ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖«​ខ្ញុំ ត្រូវតែ​ខិតខំ ដើម្បី​ឲ្យ​លោក កឹម សុខា រួច​ផុតពី​ពន្ធនាគារ​»
29, Jan 2018 , 11:19 pm        
រូបភាព
លោក សម  រង្ស៊ី និងលោក កឹម សុខា ស្ថាបនិកគណបក្សសង្គ្រោះជាតិ។ រូបភាពពីទំព័រហ្វេសបុក Sam Rainsy
លោក សម រង្ស៊ី និងលោក កឹម សុខា ស្ថាបនិកគណបក្សសង្គ្រោះជាតិ។ រូបភាពពីទំព័រហ្វេសបុក Sam Rainsy
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សម រង្ស៊ី នៅតែ​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​ជាមួយ​លោក កឹម សុខា ដោយ​អះអាងថា​ពួកលោក​ទាំងពីរ គឺជា​ដៃគូ​ស្លា​ប់រស់ ដោយ​មិនអាច​បែក​គ្នា​បានឡើយ​។ លោក សម រង្ស៊ី ដែល​កំពុង​និរទេស ហាក់​ចង់​ផ្ញើ​សារ​ថា លោក មិនដែល​ភ្លេច​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​នោះទេ​។



​ក្នុង​ពិធី​ប្រកាស​សុពល​ភាពជា​ផ្លូវការ​នៃ​ចលនា​សង្គ្រោះ​ជាតិ នា​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២0១៨ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នៃ​សហរដ្ឋអាមេរិក លោក សម រង្ស៊ី បង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ត្រូវតែ​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​រំដោះ​លោក កឹម សុខា ពី​ពន្ធនាគារ​ឲ្យ​បាន​ឆាប់​ជាទីបំផុត​»​។

​ក្នុង​ពិធី​នេះ លោក សម រង្ស៊ី ដែល​បានទទួល​ការគាំទ្រ​ឲ្យ​ធ្វើជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​រៀបរាប់​ជាច្រើន​ពី​រឿង​អកុសល ដែល​កើត​ឡើងលើ​រូបលោក និង​លោក កឹម សុខា រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​។  យ៉ាងណាក៏ដោយ លោក នៅតែមាន​ជំនឿ​ចិត្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​រស់​ឡើងវិញ ហើយនឹង​អាច​ដណ្តើម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត នា​ឆ្នាំ​២0១៨​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​សូម​ប្តេជ្ញាចិត្ត​របស់ខ្ញុំ​ថា​ឆ្នាំ​២0១៨​នេះ នឹង​ឃើញ​ការផ្លាស់ប្តូរ ដែល​ប្រជារាស្ត្រ​រង់ចាំ​យូរណាស់​មកហើយ​»​។

​ថ្មីៗ​នេះ សាធារណជន​មួយចំនួន បានកើត​ក្តី​សង្ស័យ​តិចតួច​ថា ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ គឺ​លោក សម រង្ស៊ី និង លោក កឹម សុខា ទំនងជា​បែកបាក់​គ្នា​។ ក្តី​សង្ស័យ​នេះ កើតឡើង​ក្រោយពី​លោក កឹម សុខា បាន​ផ្តាំផ្ញើ​តាម​មេធាវី​ពី​ពន្ធនាគារ​មក​ថា លោក​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ឡើយ​។

​ប៉ុន្តែ លោក សម រង្ស៊ី បែរជា​បកស្រាយ​ថា ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ទើប​លោក កឹម សុខា ដែល​កំពុង​ស្ថិតក្នុង​ពន្ធនាគារ​នៅ​កម្ពុជា បង្ហាញ​បំណង​ក្លែងក្លាយ ដោយ​ធ្វើជា​ប្រកាស​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​។ ក្នុងន័យនេះ លោក សម រង្ស៊ី ទំនងជា​ចង់​បញ្ជាក់ថា លោក កឹម សុខា ក៏​គាំទ្រ​ចលនា​ថ្មី​នេះដែរ តែ​មិន​ហ៊ាន​ប្រកាស​ត្រង់ៗ​។ លោក បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​បុក​យ៉ាង​ដូច្នេះ​ថា​៖«​បើ​លោក កឹម សុខា ប្រកាស​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ ច្បាស់​ជា​លោក ហ៊ុន សែន នឹងធ្វើ​បាប​គាត់​រឹតតែ​ខ្លាំង​បន្ថែមទៀត​»​។

​ចំពោះ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា និង​គណបក្សកាន់អំណាច ចលនា​សង្គ្រោះ​ជាតិ គឺជា​ក្រុម​ឧទ្ទាម ដែល​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​ច្បាប់​។ កងកម្លាំងប្រដាប់អាវុធ​នៅ​កម្ពុជា បានបង្ហាញ​ការប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​ចលនា​ថ្មី​របស់​ក្រុម​អ្នកប្រឆាំង​នេះ​៕


Tag:
 សម រង្ស៊ី​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com