ជាតិ
កម្ពុជា នឹងជួយរកធាតុទាហានអាមេរិកវិញភា្លម បើអាមេរិកឈប់រឹតត្បិតទិដ្ឋាការ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា (កណ្តាល) ស្ថិតក្នុងជំនួបជាមួយគណៈប្រតិភូអាមេរិក កាលពីថ្ងៃទី២0 ខែកុម្ភៈ ឆ្នាំ២0១៨។ រូបភាពពីក្រសួងការបរទេសកម្ពុជា
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមកិច្ចសហការសាជាថ្មី ក្នុងការស្វែងអដ្ឋិធាតុទាហានអាមេរិក នៅពេលណាអាមេរិក សម្រេចដកការរឹតត្បិតទិដ្ឋាការ។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រាប់គណៈប្រតិភូអាមេរិក ដែលដឹកនាំដោយលោក Rodney Frelinghuysen យ៉ាងដូច្នេះ ក្នុងជំនួបនៅថ្ងៃទី២0 ខែកុម្ភៈ ឆ្នាំ២0១៨។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្តីពីជំនួបខាងលើ លោក ប្រាក់ សុខុន បានលើកឡើងនៅចំពោះមុខគណៈប្រតិភូអាមេរិកថា វា ជារឿងមិនសមស្រប ដែលរដ្ឋាភិបាលកម្ពុជា បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញលើការស្វែងរកអដ្ឋិធាតុទាហានអាមេរិក តែបែរជារដ្ឋាភិបាលរដ្ឋមេរិក ដាក់សម្ពាធមកលើមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា តាមរយៈការរឹតបន្តឹងទិដ្ឋាការទៅវិញ។
សម្តីរបស់ប្រមុខការទូតកម្ពុជា ត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មាន យ៉ាងដូច្នេះថា៖«ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្អាកជាបណ្តោះអាសន្ននូវកិច្ចសហប្រតិបត្តិការខាងលើ គឺដើម្បីឆ្លើយតបនឹងការសម្រេច ដែលមិនមានហេតុផលត្រឹមត្រូវ ក្នុងការរឹតត្បិតទិដ្ឋាការមកលើមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា»។
ជាការឆ្លើយតប លោក Rodney Frelinghuysen ប្រធានគណៈកម្មាធិការគ្រប់គ្រងនិងបែងចែកថវិកានៃរដ្ឋសភាអាមេរិក ដែលបានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជា បានសម្តែងការដឹកគុណចំពោះរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការនៃស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា។ លោក Rodney Frelinghuysen បានបញ្ជាក់ពីបំណងអាមេរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការនេះឡើងវិញ។ លើសពីនេះ លោក បានលើកឡើងថា អាមេរិក ក៏ចង់បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យផ្សេងៗទៀតដែរ ដូចជាយោធា និងសកម្មភាពសម្អាតមីនជាដើម។
លោក ប្រាក់ សុខុន បានអរគុណអាមេរិក ដែលបានបន្តផ្តល់ជំនួយលើការបោសសម្អាតមីននៅកម្ពុជា។
ចំណែកឯ ការបញ្ជូនពលរដ្ឋកម្ពុជា ពីអាមេរិក មកកម្ពុជាវិញ ក៏ត្រូវបានលើកទៅពិភាក្សាក្នុងជំនួបនោះដែរ។ លោក ប្រាក់ សុខុន ប្រាប់គណៈប្រតិភូអាមេរិកថា រដ្ឋាភិបាលកម្ពុជា មានសុឆន្ទៈក្នុងការទទួលយកពលរដ្ឋកម្ពុជា ដែលអាមេរិកសម្រេចបញ្ជូនមកកម្ពុជាវិញ។
ទាំងប្រមុខការទូកម្ពុជានិងគណៈប្រតិភូអាមេរិក សុទ្ធតែបង្ហាញបំណងដូចគ្នាថា ប្រទេសទាំងពីរចង់រក្សាទំនាក់ទំងល្អជាមួយគ្នា។
គួររម្លឹកថា ក្រោយការចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ និងការរំលាយគណបក្សប្រឆាំងដ៏ធំនេះ សហរដ្ឋអាមេរិក ក៏បានរឹតបន្តឹងក្នុងការផ្តល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់មួយចំនួននៃរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះ សហរដ្ឋមេរិក ក៏បានផ្តាច់ជំនួយលើការបោះឆ្នោតមកកម្ពុជាដែរ។ សហភាពអឺរ៉ុប បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធនិងទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា។ ប្រទេសធំៗទាំងពីរនេះ នឹងមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាឡើយ បើគណបក្សសង្គ្រោះជាតិ មិនបានចូលរួមប្រកួតប្រជែង ហើយលោក កឹម សុខា មិនត្រូវបានដោះលែង។
ក្រៅពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ការថ្កោលទោសពីបណ្តាអង្គការនិងសហគមន៍អន្តរជាតិផ្សេងៗទៀត បានធ្លាក់មករដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិទាំងនោះ មិនទាន់ដាក់ទណ្ឌកម្មជាក់ស្តែងមកលើរដ្ឋាភិបាលកម្ពុជា ដូចសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com