កីឡាជាតិ
ជាតិ
ចៅក្រម​កីឡាវាយកូនឃ្លីលើតុ​កម្រិត​មូលដ្ឋាន​៨​រូប​បានការ​ទទួលស្គាល់​ពីស​ហ​ព័ន្ធ​អន្តរជាតិ​
22, Jan 2018 , 9:19 pm        
រូបភាព
គ្រូឧទ្ទេសកញ្ញា Rachel Ramos (អាវខ្មៅ)ជាមួយអាជ្ញាកណ្តាលចៅក្រមដែលប្រឡងជាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាវាយកូនឃ្លីលើតុ
គ្រូឧទ្ទេសកញ្ញា Rachel Ramos (អាវខ្មៅ)ជាមួយអាជ្ញាកណ្តាលចៅក្រមដែលប្រឡងជាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាវាយកូនឃ្លីលើតុ
ដោយ:
​អាជ្ញាកណ្តាល​ចៅក្រម​កីឡាវាយកូនឃ្លីលើតុ​ចំនួន​៨​រូប​ក្នុងចំណោម​២៥​រូប​បានការ​ទទួលស្គាល់​ពីស​ហ​ព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​វគ្គ​អាជ្ញាកណ្តាល​ចៅក្រម​កម្រិត​មូលដ្ឋាន​រយៈពេល​៣​ថ្ងៃ​នៅ​ទីស្នាក់ការ NOCC​។ អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ បានចាត់ទុក​សមិទ្ធផល​នេះ​ជា​ជោគជ័យ​មួយកម្រិត​ដែល​មិន​នឹកស្មាន​ដល់​។​



​ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​វគ្គ​អាជ្ញាកណ្តាល​ចៅក្រម​កម្រិត​មូលដ្ឋាន​កីឡាវាយកូនឃ្លីលើតុ​មានតែ​អាជ្ញាកណ្តាល​ចៅក្រម​៨​រូប​ប៉ុណ្ណោះ ដែល​ប្រឡង​ជាប់​និង​បានការ​ទទួលស្គាល់​ពីស​ហ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ​។ វគ្គ​បណ្តុះបណ្តាល​ដែល​រៀបចំ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២១ មករា មាន​សិក្ខ​កាម​ចំនួន​២៥​រូប​ចូលរួម​។ សិក្ខាកាម​ទាំងនេះ​ទទួលបាន​បណ្តុះបណ្តាល​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ក្រោម​បទ​បង្ហាញ​របស់​គ្រូឧទ្ទេស​ជនជាតិ​ហ្វីលីពីន​កញ្ញា Rachel Ramos មកពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ ដែលមាន​សញ្ញាបត្រ​កម្រិត​ខ្ពស់បំផុត Blue Badge​។​



​អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​លោក ប៊ុ​យ សោ​ភ័​ណ្ឌ បានចាត់ទុក​ការប្រឡង​ជាប់​សញ្ញាបត្រ​កម្រិត​មូលដ្ឋាន​របស់​ចៅក្រម​ទាំង​៨​ជា​ជោគជ័យ​មួយកម្រិត​របស់​សហព័ន្ធ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ «​សមិទ្ធផល​នេះ​ជា​ជោគជ័យ​ដ៏​មិន​នឹកស្មាន​មួយ ព្រោះ​សិក្ខាកាម​ទាំងអស់​សុទ្ធសឹង​មិន​ធ្លាប់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ពីមុន ដោយ​ពួកគាត់​ភាគច្រើន​អនុវត្ត​ជាក់ស្តែង​តែ​មិនដឹង​ពី​ច្បាប់ និង​បទបញ្ជា​ការប្រកួត​»​។ នេះ​ជាការ​វាយតម្លៃ​របស់លោក ប៊ុ​យ សោ​ភ័​ណ្ឌ​។​



​ជាមួយគ្នានេះ គ្រូឧទ្ទេស​ហ្វីលីពីន​កញ្ញា Rachel Ramos បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់​សិក្សា​របស់​សិក្ខាកាម​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​។ ហើយ​កញ្ញា​រំពឹងថា សិក្ខាកាម​ទាំងនេះ​នឹង​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​វគ្គ​នេះ​ទៅ​អនុវត្ត​ប្រកបដោយ​គុណភាព​ខ្ពស់ និង​មាន​តម្លាភាព​។ លើសពីនេះ​នាង​សង្ឃឹមថា សិក្ខាកាម​ទាំងអស់​យក​បទពិសោធ​នេះ​ទៅ​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម ដើម្បី​ឈានទៅ​ប្រឡង​សញ្ញាបត្រ​កម្រិត​អន្តរជាតិ​។



​ក្រោយ​ទទួលបាន​ជោគជ័យ​សម្រាប់​ការបណ្តុះបណ្តាល​នៅលើ​ក​នេះ សហព័ន្ធ​គ្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​មួយ​វគ្គ​ទៀត​នា​ខែមីនា ខាងមុខនេះ​។ លើសពីនេះ សហព័ន្ធ​ក៏​គ្រោង​ស្នើ​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​អន្តរជាតិ​រៀបចំ​វគ្គ​បណ្តុះបណ្តាល ដើម្បី​ប្រឡង​ចូល​កម្រិត​អន្តរជាតិ​ផងដែរ​។

​សិក្ខាកាម​ទាំង​៨​រូប​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​កម្រិត​មូលដ្ឋាន​ទាំងនោះ​រួមមាន លោក សឹង តុលា​, ឃុន ផាន់​និ​ត​, តេង សំណាង​, ជា សុជាតិ​, សារៈ ស៊ូ​ព្រីង​, ប៊ុន វិសាល​, ហង្ស រ៉ា​ណា​ស្សា និង​លោក ស្លឹក ឡយ​៕


Tag:
 វាយ​កូនឃ្លី​តុ​
  ប៊ុ​យ សោ​ភ័​ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com