ជាតិ
ឃុំខ្លួន​ជនបរទេស​១០​នាក់ ពាក់ព័ន្ធ​នឹង​សកម្មភាព​រាំច្រៀង​បែប​អាសអាភាស​
29, Jan 2018 , 2:54 pm        
រូបភាព
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
​ភ្នំពេញ​៖ ជនបរទេស​ចំនួន​១០​នាក់ ត្រូវបាន​អាជ្ញាធរ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ដោយសារតែ​សកម្មភាព​នាំ​ភ្ញៀវទេសចរ​រាំច្រៀង​បែប​អាសអាភាស​។ ជនជាប់ចោទ​ទាំង​១០​នាក់ ត្រូវ​ចោទ​ពីបទ​«​រូបភាព និង​សម្ភារ​អាសអាភាស  តាម​មាត្រា ៣៩ នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ នេះ​បើតាម​លោកស្រី ដួង ថាវ​រី ស្នងការរង​នគរបាល​ខេត្តសៀមរាប ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៩ ខែមករា​នេះ​។​



​តាម​ស្នងការរង​ដដែល ក្នុង​ប្រតិបត្តិការ​នេះ អាជ្ញាធរ​ប្រមូលបាន​ភ្ញៀវទេសចរ​ចំនួន​៧៧​នាក់ ក្នុងនោះ​ស្រី​៣៦​នាក់ និង​ក្រុម​អ្នករៀបចំ​ចំនួន​១០​នាក់ ដែល​ជនសង្ស័យ និង​ដែល​កំពុង​ច្រៀង​រាំ​ជា​របៀប​អាសអាភាស​។ ប៉ុន្តែ​ភ្ញៀវទេសចរ​ទាំង​៧៧​នាក់ ត្រូវបាន​សមត្ថកិច្ច​ដោះលែង​វិញ ក្រោយ​អប់រំ​រួច​។ ស្នងការរង​នគរបាល​ខេត្ត​ដដែល បញ្ជាក់​បន្ត​ដូច្នេះ​៖«​ជនបរទេស​ទាំង ១០​នាក់​ដែលជា​ម្ចាស់​ទីតាំង​រាំច្រៀង ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ដែល​ស្ថិតក្នុង​ដំណាក់កាល​ស៊ើបអង្កេត​របស់​ព្រះរាជអាជ្ញា​»​។

​លោកស្រី ដួង ថាវ​រី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​អាជ្ញាធរ​បាន​ចុះ​ធ្វើ​កិច្ចសន្យា​ម្ដង​រួចមកហើយ​ទាក់ទង​នឹង​ការបិទ​ទីតាំង​រាំច្រៀង​បែប​អាសអាភាស​នេះ ប៉ុន្តែ​សកម្មភាព​សកម្មភាព​នាំ​ភ្ញៀវទេសចរ​រាំច្រៀង​បែប​អាសអាភាស​នេះ នៅតែ​បន្ត ទើប​អាជ្ញាធរ​ចុះបង្ក្រាប​តាមច្បាប់​។​

​ក្នុងចំណោម​ជនបរទេស​ទាំង​១០​នាក់ មាន​ជនជាតិ​អង់គ្លេស​៦ នាក់ ញ៉ូ​សេ​ឡែ​ន​ម្នាក់ កាណាដា​២​នាក់ និង​ម្នាក់ទៀត​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​។ ពួកគេ​ត្រូវ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៥ ខែមករា នៅ​ទីតាំង​មួយកន្លែង ក្នុងភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ខេត្តសៀមរាប​។​

​តាម​មាត្រា​៣៩ នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ជន​ណា​ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ​បង្ហាញ​នៅ​ទីសាធារណៈ​នូវ​រូបភាព និង​សម្ភារ​អាសអាភាស ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៧​ថ្ងៃ ដល់​១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ​២​សែន​រៀល​។ មាត្រា​ដដែល​ចែង​ទៀតថា ជន​ណា​កាន់កាប់ ដឹកជញ្ជូន នាំចូល ឬ​នាំចេញ​រូបភាព ឬ​សម្ភារ​អាសអាភាស ក្នុង​គោលដៅ​យកទៅ​ប្រើប្រាស់ ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ខាងលើ ត្រូវ​ផ្តន្ទាទោស​ដូច​កថាខណ្ឌ​ទី​១​ខាងលើ​ដែរ​។ ចំណែកឯ​ជន​ណា​ផលិត​រូបភាព និង​សម្ភារ​អាសអាភាស ក្នុង​គោលដៅ​យកទៅ​ប្រើប្រាស់ នៅ​ក្នុ​ងាការប្រព្រឹត្ត​បទល្មើស​ណាមួយ ដូច​កថាខណ្ឌ​ទី​១ និង​ទី​២ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ ដល់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​សែន​រៀល ដល់​២​លានរៀល​៕​


Tag:
 ជនបរទេស​
 ​ អាសអាភាស​
© រក្សាសិទ្ធិដោយ thmeythmey.com