ជាតិ
គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យយានយន្តរបស់ JICA ផ្តល់ផលវិជ្ជមាន
× ភ្នំពេញ៖ ចំនួនយានយន្ត និងម៉ូតូនៅកម្ពុជា កំពុងកើនឡើងយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីរថយន្ត និងត្រួតពិនិត្យបច្ចេកទេសយានយន្តនៅកម្ពុជា នៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយ ដែលជាហេតុបង្កឲ្យមានបញ្ហាទាក់ទៅនឹងសុវត្ថិភាពចរាចរណ៍ និងបរិស្ថាន។
ផ្អែកទៅលើស្ថានភាពនាពេលបច្ចុប្បន្ននៅកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានដាក់ឲ្យអនុវត្ត «គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត» ដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងប្រព័ន្ធស្វ័យប្រវត្តិកម្មនៅកម្ពុជា ដែលមានរយៈពេល៣ឆ្នាំ ដោយបានចាប់ផ្ដើមតាំងពីខែកក្កដា ឆ្នាំ២០១៦មក។
គម្រោងនេះ រួមចំណែកក្នុងការសម្រាលបន្ទុកដល់ប្រជាជនកម្ពុជា ចំពោះការដាក់ពាក្យស្នើសុំចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីធានាបាននូវតម្លៃរថយន្ត និងរក្សាសុវត្ថិភាពចរាចរណ៍ ដើម្បីផ្ដល់នូវនីតិវិធីគ្រប់គ្រងយានយន្តឲ្យបានច្បាស់លាស់ផងដែរ ដើម្បីប្រមូលនូវព័ត៌មានយានយន្ត និងចែករំលែកព័ត៌មាន ជាមួយក្រសួងពាក់ព័ន្ធ និងដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាព នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានលើសកម្មភាពនៃអង្គការ JICA នាព្រឹកថ្ងៃទី៣០ ខែមករានេះ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក តូច ចាន់កុសល បានថ្លែងថា ការគិតគូពីសុវត្ថិភាព និងចរាចរណ៍ពិតជាមានសារសំខាន់ណាស់ នៅក្នុងវិស័យដឹកជញ្ជូន ដែលមានការកើនឡើងយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។ លោក បន្តថា កំណើតយានយន្ត និងការដឹកជញ្ជូនតាមយានយន្ត បានបង្កឲ្យមានភាពកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍យ៉ាងច្រើន ដូច្នេះការសម្របសម្រួលរវាងសុវត្ថិភាព និងប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការពិចារណាលើបរិស្ថាន គឺជាការងារចាំបាច់បំផុត។
លោក តូច ចាន់កុសល លើកឡើងទៀតថា ការប្រើប្រាស់ព័ត៌មានវិទ្យាចុះបញ្ជីយានយន្ត មានសារសំខាន់ណាស់ ស្របពេលដែលមានការកើនឡើងនៃចំនួនយានយន្ត។ នៅកម្ពុជា ទោះបីជាប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈយានយន្ត ត្រូវបានបង្កើតឡើងក៏ពិតមែនតែ ប៉ុន្តែការគ្រប់គ្រង នៅជួបការលំបាកនៅឡើយ ដែលត្រូវតែទាមទារឲ្យមានការដោះស្រាយ។ នេះបើតាមរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដដែល ដោយលោក បានបន្ថែមថា ផ្អែកលើបញ្ហាទាំងនេះ រដ្ឋាភិបាលកម្ពុជា ស្នើរដ្ឋាភិបាលជប៉ុនជួយគាំទ្រផ្នែកបច្ចេទេស នៃការគ្រប់គ្រងប្រព័ន្ធនេះ។
ពាក់កណ្ដាលឆ្នាំ២០១៦ ក្រសួងសាធារណការនិងដឹកជញ្ជូន បានទទួលជំនួយបច្ចេកទេស ក្រោមគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេទេសយានយន្តពីអង្គការ JICA។
ជាមួយគ្នានេះដែរ ក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើសុំជំនួយឥតសំណង ពីអង្គការ JICA ដើម្បីបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យថ្មី ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងយានយន្ត តាមព័ត៌មានវិទ្យា ហើយនិងការកសាងធនធានមនុស្សផ្នែកព័ត៌មានវិទ្យានាពេលអនាគត៕
Tag:
យានយន្ត
ចុះបញ្ជី
តូច ចាន់កុសល
© រក្សាសិទ្ធិដោយ thmeythmey.com