ជាតិ
យុវជន​វ័យក្មេង​ក្នុង​តំបន់​អាស៊ាន ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​មុខវិជ្ជា STEM នៅ​កម្ពុជា​
28, Feb 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញៈ យុវជន​វ័យក្មេង​ក្នុង​តំបន់​អាស៊ាន ចំនួន​៥០​នាក់ នឹងចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ការសិក្សា​មុខវិជ្ជា STEM នៃ​គំរោង​មេដឹកនាំ​យុវជន​វ័យក្មេង​នៅ​អាស៊ីអាគ្នេយ៍ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​។​



​មុខវិជ្ជា STEM គឺ​ផ្ដោតលើ​ការសិក្សា ជំនាញ​វិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម និង​គណិតវិទ្យា (STEM)​នៃ​គំរោង​ផ្តួចផ្តើម​ស្តីពី «​មេដឹកនាំ​យុវជន​វ័យក្មេង​នៅ​អាស៊ីអាគ្នេយ៍ (YSEALI)​។ គម្រោង​នេះ​ស្ថិតក្រោម​កិច្ចសហការ​គ្នា​រវាង​ស្ថានទូត​អាមេរិក និង​មូលនិធិ​អាស៊ី រួមទាំង​គំរោង STEM Cambodia ។​

​សេចក្ដីប្រកាស​ព័ត៌មាន​ស្ថានទូត​អាមេរិក ថ្ងៃទី​២៧ ខែកុម្ភៈ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សិក្ខាសាលា​នេះ នឹង​ផ្តោតទៅលើ​សារសំខាន់​នៃ​ការសិក្សា​មុខវិជ្ជា STEM និង​ភាពខ្វះ​ចន្លោះ​ក្នុង​ជំនាញ​មុខវិជ្ជា STEM​។ ហើយ​នារី​ដែល​សិក្សា​មុខវិជ្ជា STEM និង​ទទួល​គំនិត​ថ្មីៗ​ទាក់ទង​នឹង​មុខវិជ្ជា STEM »​។

​គំរោង YSEALI ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៣ គឺជា​កម្មវិធី​សំខាន់​មួយ​នៃ​ក្រសួងការបរទេស​អាមេរិក សម្រាប់​ពង្រឹង​ការអភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ និង​ការ​ចងក្រង​គ្នា​ជា​បណ្តាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ គំរោង YSEALI មានបំណង​កសាង​សមត្ថភាព​ក្នុង​ភាពជា​អ្នកដឹកនាំ​របស់​យុវជន​នៅក្នុង​តំបន់ ដោយ​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក និង​តំបន់​អាស៊ីអាគ្នេយ៍ ។​នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ៕


Tag:
 យុវជន​អាស៊ាន​
  STEM
© រក្សាសិទ្ធិដោយ thmeythmey.com