កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​មិន​បន្ត​កិច្ចសន្យា​ជាមួយ កុក បូរី​ស ក្រោយ​រួមរស់​ជាមួយគ្នា​៥​ឆ្នាំ​
23, Jan 2018 , 5:09 pm        
រូបភាព
ដោយ:
​ក្លិប​ភ្នំពេញ​ក្រោ​ន​បានសម្រេច​មិន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ខ្មែរ​-​បារាំង កុក បូរី​ស សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨​។ កុក បូរី​ស បានមក​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន​តាំងពី​ឆ្នាំ​២០១២ ដោយបាន​ជួយ​ឲ្យ​ក្រុម​នេះ​លើក​ពាន​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​២​លើក​។



«​លា​ហើយ​ភ្នំពេញ​ក្រោ​ន​»​។ ជា​សារ​របស់​កីឡាករ​ខ្មែរ​-​បារាំង កុក បូរី​ស សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ដោយ​ភ្ជាប់​ជាមួយ​រូប ថត​អនុស្សាវរីយ៍​លើក​ពាន អ្នកគាំទ្រ និង​អតីត​កីឡាករ​ភ្នំពេញ​ក្រោ​ន​ជាច្រើន​សន្លឹក​។ ក្នុងន័យនេះ កុក បូរី​ស ចង់​បញ្ជាក់ថា រូបគេ​គ្មាន​វត្តមាន​ក្នុង​ក្រុម​ភ្នំពេញ​ក្រោ​ន​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨ ឡើយ​។​

​ទន្ទឹមនឹង​ការសុំ​អធ្យាស្រ័យ​ពី​សំណាក់​អ្នកគាំទ្រ​ក្រុម​ភ្នំពេញ​ក្រោ​ន កុក បូរី​ស បាន​លើកឡើងថា ការចាកចេញ​នេះ​មិនមែនជា​ការសម្រេច​រប​ស់​គេ​នោះទេ គឺជា​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​ក្លិប​ភ្នំពេញ​ក្រោ​ន​។ បូរី​ស បាន​បញ្ជាក់ថា​៖«​អ្នកចាត់ការ​ទូទៅ​ក្លិប​ភ្នំពេញ​ក្រោ​ន​ថ្មី​បាន​និយាយថា ពួកគេ​មិន​ត្រូវការ​ខ្ញុំ​សម្រាប់​រដូវ​កាល​ក្រោយ​នោះទេ ដូច្នេះ​យើង​ត្រូវ​ធ្វើតាម​ការសម្រេច​នេះ​»​។

​ខ្សែការពារ​ខ្មែរ​-​បារាំង​រូបនេះ បាន​យក​ឱកាស​នេះ​រំលឹក​អនុស្សាវរីយ៍​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ អតីត​កីឡាករ និង​កីឡាករ​ភ្នំពេញ​ក្រោ​ន​។ កីឡាករ​ដែល បូរី​ស នឹក​ដល់​ទាំងនោះ​រួមមាន គួច សុគ​ម្ភៈ​, ឃីម បូរី​, ស៊ូ យ៉ា​ទី​, ហុង ផេង​, សុះ ស៊ូ​ហា​ណា​, ឡេង មករា​, គួច ដា​នី​, ធា​រី ចន្ថា​ប៊ី​ន​, អ៊ុក សុ​ទ្ធី​, កែវ សុខ​ផេង​, វ៉ា សុខ​ថន និង​កីឡាករ​បរទេស​ជាច្រើនរូប​ទៀត​។   

​កុក បូរី​ស បាន​ចំណាយពេល​រួមរស់​ជាមួយ​ក្រុម​ភ្នំពេញ​ចាប់ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៧​។ រូបគេ​បាន​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​លើក​ពាន​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ពីរ​រដូវ​កាល​ជាប់​គ្នា គឺ​នៅ​ឆ្នាំ​២០១៤ និង​២០១៥​។ បូរី​ស មិន​ត្រឹមតែ​ជា​ខ្សែការពារ​ឆ្នើម​របស់​ភ្នំពេញ​ក្រោ​ន​នោះទេ ថែមទាំង​ជា​សមាជិក​ដ៏​ល្អ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​អំឡុង​ឆ្នាំ​២០១៥ ទៀតផង​៕

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  កុក បូរី​ស
© រក្សាសិទ្ធិដោយ thmeythmey.com