ជាតិ
ប៉ូលិស​កម្ពុ​ជាជាង​៥០០​នាក់ នឹង​ទទួលបាន​ការបំពាក់​បំប៉ន​ជំនាញ​ពី​វៀតណាម​
30, Jan 2018 , 9:44 am        
រូបភាព
ដោយ:
​នគរបាលជាតិ​កម្ពុជា​ចំនួន ៥២០​នាក់ នឹង​ទៅ​សិក្សា​លើ​ជំនាញ​ចំនួន​នៅ​ប្រទេស​វៀតណាម​។ ការសិក្សា​នេះ មាន​វគ្គ​រយៈពេល​វែង​កម្រិត​មហាវិទ្យាល័យ និង​កម្រិត​មធ្យម នៅ​ឆ្នាំ​២០១៨​នេះ ដោយ​ស្ថិតនៅក្រោម​ការបណ្ដុះ​ល​បណ្ដាល​របស់​ក្រសួង​នគរបាល​វៀតណាម​។



​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ បានផ្ដល់​បទ​សម្ភាស​ដ​ល់​ក្រុម​សារព័ត៌មាន ក្រោយ​ចប់​ពិធី​ចុះហត្ថលេខា​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០១៨ រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម កាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ថា ក្រៅពី​បណ្ដុះបណ្ដាល​នគរបាលជាតិ​កម្ពុជា វៀតណាម​នឹង​ជួយ​សម្ភារ​បច្ចេកទេស​មួយចំនួន បូករួម​ទាំង​ជួយ​ក្នុងការ​សាងសង់​សា​លស​ហ​សិក្សា​មួយ​សម្រាប់​សាលា​នគរបាល​កម្ពុជា​ផងដែរ​។​

​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​រូបនេះ បានលើកឡើង​ទៀតថា រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម លោក តូ ឡាំ (TO LAM) បាន​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា អនុវត្ត​ការផ្តល់​លិខិតស្នាម​ស្របច្បាប់ ចំពោះ​ជនអន្តោប្រវេសន៍​វៀតណាម​ឲ្យ​បាន​ឆាប់​។

​នៅក្នុង​ពិធី​ចុះហត្ថលេខា​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០១៨ រវាង​កម្ពុជា​-​វៀតណាម ភាគី​ទាំង​ពីរបាន​ពិភាក្សា​ផ្តោតទៅលើ​ចំណុច​សំខាន់ៗ ចំនួន​៣​គឺ ទី​១ ការត្រួតពិនិត្យ វាយតម្លៃ អំពី​សភាពការណ៍​សន្តិ​សុខ  និង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​រវាង​ប្រទេស​ទាំងពីរ​, ទី​២-​ការវាយតម្លៃ​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កងកម្លាំង​នគរបាល​ទាំងពីរ​រយៈពេល​១​ឆ្នាំកន្លងមក​, និង​ទី​៣ ការវាយតម្លៃ​អំពី​ការអនុវត្ត​ផែនការ​ឆ្នាំ​២០១៧ ទាក់ទង​ទៅនឹង​ការបំពាក់​បំប៉ន បណ្តុះបណ្តាល​មន្ត្រី ពាក់ព័ន្ធ និង​ការផ្លាស់ប្តូរ​ប្រតិភូ ការព្យាបាល​ជំងឺ និង​ពាក់ព័ន្ធ​ដល់​ការ​ផ្តល់ជំនួយ​បច្ចេកទេស ព្រមទាំង​ពិភាក្សាគ្នា​ដើម្បី​កំណត់​ទិសដៅ​សំខាន់ៗ​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៨​នេះ​។

​សូម​រម្លឹកថា ក្នុង​ឆ្នាំ​២០១៧ កម្ពុជា បាន​បញ្ជូន​មន្ត្រីនគរបាល​៤៩២​នាក់ ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​៕


Tag:
 កម្ពុជា​-​វៀតណាម​
 ​ នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com