអ្នករិះគន់ ដោយហៅខ្លួនឯងថាជា«ជនផ្ដាច់ការ» អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (រូបភាព៖ AFP)
× នៅថ្ងៃទី១៨ ខែមករា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានទទួលស្គាល់ខ្លួនលោកថា ជាមេដឹកនាំផ្ដាច់ការ ព្រោះលោកអង្គុយកៅអីនាយករដ្ឋមន្ត្រីដល់ទៅឆ្នាំ២២ឆ្នាំឯណោះ។ លោក មហាធៀ ទទួលស្គាល់បែបនេះ ក្រោយអ្នកនយោបាយបក្សប្រឆាំង និងបក្សកាន់អំណាចនៅម៉ាឡេស៊ីអះអាងថា លោកជាមនុស្សផ្ដាច់ការ និងមិនសក្តិសមធ្វើជានាយករដ្ឋមន្ត្រីម្ដងទៀតឡើយ។
ការក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនៃក្រុមប្រឆាំងរបស់អតីតបុរសខ្លាំងម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ ទទួលការស្វាគមន៍ផង និងពាក្យរិះគន់ផង។ ទទួលបានការស្វាគមន៍ព្រោះ លោក មហាធៀ បំភ្លេចរឿងចាស់ រួចចាប់ដៃជាមួយអតីតគូប្រជែង អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីប្រជែងជាមួយនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ។ ឯពាក្យរិះគន់កើតឡើង ព្រោះលោក មហាធៀ ធ្លាប់ធ្វើនាយករដ្ឋមន្ត្រីម្ដងរួចហើយ។
សំឡេងរិះគន់បានលេចចេញពីបក្សប្រឆាំង និងសម្ព័ន្ធភាពកាន់អំណាច ដែលចាត់ទុកការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ ជារបបផ្ដាច់ការ និងថា លោក មហាធៀ មិនគួរត្រឡប់ទៅប្រជែងកៅអីនាយករដ្ឋមន្ត្រីនេះម្ដងទៀតឡើយ។ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក មហាធៀ ដែលមានវ័យ៩២ឆ្នាំទៅហើយនោះ បានទទួលស្គាល់ថា លោកពិតជាមេដឹកនាំផ្ដាច់ការពិតមែន។
តាមសំណេរដែលមានន័យឌឺដងនេះ លោក មហាធៀ រៀបរាប់ពីសកម្មភាពនានារបស់លោក ដែលនិយមធ្វើដោយមេដឹកនាំផ្ដាច់ការ។ លោកនិយាយថា និន្នាការផ្ដាច់ការរបស់លោកចាប់ផ្ដើមតាំងពីលោកនៅធ្វើជារដ្ឋមន្ត្រីអប់រំមកម្ល៉េះ។ នៅពេលនោះ លោកបានចេញបញ្ជាឲ្យលុបពាក្យ Mentari (រដ្ឋមន្ត្រី) ពីស្លាកលេខរថយន្ត ព្រោះលោកខ្លាចត្រូវគេធ្វើឃាត ហើយបានហាមឃាត់ការយកឈ្មោះលោក ឬភរិយាលោកដាក់លើសាលារៀន ផ្លូវ ឬបន្ទប់ទឹកសាធារណៈ។
ក្រៅពីនោះ អតីតនាយករដ្ឋមន្ត្រីរូបនេះក៏លើកឡើងថា ពេលឡើងកាន់តំណែងភ្លាម លោកបានបញ្ជាឲ្យដោះលែងអ្នកទោសនយោបាយចំនួន២១នាក់ ដែលត្រូវឃុំខ្លួនក្រោមច្បាប់សន្តិសុខផ្ទៃក្នុងដោយស្នាដៃនាយករដ្ឋមន្ត្រីមុនៗ។ «ការដោះលែងនេះជាទង្វើរបស់មេដឹកនាំផ្ដាច់ការ។ អតីតនាយករដ្ឋមន្ត្រីមុនៗមិនបានដោះលែងនរណាឡើយ មានតែចាប់ថែម ព្រោះជារឿងប្រជាធិបតេយ្យ»។ នេះជាសំណេរលើទំព័រហ្វេសប៊ុកលោក មហាធៀ ។
ចុងក្រោយនោះ លោក មហាធៀ អះអាងថា លោកសំណាងដែលកាន់ឈ្មោះជាមេដឹកនាំផ្ដាច់ការ ហើយអាចលាលែងពីតំណែងមុនស្លាប់ ខណៈដែលមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងព័រទុយហ្កាល់ សុទ្ធតែស្លាប់មុនលាលែង។ ការចុះចេញពីតំណែងមុនពេលស្លាប់នេះ ត្រូវបានលោក មហាធៀ ចាត់ទុកជាទង្វើមេដឹកនាំផ្ដាច់ការពិតប្រាកដ ដូចដែលអ្នករិះគន់លោកធ្លាប់និយាយនាពេលកន្លងមក៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com